ដោយ: គង់ហេង / កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ផ្អែកតាមការសិក្សារយ:ពេលប្រាំឆ្នាំនេះ គឺអត្រាស្លាប់របស់ទារក និងស្ត្រីជាមាតាបានថយចុះ។ ដោយសារស្ត្រីជាមាតារបស់ទារកបានមកទទួលសេវាពិនិត្យសុខភាពបាន ទៀងទាត់តាមការកំណត់ របស់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនានានោះ។
នៅក្នុងការចូលរួមអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅចំពោះមុខស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារសរុបប្រមាណ ១៥០នាក់ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនេះបានមានប្រសាសន៍ថា សូមឳ្យបងប្អូនស្ត្រីជាមាតាទាំងឡាយដែលទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥ លើក គឺមកទទួលការពិនិត្យ និងព្យាបាលសុខភាពឲ្យបានតាមការកំណត់ និងណែនាំរបស់គ្រូពេទ្យ។
លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ប៉ុន្តែបញ្ហាកញ្ចប់ថវិកាដែលត្រូវឧបត្ថម្ភតាមចំនួនលើកខាងលើ គឺយើងបានបង្វែរឲ្យបងប្អូនទូទាត់ជាមួយខាងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមចាប់ពីថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ២០២០។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ជាលទ្ធផល នៃការចូលរួមសកម្មភាពគាំពារសង្គមរបស់យើង គឺបានធ្វើអត្រាស្លាប់របស់ទារកពេលឆ្លងទន្លេបានថយចុះពីចំនួន ៣៥ នាក់មកនៅត្រឹមចំនួន ប្រាំបួន នាក់។ នេះបើយោងតាមការសិក្សារបស់មន្ត្រីជំនាញពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២០ ក្នុងចំណោមទារកចំនួន ១.០០០នាក់។
លោកបានមានប្រសាសន៍បន្តថា ក្នុងនោះក៏មានអត្រាស្លាប់របស់ស្ត្រីជាមាតា ក៏ថយចុះដែរ គឺពីចំនួន ១៧០ នាក់មកនៅត្រឹម ១៣០ នាក់ ក្នុងចំណោមមាតាឆ្លងទន្លេចំនួនប្រមាណ ១០ម៉ឺន នាក់។ កត្តាដែលនាំឳ្យអត្រាស្លាប់របស់ទារក និងមាតាថយចុះក្នុងពេលសម្រាល ឬឆ្លងទន្លេនេះ គឺដោយស្ត្រីជាមាតាបានទៅជួបគ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនានាតាមការណែនាំ និងទៀងទាត់។
លោកបានមានប្រសាសន៍បន្ថែមថា សំណូមពរដល់មេគ្រួសារ ក៏ដូចអាណាព្យាបាលទាំងអស់មេត្តាផ្លាស់ប្តូរឥរិយាបថពីការទៅទទួលសេវាសុខភាពបែបប្រពៃណី គឺឆ្មបបុរាណ ឬក៏សម្រាលកូនបែបបុរាណពុំមានការប្រើប្រាស់ថ្នាំដែលធ្វើឳ្យស្ត្រីជាមាតាទាំងឡាយនោះ សារជាតិវីតាមីនក្នុងរាងកាយនោះ។ ចាំបាច់ណែនាំ ឬបញ្ជូនមកកាន់មន្ទីរពេទ្យ គឺចៀសវាងការប្រឈមគ្រោះថ្នាក់ ការស្លាប់របស់ទារក និងមាតានៅពេលសម្រាល ឬឆ្លងទន្លេនោះ៕ ល