(ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈដារ៉ារដ្ឋ មេត្តា មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈខ្ញុំឈ្មោះ នូ សន ភេទប្រុស អាយុ៧៥ឆ្នាំ។ ខ្ញុំរស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៨ នៅសាលាបឋមសិក្សាពងទឹក។ បន្ទាប់មក ខ្ញុំបានឈប់រៀន ហើយបួសជាព្រះសង្ឃនៅវត្តទួលតាកែវ ស្ថិតនៅក្នុងភូមិរបស់ខ្ញុំ។ ក្នុងអំឡុងពេលដែលខ្ញុំបួសជាព្រះសង្ឃ ខ្ញុំបានឆ្លៀតបង្រៀនអក្សរដល់សិស្សក្មេងៗឲ្យចេះអាន និងចេះសរសេរ។ ខ្ញុំបានបួស និងបង្រៀនសិស្សនៅសាលាវត្តទួលតាកែវបានរយៈពេលបួនឆ្នាំ រហូតដល់កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ទើបខ្ញុំសឹក។ ក្រោយមកខ្ញុំបានចូលរៀនខាងផ្នែកជាងស្មិតជាមួយតា ឯម ជិត នៅរោងជាងតូចមួយ នៅក្នុងភូមិ។
(ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ប្រជាជននៅក្នុងភូមិឃុំរបស់ខ្ញុំបានស្គាល់តា ឯម ជិត យ៉ាងច្បាស់ព្រោះគាត់មានចំណេះវិជ្ជាខាងជាងស្មិតតាំងពីសម័យមុន។ គាត់ចេះធ្វើឧបករណ៍ប្រើប្រាស់ជាច្រើនប្រភេទពីលោហធាតុ សម្រាប់ប្រជាជនប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ គាត់ធ្វើឧបករណ៍ពីលោហធាតុទាំងនោះបានស្អាត មានគុណភាព និងប្រើប្រាស់បានយូរអង្វែង។
ខ្ញុំបានគិតថា នៅពេលខ្ញុំរៀនជាងស្មិតចេះនឹងអាចប្រកបរបរចិញ្ចឹមខ្លួន និងប្រពន្ធកូនបាន។ នៅពេលខ្ញុំចូលរៀនដំបូង ខ្ញុំរៀនដំដែកធ្វើកាំបិត និង កណ្ដៀវ ដែលជាឧបករណ៍ងាយស្រួលធ្វើ។ ក្រោយមក ខ្ញុំបានរៀនធ្វើពូថៅ ចប ផាលនង្គ័ល ទៀត។ ប្រជាជនដែលមានវ័យចំណាស់រស់នៅក្នុងភូមិរបស់ខ្ញុំមួយចំនួននៅក្នុងសម័យនោះស្រឡាញ់ឧបករណ៍ប្រើប្រាស់ដែលធ្វើពីលោហធាតុដូចជា ពូថៅ កាំបិតផ្គាក់ ខ្វែវ និងកាំបិតបន្ទោះណាស់ ដោយមានឆ្លាក់ និងរចនាដងឈើបន្ថែមទៀត។ ចាស់ៗទាំងនោះបានថែរក្សា និងទុកដាក់ឧបករណ៍ប្រើប្រាស់ទាំងនោះយ៉ាងគត់មត់ដូចទៅនឹងរបស់របរមានតម្លៃរបស់គាត់ដូច្នេះដែរ។ចាស់ៗទាំងនោះក៏មិនងាយនឹងឲ្យឧបករណ៍ប្រើប្រាស់របស់គាត់ទាំងនោះទៅអ្នកផ្សេងខ្ចីដែរ លុះត្រាតែស្គាល់អ្នកខ្ចីនោះច្បាស់លាស់។
