ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយកាលពីថ្ងៃសុក្រទី២១ខែកុម្ភៈ ថា ស្ត្រីអាម៉េរិកអាយុ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុក វីរុសនេះទៀតទេ។
ស្ត្រីរូបនេះ និងប្តីអាយុ៨៥ ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Westerdam ដែលបាន ចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។ ប្តីប្រពន្ធមួយនេះបានហោះហើរក្នុងជើងហោះហើរពិសេសមួយទៅកាន់ទីក្រុងគូឡាឡាំពួរដែលមានផ្ទុកដឹកអ្នកដំណើរ១៤៥នាក់ ដោយមានតែពួកគេពីរនាក់ ប៉ុណ្ណោះដែលមានរោគសញ្ញាសង្ស័យ។ ដោយសារបញ្ហាមួយនេះដែលធ្វើឲ្យគេមើលឃើញថាកម្ពុជានិងម៉ាឡេស៊ីហាក់ដូចជាមានបញ្ហាជាមួយគ្នាដោយសារក្រសួងសុខាភិបាលកម្ពុជាបានស្នើភាគីម៉ាឡេស៊ីពិនិត្យឡើងលើបញ្ហានេះ។កម្ពុជាបានបញ្ជាក់ថា ការពិនិត្យមុនចាកចេញពីកម្ពុជាគឺត្រឹមត្រូវតាមស្តង់ដារអង្គការសុខភាពពិភពលោក។កម្ពុជាបានធ្វើតេស្តលើអ្នកទេសចរលើនាវាដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក US CDC វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀតតាមរយៈ ការពិសោធន៍ ស្របតាមស្តង់ដារអន្តរជាតិ។
ពិតណាស់!តិចឬច្រើនការប្រកាសរបស់ម៉ាឡេស៊ីបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា ដោយផ្ទាល់។
គេអាចចាំបានថានៅក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជានិងម៉ាឡេស៊ី មិនមានជម្លោះការទូតដោយសារជំងឺកូរ៉ូណា ឬ Covid-19 ដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រទេសថៃ ដែលបានអះអាងថាមិនមានអ្នកដំណើរលើនាវាណាម្នាក់ ដែលធ្វើដំណើរឆ្លងកាត់តាមប្រទេសថៃ កើតជំងឺកូរ៉ូណា ឬខូវីត១៩នោះទេ។ សម្តេចក៏អរគុណឥណ្ឌូណេស៊ី ដែលបានប្រកាសថា នាវិកនិងអ្នកបម្រើការនៅលើនាវាទេសចរណ៍ Westerdam ចំនួន ៣៦២នាក់ មិនមាននរណាម្នាក់កើតជំងឺនេះទេ ខណៈដែលជប៉ុន ក៏បានប្រកាសថា ជនជាតិជប៉ុនដែលជិះលើនាវានេះពេលទៅដល់ប្រទេសជប៉ុន មិនមានអ្នកឆ្លងនូវវិរុសកូរ៉ូណានេះទេ។
ជាមួយនឹងការប្រកាសដូច្នេះ ខាងក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសរៀងរាល់ថ្ងៃថា អ្នកដំណើរទាំងអស់ នៅលើនាវាទេសចរណ៍ Westerdam ដែលបានចូលចតនៅកម្ពុជា ចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈរហូតដល់ថ្ងៃទី២០កុម្ភៈនេះ គឺទាំងអ្នកទេសចរ និងទាំងនាវិក សរុបជាង ២០០០ នាក់ មិនមាននរណាម្នាក់ ឆ្លងនូវវិរុស កូវិត ១៩ នោះទេ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបដិសេធនូវការផ្សព្វផ្សាយ ដែលថា កម្ពុជានិងម៉ាឡេស៊ីមានជម្លោះការទូតតូចមួយលើករណីស្ត្រីអ្នកទេសចរអាម៉េរិក ដែលម៉ាឡេស៊ី អះអាងថា កើតជំងឺកូវិត ១៩។ ប៉ុន្តែសម្តេចតេជោ ឆ្លើយតបវិញថា នេះមិនមែនជាជម្លោះទេ គ្រាន់តែកម្ពុជាស្នើឱ្យម៉ាឡេស៊ី ពន្យល់តែប៉ុណ្ណោះ ព្រោះកម្ពុជារកមិនឃើញ។ ទៅដល់ណោះបានរកឃើញ។ អ៊ីចឹងជំងឺនេះ វាកើតនៅកន្លែងណា? វាកើតនៅកម្ពុជាដែលរកមិនឃើញ ហើយបានទៅដល់ម៉ាឡេស៊ី? ឬក៏ទៅដល់ម៉ាឡេស៊ី បានវាកើត? ព្រោះវាមានរយៈ ពេលរបស់វា។ តែរឿងដែលត្រូវឆ្ងល់ គឺប្រពន្ធកើត ចំណែកប្តីមិនកើត? ក្នុងពេលរាប់ពាន់នាក់នៅលើនាវាជាមួយគាត់ វាអត់កើត?។
សម្តេចតេជោក៏បានគូសបញ្ជាក់ថា គ្មានជម្លោះការទូតណាមួយ រវាងកម្ពុជា និងម៉ាឡេស៊ីទេ! គ្រាន់តែបញ្ហានេះ វាបានក្លាយទៅជាវិបត្តិមនុស្សធម៌មួយ។ បន្ទាប់ពីវិបត្តិមនុស្សធម៌ក្នុងពេល ដែលនាវាទេសចរណ៍ Westerdam មិនត្រូវឲ្យទទួលការចូលចតនៅកន្លែងណាទាំងអស់។ កម្ពុជាបានធ្វើកិច្ចការនេះ ដោយមនុស្សធម៌សុទ្ធសាធ។ បើសិនជាកម្ពុជាមិនធ្វើ វានឹងក្លាយជាវិបត្តិមនុស្សធម៌ ព្រោះទៅកន្លែងណាក៏គេមិនឲ្យចូលចត ហើយពេលនេះ ដាក់ជាសំណួរមួយថា បើពេលនេះ កម្ពុជាមិនឲ្យចត តើនាវាមួយនេះនឹងទៅដល់កន្លែងណា? ខណៈដែលនាវាមួយនេះ អស់ទាំងស្បៀង អស់ទាំងប្រេង?…។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២០កុម្ភៈថា អ្នកដំណើរតាមនាវាខ្នាតធំ Westerdam ដែលនៅសេសសល់ នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ចំនួន ១២៨៦នាក់ ក្រោយការធ្វើតេស្ត គឺទទួលបានលទ្ធផលអវិជ្ជមានវីរុស កូរ៉ូណាថ្មី Covid-19។
នាវា Westerdam របស់អាម៉េរិកដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ នឹងចាកចេញពីកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈនេះ បន្ទាប់ពីចាក់ប្រេងនិងដាក់ស្បៀងរួចរាល់ ខណៈដែលអ្នកទេសចរ ៤១សញ្ជាតិ សរុបជិត ២០០០នាក់ បានចាកចេញពីនាវាឡើងយន្តហោះ ចាកពីកម្ពុជាអស់ហើយ នៅថ្ងៃទី២០កុម្ភៈ ។
យ៉ាងណាក៏ដោយការប្រកាសពីការឆ្លងជំងឺកូរ៉ូណា លើស្ត្រីអ្នកទេសចរអាម៉េរិក អាយុ ៨៣ឆ្នាំ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ហើយចាកចេញពីកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ត្រូវបានប្រកាសថា មានផ្ទុកមេរោគ កូវិត ១៩នេះ នៅតែជាការមិនអស់ចិត្តនៅឡើយ សម្រាប់កម្ពុជា។
ឥឡូវនេះការពិតត្រូវបានលាតត្រដាងហើយថា អ្នកទេសចរដែលចេញពីកម្ពុជានោះមិនមាន វីរុសកូរ៉ូណាទេ៕ ដោយ: ម៉េងឆៃ/Ha