កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​១០៩​នាក់​បន្ថែម និង​ឆ្លង​ថ្មី​៣៩៧​ករណី​នៅ​ចិន​

276
ចែករម្លែក

​ចិនដីគោក​បានបញ្ជាក់​ករណី​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ចំនួន​៣៩៧​នាក់​បន្ថែម​សម្រាប់​ថ្ងៃ​សុក្រ ដោយ​ធ្លាក់​ចុះ​ពី​ចំនួន​ឆ្លង​៨៨៩​នាក់​កាល​ពី​មួយ​ថ្ងៃមុន នេះ​បើ​តាម​ការ​​ប្រកាស​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិ​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​កុម្ភៈ​។​

​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​ធ្វើឲ្យ​អ្នក​ឆ្លង​វីរុស​Covid-19​នៅ​ចិនដីគោក​កើន​ដល់​៧៦.២៨៨​នាក់​។​

​ចំណែក​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​នៅ​ចិនដីគោក​បាន​កើន​ដល់​២.៣៤៥​នាក់​គិត​ត្រឹម​ចុង​ថ្ងៃ​សុក្រ បន្ទាប់​ពី​ខេត្ត​ហ៊ូ​ប៉ី បាន​រាយការណ៍​អ្នកស្លាប់​១០៩​នាក់​បន្ថែម​​ក្នុងនោះ​៩០​នាក់​ស្ថិតក្នុង​ទីក្រុង​វូ​ហាន​។​

​វីរុស​នេះ​ក៏​បាន​ចម្លង​មនុស្ស​រាប់រយ​នាក់​នៅក្នុង​ពន្ធនាគារ​ចិន នៅពេល​ការឆ្លង​រាលដាល​ហួស​ពី​ចិន រួម​មាន​ការឆ្លង​ជាង​៣០០​នាក់​នៅ​កូរ៉េ​ខាងត្បូង និង​​​ស្ថានការណ៍​កាន់តែ​អាក្រក់​នៅ​អ៊ីតាលី​និង​អ៊ីរ៉ង់​។​

​អាជ្ញាធរ​បាន​និយាយថា មនុស្ស​សរុប​២៧១​នាក់​បាន​ឆ្លង​ក្នុង​គុក​ខេត្ត​ហ៊ូ​ប៉ី ។​នៅក្នុង​ទីក្រុង​ប៉េកាំង ការឆ្លង​វីរុស​នេះ​មាន​ជិត​៤០០​ករណី និង​៤​នាក់​បាន​ស្លាប់​។​

​ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ឱកាស​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​ជា​អន្តរជាតិ​នូវ​កូរ៉ូណា​វីរុស​នេះ​កាន់តែ​អស់ ក្រោយពី​មាន​​សេចក្តីរាយការណ៍​រក​ឃើញ​វា​ថ្មីៗ​នៅ​អ៊ីតាលី​និង​លី​បង់​។​

​កូរ៉េខាងត្បូង​បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន​១៤២​នាក់​កាលពី​ថ្ងៃ​សៅរ៍ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៣៤៦​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

សាល​តាំងពិព័រណ៍​នៅ​ក្រុង​វូ​ហាន ដែល​ត្រូវបាន​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ដាក់​អ្នក​ជំងឺ​Covid-19