ដោយសារខ្ញុំពេញរៀនចិត្តមុខវិជ្ជាជាងស្មិត ទើបខ្ញុំរៀនឆាប់ចេះ រហូតខ្ញុំអាចធ្វើឧបករណ៍ផ្សេងៗសម្រាប់អ្នកភូមិប្រើប្រាស់បាន។ ឧបករណ៍ដែលខ្ញុំធ្វើបានស្អាតជាងគេ និងងាយស្រួលធ្វើជាងគេគឺកណ្តៀវ។ខ្ញុំបានធ្វើជាជាងស្មិតនៅក្នុងភូមិរហូតដល់ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦ ភូមិរបស់ខ្ញុំនិងភូមិចំនួនបីទៀតគឺ ភូមិទួលតាកែវ, ភូមិអណ្ដូងក្រសាំង និងភូមិទួលតាយួន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនវៀតណាមត្រូវបានខ្មែរក្រហមជម្លៀសចេញ ព្រោះខ្មែរក្រហមសង្ស័យថាប្រជាជនដែលរស់នៅក្នុងភូមិទាំំងនេះឃុបឃិតជាមួយវៀតណាម។ ចំណែកប្រជាជនក្នុងភូមិចំនួន៥ទៀតមិនត្រូវបានខ្មែរក្រហមសង្ស័យឡើយ គឺខ្មែរក្រហមបានអនុញ្ញាតឲ្យប្រជាជនទាំងនោះរស់នៅក្នុងភូមិនោះដដែល រួមមាន ៖ ភូមិត្រពាំងផ្អាវ, ភូមិបុសតូច, ភូមិសេកយំ, ភូមិព្រៃតាយ័ន្ត និងភូមិត្រពាំងថ្កូវ។
(ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ខ្ញុំនិងប្រជាជននៅក្នុងភូមិដែលខ្មែរក្រហមសង្ស័យ ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំជ្រុងពពេល ដែលមានចម្ងាយប្រមាណជាង១៥គីឡូម៉ែត្រពីភូមិចាស់ដែលខ្ញុំធ្លាប់រស់នៅ។ មួយឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានជម្លៀសបន្តឲ្យទៅរស់នៅ ឃុំជីផុច ស្ថិតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង វិញ។ ខ្ញុំបានទៅដល់ស្រុកមេសាង ខេត្តព្រៃវែងចំពេលរដូវប្រមូលផល និងមានស្រូវទុំពណ៌មាសពាសពេញវាលស្រែ។
បន្ទាប់ពីខ្ញុំបានទៅដល់ឃុំជីផុចបានមួយរយៈ មេភូមិបានសួររកអ្នកដែលចេះធ្វើកណ្ដៀវ។ ដោយសារខ្ញុំមិនចង់ឲ្យមេភូមិដឹងពីប្រវត្តិរបស់ខ្ញុំ និងមិនចង់ធ្វើកិច្ចការនេះ ទើបខ្ញុំឆ្លើយកុហក់។ ប៉ុន្តែក្នុងចំណោមប្រជាជនដែលខ្មែរក្រហមជម្លៀសទៅជាមួយខ្ញុំ និងប្រជាជនដែលធ្លាប់រស់នៅជិតភូមិរបស់ខ្ញុំបានប្រាប់មេភូមិតាមត្រង់ថា ខ្ញុំចេះធ្វើកណ្តៀវ និងធ្លាប់បង្រៀនក្មេងៗនៅសាលាវត្ត។ ទោះបីយ៉ាងណា មេភូមិដែលបានសួរខ្ញុំមិនបានយកទោសពៃរ៍ខ្ញុំឡើយ។ ចាប់តាំងពីពេលនោះមក មេភូមិក៏បានចាត់តាំងឲ្យខ្ញុំធ្វើការនៅក្នុងក្រុមជាងធ្វើកណ្ដៀវ។ កងធ្វើកណ្តៀវនេះត្រូវបានបែងចែកជាបី គឺក្រុមជាងធ្វើណ្តៀវ ក្រុមរកធ្យូង និងក្រុមរកដែក។ ដោយសារពិបាកធ្យូងរក ក្រុមរបស់ខ្ញុំត្រូវកាប់ និងដុតដើមផ្ចឹកធំៗដែលមានខ្លឹមដើម្បីយកធ្យូងល្អៗយកប្រើប្រាស់នៅឡដែក។ ចំណែកដែកវិញមិនពិបាករកទេ ព្រោះក្រុមរបស់ខ្ញុំអាចយកបំណែកអំបែងគ្រាប់បេយកមកធ្វើជាឧបករណ៍ប្រើប្រាស់បាន។
