ភ្នំពេញ​៖ បទ​ខ្មែរ មាន​ចំណងជើង “​ឡាន​សា​រ៉ែ​ន​” របស់​ផលិតកម្ម​កាឡាក់ស៊ី​ដែល​កំពុងតែ ល្បី​នោះ បាន​ផ្ទុះ​ការគាំទ្រ​ខ្លាំង រហូត​មាន​តារាចម្រៀង​ថៃ​ម្នាក់ យកមក​ច្រៀង​តាម​ឡើងវិញ ដាក់​លើ Youtube ដែលជា​រឿង​កម្រ​។

កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​តារាចម្រៀង​ថៃ ស្រី​ល្បីឈ្មោះ​នៅលើ Youtube ឈ្មោះ “Ice” បាន​យក​បទ​ចម្រៀង​ខ្មែរ កំពុង​និយម​មួយ​បទ ចំណងជើង​ថា “​ឡាន​សា​រ៉ែ​ន​” របស់​តារាចម្រៀង​ស្រី តន់ ច័ន្ទ​សី​ម៉ា ទៅ​ច្រៀង​ឡើងវិញ (Cover) និង​ថែមទាំង​បាន​បកប្រែ ច្រៀង​ជា​ភាសា​ថៃ ថែម​ទៀតផង​។​

ជាការ​ពិតណាស់ ប្រិយមិត្ត​ភាគច្រើន ដែល​និយម​ស្តាប់​បទ​ចម្រៀង​ទាន់សម័យ​ពីរោះៗ​បែប Acoustic នៅលើ Youtube ប្រាកដជា​ស្គាល់​ហើយ​នូវ​តារាចម្រៀង​ស្រី Ice ដែល​ភាគច្រើន នាង​តែងតែ​ថត​វីដេអូ​ច្រៀង Cover បទ​ចម្រៀង​ល្បី​យ៉ាង​ពីរោះ​ជាច្រើន ដោយ​បង្កើត Version ជា​របស់​ខ្លួនឯង ខុសពី​ម្ចាស់​ដើម និង​ទទួលបាន​ការគាំទ្រ យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ដោយ​វីដេអូ​របស់​នាង​នីមួយៗ មាន​ចូល​មើល រាប់លាន​ដង​ឯណោះ​។​
​ ​
រៀង​ចម្លែក​ខុសគេ នាង​ក៏បាន​ជ្រើស​រើសយក​បទ​ខ្មែរ “​ឡាន​សា​រ៉ែ​ន​” យកមក​បកស្រាយ​ជា ភាសា​ថៃ និង​បាន​បង្កើត​បទ​ថ្មី​ច្រៀង​ជា​ចង្វាក់ យ៉ាង​ពីរោះ និង​បូក​ជាមួយនឹង​មុខមាត់​ស្រស់ ស្អាត កាយវិការ​គួរ​ឲ្យ​ស្រឡាញ់ ធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​កាន់​តែមាន​រសជាតិ​ថែម ទៀតផង​ដែរ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ នេះ​ក៏​ជា​លើក​ទី​១​ហើយ ដែល​ឃើញ​មាន​តារា​ថៃ យកមក​ច្រៀង Cover ជា​ភាសា​របស់ខ្លួន​បែបនេះ ស្រប​ពេលដែល​មួយរយៈ​ប៉ុន្មាន​ឆ្នាំនេះ ឃើញ​មានតែ​ការ​រាំ Cover តាម​បទ​ខ្មែរ​ជា​បន្តបន្ទាប់​។
​ ​
​សូម​រំលឹកថា កញ្ញា តន់ ច័ន្ទ​សី​ម៉ា កំពុង​ត្រូវបាន​ទស្សនិកជន​ជាច្រើន ធ្វើការ​គាំទ្រ​តាមរយៈ បទ​ចម្រៀង​ពីរោះៗ​ជាច្រើន​បទ​របស់​នាង ដែល​បាន​បញ្ចេញ​នៅលើ​ទីផ្សារ​ដែល​សុទ្ធតែជា បទ​ផ្ទុះ​ខ្លាំង ក្នុង​ឆ្នាំ​២០១៩ កន្លងមកនេះ ដោយមាន​ដូចជា បទ “​រឹងមាំ​”, “​មនុស្ស​ដូច​ខ្ញុំ​”, “​ខ្ញុំ​ជឿ​”, “​អ្នក​ខាង​នេះ​នឹក​អ្នក​ខាង​នោះ​”, “​បើ​មិន​ស្មោះ​ស្រឡាញ់​រក​ងាប់​អី​”,“​យល់ច្រឡំ​ថា​គេ​ស្រឡាញ់ យើង​”​និង​បទ​ដែល​កំពុង​ផ្ទុះ​ខ្លាំង​គឺ​បទ “​គេ​នោះ​ជា​ស្រី​កាប់​ដាវ​”​ខណៈ​មាន​អ្នក​ចូល​ទស្សនា​ជា ៨​លាន​ដង ដែលជា​ចំនួន​មួយ​ច្រើន គួរ​ឲ្យ​កត់សម្គាល់​៕ ដោយ​៖ បូ​រិ​ន