ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ករណីពលរដ្ឋ៣គ្រួសារដែលត្រូវកងកម្លាំងឈុតខ្មៅថៃកងតូចលេខ១២០៥នៅប៉ារ៉ៃស្រុកអារញ្ញប្រាថេតខេត្តស្រះកែវឱ្យរើផ្ទះសង់ថ្មីពីចំណុចព្រំដែនមិនទាន់កំណត់ច្បាស់លាស់។នៃព្រំដែនកម្ពុជាថៃ(ថៃហៅតំបន់ស)នៅទំនប់ក៥ភូមិទំនប់ក៥សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកន្លងមកនោះបានទទួលដីគោលនយោបាយពីអាជ្ញាធរទៅនៅកន្លែងផ្សេង ។
លោកវរសេនីយ៍រស់ពិសិដ្ឋនាយប៉ុស្តិ៍ការពារព្រំដែនបឹងសាគូនៃនគរបាលការពារព្រំដែនវរសេនាតូច៩១១ប៉ោយប៉ែតប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២១ខែកុម្ភៈថា៖បើខាងភាគីថៃធ្វើអ្វីឬទាហានឈុតខ្មៅថៃរាយលួសបន្លាឬកាត់ស្មៅមកលើតំបន់ព្រំដែនមិនទាន់បានកំណត់ច្បាស់លាស់នេះ ក៏កងកម្លាំងនគរបាលនិងកម្លាំងយោធាកម្ពុជាក៏ចេញទៅហាមឃាត់ដែរ ។នេះជាការគោរពនិងអនុវត្តស្មារតីខ្លឹមសារអនុស្សារណៈយោគយល់គ្នា(MOU)ឆ្នាំ២០០០របស់ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ។
លោករស់ពិសិដ្ឋនាយប៉ុស្តិ៍ក៏ដូចលោកមេបញ្ជាការរងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ បានអះអាងថា ៖ កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ នោះកម្លាំងការពារព្រំដែនភាគីទាំង២ លោកសុខ ពេញណន មន្ត្រីតំណាងសាលាក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកមេភូមិទំនប់ក៥និងពលរដ្ឋទាំងគ្រួសារបានសម្របសម្រួលគ្នានិងយល់ព្រមរើសំណង់ផ្ទះឈើទាំង៣គ្រួសារចេញពីចំនុចព្រំដែននោះ ។
ពលរដ្ឋទាំង៣គ្រួសារបានទទួលកញ្ចប់គោលនយោបាយពិសេសគឺទទួលដីសង់លំនៅស្ថានទំហំ២០មគុណ៥០ម៉ែត្រនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការខេត្តបន្ទាយមានជ័យនៅចំណុចដីការ៉េ២ឬ២.២២២នាព្រំប្រទល់ស្រុកថ្មពួក ស្វាយចេកនិងភ្នំស្រុក ។
អ្នកស្រីសំស្រីឡឹងក្នុងចំណោមពលរដ្ឋ៣គ្រួសារនោះបាននិយាយប្រាប់សមត្ថកិច្ចថាផ្ទះតូចសង់ថ្មីពីឈើមូលប្រក់ដំបូលនិងបិទជញ្ជាំងស័ង្កសីរបស់គាត់និងអ្នកជិតខាង២គ្រួសារទៀតបានសង់ទៅកៀកបន្ទាត់ព្រំដែន។ត្រូវកម្លាំងព្រំដែនថៃនិងកម្ពុជាបង្ខំឱ្យរុះរើ។អ្នកស្រីប្រថុយសង់ផ្ទះបែបនេះក៏មកពីមានសំណង់ចាស់ៗរបស់ពលរដ្ឋមួយចំនួនក៏សង់ចូលព្រំដែននៅម្តុំនោះដែរ ។
ទោះជាយ៉ាងណាពេលមានការណែនាំនិងដោះស្រាយផ្តល់ដីកន្លែងផ្សេងទោះនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតឬនៅស្រុកថ្មពួកឬស្រុកផ្សេងទៀតក៏ពួកខ្លួនយល់ព្រមដែរត្បិតអីពួកខ្លួនទីទ័លក្រនិងជួបការលំបាកហើយ។ហើយពួកខ្លួនក៏ទទួលអំណោយមួយចំនួនសម្រាប់ដោះទាល់នូវការលំបាកចំពោះមុខ ៕S/
រូបថត ៖ ពលរដ្ឋ៣គ្រួសារដែលត្រូវកងកម្លាំងឈុតខ្មៅថៃអោយរើផ្ទះសង់ថ្មីពីព្រំដែននៅទំនប់ក៥ បានទទួលដីពីអាជ្ញាធរ(រូប៖ ភ្នំស្វាយ)