មានមិត្តនារីៗនៅក្នុងភូមិតែងតែមកពឹងពាក់ខ្ញុំឲ្យជួយ នៅពេលកណ្តៀវរបស់មិត្តនារីទាំងនោះច្រូតលែងមុត។ ខ្ញុំសង្កេតឃើញថាកណ្ដៀវរបស់មិត្តនារីៗទាំងនោះច្រូតមិនមុត ដោយសារផ្លែកណ្តៀវធ្វើពីដែកទន់ និងចិតមុខមិនបានស្រួច ដូច្នេះនៅពេលច្រូតស្រូវយូរនឹងឆាប់រឹល។ ដោយសារខ្ញុំធ្វើកណ្ដៀវបានស្អាត និងមុត ទើបប្រធានក្រុមស្រឡាញ់ និងពេញចិត្តខ្ញុំ។ ដូច្នេះ ខ្ញុំទទួលបានរបបអាហារច្រើនជាងប្រជាជនជម្លៀសផ្សេងទៀត ព្រោះក្រៅពីធ្វើ កណ្ដៀវ ខ្ញុំអាចបានធ្វើកាំបិត ចប និងឧបករណ៍ផ្សេងៗទៀតសម្រាប់ប្រជាជននៅក្នុងសហករណ៍ប្រើប្រាស់។ ទោះបីយ៉ាង ការងារជាងស្មិត គឺខ្ញុំត្រូវប្រើកម្លាំងខ្លាំងដើម្បីដំដែក និងត្រូវកម្តៅជាប្រចាំ។ ខ្ញុំមិនដែលគិតថាមុខរបរនេះអាចជួយឲ្យខ្ញុំអាចរួចផុតពីសេចក្ដីស្លាប់ និងបានហូបគ្រប់គ្រាន់ឡើយ។
(ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានរៀបចំជម្លៀសប្រជាជនជាច្រើនគ្រួសារដែលរស់នៅក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ឲ្យទៅកាន់ខេត្តពោធិ៍សាត់។ នៅថ្ងៃចេញដំណើរ មេភូមិបានរៀបចំអាហារជាច្រើនសម្រាប់ប្រជាជនហូបតាមផ្លូវ។ មេភូមិបានកាប់គោ និងជ្រូកធ្វើម្ហូប ហើយបាននិយាយថា នៅពេលទៅដល់ពោធិ៍សាត់បងប្អូននឹងមានអាហារហូបច្រើនជាងនេះទៀត។ ប្រជាជនជម្លៀសបានធ្វើដំណើរទៅដល់អ្នកលឿង និងឈប់រង់ចាំកប៉ាល់ទឹកមកដឹកជញ្ជូនបន្តទៅកាន់ខេត្តពោធិ៍សាត់។ ប៉ុន្តែនៅពេលមេក្រុមរបស់ខ្ញុំមិនបានកត់ឈ្មោះខ្ញុំ និងគ្រួសារឲ្យទៅខេត្តពោធិ៍សាត់ជាមួយប្រជាជនជម្លៀសទាំងនោះទេ។ ដូច្នេះខ្ញុំក៏បានសុំមេក្រុមឲ្យបញ្ជូនឈ្មោះខ្ញុំ និងគ្រួសារទៅដែរ ដោយខ្ញុំបានប្រាប់ថាខ្ញុំចង់ទៅជុំជាមួយអ្នកភូមិខ្ញុំ ព្រោះយើងមកពីភូមិជាមួយគ្នា។ មេក្រុមដែលបានស្គាល់ខ្ញុំបានលួចខ្សឹបប្រាប់ខ្ញុំថា «អ្នកទាំងនោះនឹងត្រូវបានយកទៅសម្លាប់ ដូច្នេះសូមមិត្តកុំទៅ»។ ខ្ញុំនៅតែមិនជឿពាក្យសម្ដីរបស់មេក្រុម។ មេក្រុមបានចាត់តាំងឲ្យខ្ញុំនៅធ្វើកណ្ដៀវ នៅឃុំជីផុច រហូតដល់កងទ័ពវៀតណាមចូលមករំដោះ នៅក្នុងឆ្នាំ១៩៧៩ ទើបខ្ញុំវិលត្រឡប់មករស់នៅស្រុករំដួលវិញ។
នៅឆ្នាំ១៩៨៧ ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាអនុឃុំពងទឹក ហើយឆ្លៀតពេលខ្ញុំទំនេរខ្ញុំបានប្រកបមុខរបរធ្វើកាំបិត និងកណ្ដៀវ។ ក្នុងមួយថ្ងៃខ្ញុំអាចធ្វើកណ្ដៀវបានប្រមាណ១០០ សម្រាប់អ្នកភូមិដែលទិញយកទៅលក់បន្តនៅតាមភូមិស្រុកផ្សេង។ មុខរបរធ្វើ កាំបិត និង កណ្ដៀវ របស់ខ្ញុំអាចរកប្រាក់ចិញ្ចឹមគ្រួសារ ប៉ុន្តែក៏ហត់នឿយខ្លាំងដែរ។ ក្រោយមកខ្ញុំត្រូវបានជ្រើសតាំងជាប្រធានឃុំ រហូតដល់ខ្ញុំត្រូវចូលនិវត្តនៅឆ្នាំ២០១៧៕SRN