ក្រសួងសុខាភិបាល​ប្រកាសថា​លទ្ធផល COVID-19 របស់​អាជ្ញាធរ​ម៉ាឡេស៊ី លើ​ស្ត្រី​អាម៉េរិក ៨៣ ឆ្នាំ នាំឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​

149
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាលកម្ពុជា នៅ​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ បាន​អះអាងថា ករណី​ស្ត្រី​ជនជាតិ​អាម៉េរិក អាយុ ៨៣ ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រលាក​សួត​ដោយ​វីរុស COVID-19 នៅ​ប្រទេសម៉ាឡេស៊ី គឺមាន​លទ្ធផល​តេស្ត​វីរុស COVID-19 មិន​ប្រក្រតី ( ព្រោះ​ពេលនេះ​ស្ត្រី​រូបនោះ ត្រូវបាន​ធ្វើតេស្ត​ម្តង​ហើយ​ម្តងទៀត ហើយ​រក​មិនឃើញ​វត្តមាន វីរុស​កូ​រ៉ូ​ណា ) មាន​ភាពមិនប្រក្រតី នាំឱ្យមាន​ការភ័យខ្លាច និង ភ័ន្តច្រឡំសម្រាប់​អ្នកដំណើរ​តាម​នាវា Westerdam ទាំងអស់ ហើយ​ក៏បាន​បង្កឱ្យមាន​ការរើសអើង ធ្វើឱ្យ​អ្នកដំណើរ​ដែល​មិនមាន​ផ្ទុក​វីរុស COVID-19 មានការ​ខកខាន​ច្រើន​ថ្ងៃ​ក្នុង​ការបន្ត​ជើ​ហោះហើរ​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ ធ្វើ​មឲ្យានការ​ចំណាយ​កើនឡើង ប៉ះពាល់​ដល់​កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់​មនុស្សជាតិ និង របស់​ប្រទេស ក៏​ជាការ​បង្កឱ្យមាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ ។​


​ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​លើកឡើងថា “ ក្រសួងសុខាភិបាល បានឃើញ​ការផ្សាយ​ព័ត៌មាន​អំពី​ករណី​ធ្វើតេស្ត​អវិជ្ជមាន​វីរុស COVID-19 លើ​ស្ត្រី​ជនជាតិ​អាម៉េរិកាំង​អាយុ ៨៣ ឆ្នាំ ប្រកាស​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី នៅ​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ ។ ករណីនេះ​បង្ហាញ​ច្បាស់​ថា​ស្ត្រី​ជនជាតិ​អាម៉េរិកាំងរូបនោះ មិនមាន​ផ្ទុកវីរុស COVID-19 ឡើយ “ ។​


​គប្បី​រំឭកថា ស្ត្រី​ជនជាតិ​អាម៉េរិកាំង​អាយុ ៨៣ ឆ្នាំ រូបនោះ គឺជា​អ្នកដំណើរ​ម្នាក់​ក្នុង​ដំណើរ​អ្នកដំណើរ និងនាវិក​ជាង ២ ០០០ នាក់ តាម​នាវា Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត ព្រះសីហនុ កាលពី​យប់​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពី​នាវា​នោះ ត្រូវបាន​ប្រទេស និងកោះ​ចំនួន ៦ មិន​អនុញ្ញាត​ឱ្យចូល​ចត ដោយសារ​បារម្ភ​ខ្លាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ។ បន្ទាប់ពី​បាន​ចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុមក ស្ត្រី​រូបនោះ រួមជាមួយ​អ្នកដំណើរ​មួយចំនួន​បាន​ចាក​ចេញទៅ​ប្រទេស​របស់គាត់​វិញ ដោយ​ឆ្លងកាត់​ប្រទេសម៉ាឡេស៊ី ដែល​នៅ​ទីនោះ អាជ្ញាធរម៉ាឡេស៊ី ប្រកាសថា បាន​រកឃើញ វីរុស COVID-19 លើ​រូបគាត់ ។​


​ចាប់តាំងពី​មានការ​ប្រកាស​របស់​អា​ជ្ញា​ធរ ម៉ាឡេស៊ី កាលពី​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បែប​នោះមក ក្រសួងសុខាភិបាល​កម្ពុ​ជា បានដាក់​ចម្ងល់ និង ធ្វើលិខិត​ផ្លូវការ​តាមរយៈ​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ទៅ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ស្នើសុំ​ឱ្យធ្វើ​តេស្ត​ឡើងវិញ​នូវ​លទ្ធផល​វិជ្ជមាន​នោះ ហើយអាជ្ញាធរ​ម៉ាឡេស៊ី ធ្លាប់បាន​ការពារ​លទ្ធ​ផល​របស់ខ្លួន ។​


​ប៉ុន្តែ​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ខាងលើនេះ បាន​ដកស្រង់​ថា “ យោងតាម​ការផ្សាយ​រប​ស់កា​សែត THE STRAIT TIMES ថ្ងៃ​សុក្រ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ បានសរសេរថា​……………​ស្ត្រី​អាយុ ៨៣ ឆ្នាំ​នោះ ……..​ត្រូវបាន​ធ្វើតេស្ត​ជា​បន្តបន្ទាប់​រក COVID-19 ជាមួយនឹង​ការបង្ហាញ​លទ្ធផល​ថា ស្ត្រី​រូបនោះមិនមាន​វីរុស COVID-19 នេះ​ទេ “ ។​


​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បន្ថែម​ថា ក្រសួងសុខាភិបាល សូមបញ្ជាក់​ឡើងវិញ​ថា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ អង្គការ​សុខភាព​ពិភពលោក ( WHO ) មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាម៉េរិក ( US CDC ) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ស្ថានទូត​ពាក់ព័ន្ធ​នានា និង ផ្នែក​ផ្សេងៗ​ទៀត បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ពិនិត្យ​សុខភាព និង ធ្វើតេស្ត​លើ​សំណាក​អ្នកដំណើរ និង អ្នកបម្រើ​ការងារ​លើ​នា​ថា Westerdam ដែល​សេសសល់​សរុប ១.៥៨០ នាក់ នៅ​រាជធានី​ភ្នំពេញ និងខេត្ត ព្រះសីហនុ ហើយ​លទ្ធផល​អវិជ្ជមាន​វីរុស COVID-19 ទាំងអស់ ។ រហូតមកដល់​ពេលនេះ មិនទាន់​រកឃើញ​ប្រជាជន​កម្ពុជា​ម្នា​ក់ណា​មាន​ឆ្លង​មេរោគ COVID-19 នៅឡើយ ។​


​តាមរយៈ​ការចូល Comment ឆ្លើយតប​ក្នុង ហ្វេ​ស​ប៊ុ​ក របស់គាត់ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បានសរសេរថា ប្រសិនបើ​សម្តេច​ជា​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី វិញ​នោះ សម្តេច​នឹង​ដកតំណែង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាលម៉ាឡេស៊ី ពីបទ​ខ្ជីខ្ជា ៕ Kh/Ha

នាវា​ទេសចរណ៍ Westerdam ពេល​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ( រូបៈ រូបៈ​ឯកសារ )
​អ្នកដំណើរ​ក្រាប​សំពះ​អរគុណ​កម្ពុជា​ដែល​បានអនុញ្ញាត​ឱ្យ​ពួកគេ​បាន​ចូល​សំចត ( រូបៈ ឯកសារ )
សម្តេច ហ៊ុន សែន អ​ញ្ញើញ​ទៅ​ទទួល​អ្នកដំណើរ​ដោយផ្ទាល់​ដល់​កំពង់ផែ ( រូបៈ ឯកសារ )