ដោយបូកគោ/កែបៈមន្ត្រីក្នុងដែនជំនាញបានបញ្ជាក់អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះបរិស្ថានជាសកលប្រសិន បើការគ្រប់គ្រងសំរាម និងកាកសំណល់ផ្សេងមិនមានភាពហ្មត់ចត់ទេនោះ។កាលពីព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០ក្រុមហ៊ុនជីបម៉ុងសហការជាមួយរដ្ឋបាលក្រុងកែបដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថានយុវជនស្ម័គ្រចិត្តកាកបាទក្រហមក៏ដូចជាយុវជនកាយរិទ្ធខេត្តកែបបានធ្វើពិធីសម្អាតអនាម័យនៅឆ្នេរខ្សាច់ និងទីសាធារណៈនានាក្នុងក្រុងកែប។
ថ្លែងបញ្ជាក់អំពីទំនាក់ទំនងនិងការផ្តល់ផលអាក្រក់រវាងសំរាមព្រមទាំងកាកសំណល់នានាចំពោះបរិស្ថានទូទៅលោកអ៊ិតសៅអនុប្រធានមន្ទីរបរិស្ថានខេត្តកែបបានរៀបរាប់ថាប្រសិនបើគ្រប់គ្នាមិនបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនិងចាត់ចែងសំរាមឬកាកសំណល់ទាំឡាយឱ្យបានល្អទេនោះផលអាក្រក់នឹងកើតឡើងយ៉ាងធ្ងន់ធ្ងរចំពោះបរិស្ថានជាសកល។
ជាមួយនេះសំរាមក៏មានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានាផងដែរ។ ម្ល៉ោះហើយបើពុំមានការសម្អាតឬទប់ស្កាត់រាល់រូបភាពបែបអវិជ្ជមានទេទាំងតាមលំនៅស្ថានក៏ដូចជាទីសាធារណៈនានាពិតជាទទួលរងនូវឥទ្ធិលអាក្រក់ដែលញាំញីដោយសំរាមឬកាកសំណល់ផ្សេងៗជាក់ជាមិនខាន។
លោកអនុប្រធានមន្ទីរបានបន្តថាផ្តើមចេញពីកត្តានេះហើយទើបកន្លងមករដ្ឋបាលខេត្តកែបតែងតែមានវិធានការជាបន្តបន្ទាប់ជុំវិញការសម្អាតអនាម័យជាប្រចាំ។ម្យ៉ាងទៀតសកម្មភាពនៃការដើរថែទាំសម្អាតអនាម័យជាសារសំខាន់បំណងស្រូបទាញអារម្មណ៍ប្រជាពលរដ្ឋនិងអាជីវករគ្រប់មជ្ឈដ្ឋានឱ្យចូលរួមដើម្បីភាពស្រស់បំព្រងសម្រាប់ជីវិតទាំងអស់គ្នា។
លោកអ៊ិតសៅបានបញ្ជាក់ថាជាភ័ព្ធសំណាងសម្រាប់ខេត្តកែបដែលស្ថានភាពពេលនេះនៅមានលក្ខណៈធម្មជាតិច្រើនព្រោះមិនទាន់ទទួលរងនូវការបំពុលផ្សេងៗតាមរយៈផ្សែងចេញពីរោងចក្រ ឬប្រភពដទៃនាំឱ្យប៉ះពាល់បរិស្ថាន។ប៉ុន្តែតទៅឥទ្ធិពលទាំងនេះអាចនឹងកើតឡើងបន្តិចម្តងៗតាមរយៈការចូលរួមអភិវឌ្ឍលើវិស័យនានាពីផ្នែកឯកជនទាំងឡាយ។ដូច្នេះការត្រៀមលក្ខណៈបង្ការទប់ស្កាត់ផលអាក្រក់ដោយសារការបំពុលបរិស្ថានជាករណីចាំបាច់សម្រាប់មុស្សម្នាក់ៗលើភពផែនដីទាំងមូល៕S/