ដោយ: សម្បត្តិ / ភ្នំពេញ: យុវជន២នាក់ ជិះរថយន្តម៉ាកសឺដេសមួយគ្រឿង បានបង្កឲ្យមានសំឡេងផ្ទុះ២ទៅ៣គ្រាប់ ដែលគេសង្ស័យថាជាការផ្ទុះអាវុធ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ ចាប់ជនសង្ស័យទាំងពីរនាក់ធ្វើការសាកសួរ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបរោងកុនអង្គរចាស់ ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។
ជនសង្ស័យទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តម៉ាក ម៉ាសឺដេស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC 6066 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកសឺដេសមួយគ្រឿង បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រួចក៏បត់ទៅទិសខាងត្បូង ខាងក្រោយរោងកុនអង្គរចាស់កន្លែងផ្ញើម៉ូតូក៏មានការផ្ទុះចំនួន ២ទៅ ៣គ្រាប់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយក៏ចុះមកអន្តរាគមន៍។ ភា្លមៗនោះ គឺមានយុវជនម្នាក់ ចេញពីរថយន្តបង្ករត់ចូលទៅខាងក្នុងផ្ទះ មួយសន្ទុះក្រោយមកក៏ចេញមកវិញ ហើយក៏បានលើកដៃឱ្យសមត្ថកិច្ចឆែកឆេរ សមត្ថកិច្ចក៏បានឃាត់ខ្លួនទាំងពីរនាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៤។
ក្រោយពីពិនិត្យនិងសួរហេតុផលមកយុវជនទាំង ២ នាក់បានឆ្លើយថា ជាការដុតផាវបំផ្ទុះនោះទេ មិនមានការបាញ់បោះមិនមានកាំភ្លើងបាញ់នោះទេ ហើយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធី៕ ល