ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ ឡុង ជិន ដែលមួយរយៈចុងក្រោយនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់គេ ខកចិត្តជាច្រើនលើក ច្រើនសារនោះ ក៏បាត់មុខមួយរយៈ តែពេលនេះ គេបានបង្ហាញខ្លួនមកវិញ ដោយជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ សេន មរកត (Sen Morokorth) លើសង្វៀនអធិរាជកម្លាំងរេដអាន របស់អាស៊ីអាគ្នេយ៍ នាយប់ថ្ងៃទី២៣ កុម្ភៈ នេះ។
ឡុង ជិន មួយរយៈនេះ គេប្រកួតចាញ់អ្នកប្រដាល់ ស្រករក្រោយជាច្រើនរូប ដែលការចាញ់ផ្ទួនៗនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់គេ ស្រងាកចិត្តជាខ្លាំង។ បន្ទាប់ពីលាក់ខ្លួន សម្ងំហ្វឹកហាត់ មួយរយៈមកនោះ ពេលនេះ ឡុង ជិន បង្ហាញខ្លួនមកវិញ តែមិនដឹងថា គេបង្ហាញខ្លួនក្នុងភាពកំសោយ ឬក៏ខ្លាំងនោះទេ ។
តាមពិត អ្នកប្រដាល់កម្ពុជារូបនេះ គេមានផ្លែវ៉ៃល្អ រហ័ស ដែលកន្លងមក ការប្រកួភាគច្រើន គេតែងតែផ្ដួលគូប្រកួត បានមុនទឹកទី៥ ទៀតផង ។ ចំពោះការស្រុតចុះនេះ ទំនងជាគេខ្ជីខ្ជារ ក្នុងការហ្វឹកហាត់ ហើយមើលទៅ បានជាសូម្បីតែអ្នកប្រដាល់ ដែលគ្មានឈ្មោះបោះសម្លេងសោះ ក៏គេវ៉ៃចាញ់ដែរ ។ ពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។
ចំពោះ សេន មរកត នេះជាលើកដំបូងហើយ ដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ។ មិនដឹងថា គេខ្លាំង ឬ ខ្សោយនោះទេ តែគេហ៊ានប្រកួត ជាមួយឡុង ជិន បែបនេះ ទំនងជាមិនអន់ឡើយ ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៦៥ដង ឈ្នះ៥៥ដង និងចាញ់១០ដង ។ ចំពោះ ឡុង ជិនវិញ គេមានប្រវត្តិប្រកួត ចំនួន៨៤ដង ឈ្នះ៦៤ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង ។ នៅក្នុងការប្រកួតលើកនេះ ឡុង ជិន អាចស្ដារមុខមាត់បានវិញដែរឬទេ ?។
ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ ប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ ប៊ូ វី (Bou Vy) ដោយពួកគេ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមដែរ ។
សាម៉េត ជាអ្នកប្រដាល់ចិត្តធំ ក្លាហាន និងមានផ្លែវ៉ៃចេញល្អ រហ័ស តែអ្នកប្រដាល់រូបនេះ ចូលចិត្តកេងបន្លំ បន្ថែមលើគូប្រកួត ក្នុងខណៈដែលគូប្រកួតដួល ឬក្រោយពេលអាជ្ញាកណ្ដាល ឃាត់ទៅហើយនោះ ។ មួយរយៈនេះ នៅលើសង្វៀនប្រកួត សាម៉េត តែងតែបានទទួលលទ្ធផលល្អ ភាគច្រើន ។
ចំពោះ ប៊ូ វី វិញ គេក៏ឧស្សាហ៍ឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ម្ដងម្កាលដែរ ។ គេជាអ្នកប្រដាល់ ដែលមានចរឹតស្ងប់ស្ងាត់ តែគេមិនមែនជាអ្នកប្រដាល់ ដែលខ្សោយនោះឡើយ ។ កាលមក ប្រកួតនៅស្រុកខ្មែរ កន្លងមក គេមានឈ្នះ មានចាញ់ជាធម្មតា ។ សម្រាប់លើកនេះ ទាំង ម៉ន សាម៉េត ទាំង ប៊ូ វី ពិតជាទទួលការងារធ្ងន់ ដូចគ្នាហើយ ។
សាម៉េត មានប្រវត្តិប្រកួត ចំនួន១៤៨ដង ឈ្នះ១០៩ដង ចាញ់៣៣ដង និងស្មើពិន្ទុចំនួន៦ដង ។ ចំពោះអ្នកប្រដាល់ថៃ ប៊ូ វី វិញ គេមានប្រវត្តិប្រកួត ចំនួន៩៣ដង ឈ្នះ៧៥ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។ ជំនួបមួយនេះ មិនដឹងថា ម៉ន សាម៉េត បន្ថែមស្ថិតិឈ្នះ ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ឬក៏យ៉ាងណានោះទេ ។
ជំនួបរវាង អ្នកប្រដាល់រួមជាតិវិញនោះ វីរៈ សុខខួច ក្លិបពន្លឺថ្មី នៃសមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតជាមួយ អ្នកប្រដាល់ ប៉ុក វិបុល ក្លិបទ័ពឆ័ត្រយោង ៩១១ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។ ថន ភឿត ក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ ផាន រះ ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ អ្នកប្រដាជើងចាស់ ដែលគ្មានកេរ្តិ៍ឈ្មោះ ផៃ គឹមហឿត ក្លិបគីសែមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី ឌុន សុភុត ក្លិបអេភូថងកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ៕v