ដោយ: មូលសម្បត្តិ / ភ្នំពេញ: ដោយមើលឃើញកម្ពុជាក្នុងដើមឆ្នាំ២០២០នេះ មានការធ្លាក់ចុះភ្ញៀវទេសចរបរទេសខ្លាំងពេក ដោយសារផ្ទុះជំងឺកូរ៉ូណានៅចិន បានធ្វើឲ្យមន្ត្រីទេសចរមួយចំនួនចេញទៅប្រទេសក្រៅ ដើម្បីកៀងគរ ឃោសនាពង្រីកការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខ្លួន ទៅកាន់ទីផ្សារទេសចរណ៍ឥណ្ឌូនេស៊ី តាមរយៈការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ អន្តរជាតិអាស្ទីនដូ (Astindo Travel Fair) លើកទី១០ ដែលបាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហ្សាការតា។

ក្រុមការងារក្រសួងទេសចរណ៍កម្ពុជា ត្រូវបានដឹកនាំដោយលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ជាមួយផ្នែកឯកជនបានចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរណ៍ឥណ្ឌូនេស៊ីមកកម្ពុជា ឲ្យបានកាន់តែច្រើនឡើងថែមទៀត។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍នៅឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរ ឥណ្ឌូណេស៊ីចំនួន ៦៦,៨០៤នាក់ កើនឡើង ១៩.៨ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ឥណ្ឌូណេស៊ី គឺជាទីផ្សារដ៏ធំមួយប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនសរុបប្រមាណជាង ២៦៩លាននាក់។

ពិព័រណ៍ Astindo Travel Fair ជាវេទិកាទេសចរណ៍ និងជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលផ្តល់ឱកាសដល់ធុរជនក្នុងវិស័យទេសចរណ៍អាចជួបផ្ទាល់ជាមួយអតិថិជន ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានា ក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅក្រៅប្រទេស ដូចជាកម្ពុជាជាដើម។
គួរកត់សម្គាល់ថា កម្ពុជាមានការតភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនអាកាសចរណ៍ City Link ដែលបានចាប់ផ្ដើមប្រតិបត្តិតាំងពីខែកក្កដាឆ្នាំ២០១៩ ដោយបាននាំភ្ញៀវទេសចរឥណ្ឌូនេស៊ី និងទេសចរប្រទេសទីបីមកកាន់កម្ពុជាយ៉ាងច្រើនថែមទៀត៕ ល