ភ្នំពេញ៖ តារាសម្តែងស្រីល្បី កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា និងផលិតករភាពយន្ត លោក ប៉ុល វិបូ ត្រៀមចូលរោងការហើយ នៅពាក់កណ្តាលខែមីនា ខាងមុខ ដោយពួកគេគ្រោងចាយប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារអាម៉េរិក ដើម្បីរៀបចំពិធីមង្គលដ៏ធំសម្បើមមួយ។
ក្រោយពីប្រកាសស្នេហ៍ ដោយបើកចំហ រវាងតារាសម្តែងស្រីស្រស់សោភា កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា និងអតីតផលិតករភាពយន្តពោះម៉ាយ លោក ប៉ុល វិបូ នោះ ពួកគេបានកំណត់ថ្ងៃចូលរោងការជាផ្លូវការហើយ គឺ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ដូចការអះអាងកន្លងមកមែន ពួកគេនឹងចូលរោងការ នៅឆ្នាំ២០២០នេះ ហើយមង្គលការរបស់ពួកគេ ត្រូវតែធំដុំ ពោលគឺភ្ញៀវប្រមាណជាង ១ ពាន់នាក់ ចូលរួមដែលភាគច្រើន ជាសិល្បករ និងអ្នកជំនួញ។ ពិធីនេះក៏នឹងត្រូវធ្វើឡើងនៅសណ្ឋាគារកម្រិតផ្កាយ៥ គឺសណ្ឋាគារសុខា ភ្នំពេញ។
លោក ប៉ុល វិបូ បានលើកឡើងថា ជាមង្គលការថ្នាក់កណ្តាលតែប៉ុណ្ណោះ ហើយការចំណាយក៏មិនទាន់អាចកំណត់បាននោះទេ។ ទោះជាយ៉ាងណា តាមការបង្ហើបរបស់អ្នកធ្លាប់រៀបចំកម្មវិធី នៅសណ្ឋាគារលំដាប់ផ្កាយ ៥ នេះ យ៉ាងហោចណាស់ក៏ត្រូវត្រៀមចាយប្រមាណ ១០ ម៉ឺនដុល្លារដែរ បូករួមទាំងការតុបតែងឆាក សម្អាងការ អាហារ និងស្រាទទួលភ្ញៀវ។ ទោះជាយ៉ាងណា បញ្ហាលុយកាក់ចំណាយលើមង្គលការ មិនមែនជាបញ្ហាសម្រាប់ពួកគេឡើយ ខណៈដែលបច្ចុប្បន្នពួកគេមានធនធាន មុខជំនួញក្នុងដៃរួចជាស្រេច។
ងាកមកការប្រឡូកសិល្បៈវិញ ស្វាមីនាង បានបើកឱកាសឲ្យនាងពេញទំហឹងក្រោយពេលរៀបមង្គលការរួច។ អនាគតស្វាមីតូតា ប្រាប់ថា ក្រោយរៀបការរួច លោកនៅមិនទាន់កំណត់ទីតាំងដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡើយ គឺចង់ឲ្យភរិយា ជាអ្នកកំណត់ហើយសម្រាប់ការទទួលយកតំណក់ឈាមរួមគ្នាដំបូងនោះ លោក និងភរិយា ពិតជាត្រេកអរប្រសិនបើរៀបការរួចភ្លាម មានតំណក់ឈាមរួមគ្នាភ្លែតនោះ។
សូមបញ្ជាក់ថា ចំណងស្នេហ៍ រវាងលោក ប៉ុល វិបូ និងតារាសម្តែងតូតាត្រូវបានលេចចេញឡើងរយៈពេល ៥ ឆ្នាំមកហើយ ពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេ បានបង្ហាញចំណងស្នេហ៍ ដោយបើកចំហក្រោយពីលេចចេញដំណឹងនៅ ផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ ច្រើនជាងលេងសិល្បៈ ដូចជា បើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយ ទុន អស់រាប់សែនដុល្លារ ទៀតផង៕ ដោយ៖ បូរិន/Ha