ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
សុបិន បា.; សំ. ( ន. ) (ស្វប្ន) ការដេកលក់ ។ ប្រើសំដៅសេចក្ដីថា “ការយល់សប្តិឃើញ” : យប់មិញ ខ្ញុំមានសុបិនមិនល្អ ។ សុបិននិមិត្ត ការយល់សប្តិឃើញមានទំនងជាគ្រឿងសង្កេត បាន (ថានឹងមានហេតុអាក្រក់ឬល្អ) ។
សៅហ្មង ស. ( កិ. ឬ គុ. ) អាប់អន់, មានមន្ទិល, ប្រឡាក់, មិនបរិសុទ្ធ, មានមោះហ្មង : ចិត្តសៅហ្មង, សីលសៅហ្មង, របស់សៅហ្មង ។ ប្រើជា ន. ក៏មាន : មានសៅហ្មង ។
សន្មត សន់-ន្ម៉ត់ សំ. បា. ( កិ. ) (សម្មត) ប្តេជ្ញា; សន្យា; អនុម័ត; យល់ព្រមជាមួយ, ព្រមតាម; តាំង, តាំងឲ្យជា…; កំណត់, កំណត់ជា…; ទុកដាក់ជា …, ទុកដាក់ឲ្យជា …; បញ្ញត្តឲ្យដឹង : សន្មតគ្នា ប្តេជ្ញាគ្នា, សន្យាគ្នា ។ សន្មតគត់ដាគ្នា ប្តេជ្ញាគ្នាឬសន្យាគ្នាយ៉ាង ម៉ឺងម៉ាត់ ។ សន្មតនាម តាំងឈ្មោះ, ឲ្យឈ្មោះ ។ សន្មតមនុស្សម្នាក់ឲ្យជាយក្សទុកដាក់ មនុស្សម្នាក់ឲ្យធ្វើជាយក្ស ។ល។ ប្រើជា គុ. ក៏បាន : ពាក្យសន្មត ។
សព្ទ ស័ប សំ.; បា. ( ន. ) (ឝព្ទ; សទ្ទ) សូរ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី; សម្រែក ។ ឆ្កួតសព្ទ (ម. ព. ឆ្កួត គុ.) ។ រៀនចាំសព្ទ រៀនចាំពាក្យប្រែពីភាសាមួយទៅភាសាមួយ ។ សូរសព្ទ សូរសំឡេង, សូរសម្ដី, សូរសម្រែក ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនអានថា ស័ប-ព្ទៈ, ដូចជា សព្ទចោរ អ្នកលួចសព្ទ, អ្នកលួចយកពាក្យឬរឿងរបស់អ្នកដទៃ (ហៅ ចោរសព្ទ ក៏បាន) ។ សព្ទសង្គ្រោះ អភិធានសព្ទ, វចនានុក្រម, បទានុក្រម ។ សព្ទសាធុការ (ស័ប–) ការបញ្ចេញវាចាថា សាធុ ! ឬថា សាធុ សាធុ ! ។ សព្ទសាធុការពរ ការបញ្ចេញវាចាថា សាធុ ! ព្រមទាំងឲ្យពរផង ។ល។
ឥរិយា អិរ៉ិយ៉ា បា.; សំ. ( ន. ) (ឦយ៌ា) អាការកម្រើក; ការកម្រើកអង្គាវយវៈ មានលើកដៃ ជើងជាដើម, ការផ្លាស់ប្រែលំនាំមានងាកបែរជាដើម; ឫក, ឫកពា, កិរិយា, លំនាំឫកពា : សម្តែងឥរិយាប្លែក បញ្ចេញឫកប្លែក ។ មានឥរិយាសមរម្យ មានឫកពាសមរម្យ ។
ឥឡូវ អិ–ឬ អី– ( និ. ) សព្ទប្រាប់សេចក្ដីជាបច្ចុប្បន្នកាលថា “កាលនេះ, វេលានេះ” : ទៅឥឡូវ ទៅក្នុងវេលានេះ (បុ. សរ. ឥលូវ ប៉ុន្តែលើកលែងប្រើយូរហើយ) ។
ឥស្សរ អ៊ិស-សៈរ៉ៈ បា.; សំ. ( គុ. ឬ ន. ) (ឥស្សរ; ឦឝ្វរ) ឥសូរ ។ ឥស្សរចិត្ត (បា. ស.) ដំណើរស្រេចនឹងចិត្ត ។ ឥស្សរជន ឬ–បុគ្គល ជនឬបុគ្គលជាឥស្សរៈ (អ្នកធំ) ។ ឥស្សរភាព ភាពនៃអ្នកធំ; ភាវៈជាឥស្សរៈ ។ ឥស្សរសព្ទ សព្ទឬពាក្យសម្រាប់និយាយទៅរកឥស្សរជន (ដូចជា ខ្ញុំប្របាទ, ប្របាទម្ចាស់ ជាដើម) ។ ឥស្សរាធិបតី អធិបតីនៃពួកឥស្សរជន ។ ឥស្សរានុភាព អានុភាពនៃអ្នកធំ ។ល។
ឮ ស្រៈសំស្ក្រឹត ជាទីឃៈ (អ. ថ. លឺ) ជាទន្តជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញ (ដូច ល ដែរ), ( កិ. )ចាប់យកសូរសព្ទបានឬបានដឹងសូរសព្ទដោយសោត្រប្រសាទ : ឮគេនិយាយគ្នា, ឮដំណឹង ។ លាន់សូរសព្ទចេញ : ផ្គរលាន់ឮខ្លាំង ។ ឮឈ្មោះ ឬ ឮនាម ល្បីឈ្មោះ, សាយឈ្មោះ ។ ឮមាត់ឮក ឮសូរជជែកប្រកែកគ្នា, កើតមានជម្លោះប្រកែក ។ល។
លឺ ចិ. ( បុ. ស. ) អ្នក; ពាក្យសម្រាប់និយាយក្នុងទីចំពោះមុខទៅរកចិនសុទ្ធ (ចិនឆៅ) : លឺមកមានការអ្វី ? = អ្នកមកមានការអ្វី ? (គួរប្រើ លឺ នេះវិញ កុំប្រើ ចិក ឬ ហ៊ា ទួទៅ) ៕ ដកស្រង់ៈ សម្បត្តិកញ្ញា