ឈប់ហៅវីរុស COVID-19 ថា “វីរុសកូរ៉ូណាវូហាន”

ឈប់ហៅវីរុសកូរ៉ូណាថ្មី ថា “វីរុសកូរ៉ូណាវូហាន” ហើយចាប់ផ្តើមហៅវាថា “កូវីដ១៩” (Covid-19)។ នោះជាឈ្មោះណែនាំដោយអង្គការសុខភាពពិភពលោកសម្រាប់ជំងឺនេះ។

ខណៈការកំណត់អត្តសញ្ញាណជំងឺថ្មីចេញពីប្រភពដើមរបស់វាហាក់ដូចជាសមហេតុផលនោះ ប្រវត្តិនានាបានបង្ហាញថា ការធ្វើបែបនេះអាចបង្កផលប៉ះពាល់ដល់ប្រជាជន ដែលរស់នៅទីនោះ។

ផលវិបាកអាចមានដូចជាការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចព្រោះភ្ញៀវដកថយ ការវិនិយោគធ្លាក់ចុះ និង សាមគ្គីភាពរវាងប្រជាជនចុះខ្សោយ។ ការផ្សារភ្ជាប់ជំងឺជាមួយនឹងទីកន្លែងជាក់លាក់ណាមួយអាចនាំឱ្យមានការរើសអើងនិងការមើលងាយ និង ការចៀសវាងទីក្រុងឬភូមិនោះតែម្តង។

  • ប្រពៃណីចាស់វស្សាក្នុងការដាក់ឈ្មោះជំងឺយកតាមឈ្មោះទីកន្លែង

ការសម្រាំងយកទីកន្លែងណាមួយនៅពេលកំណត់អត្តសញ្ញាណជំងឺ គឺមានប្រវត្តិយូរយារណាស់មកហើយ។

នៅសតវត្សរ៍ទី ១៩ នៅពេលការធ្វើពាណិជ្ជកម្មនិងការចល័តទីលើពិភពលោកបាននាំឱ្យជំងឺអាសន្នរោគរាលដាលពាសពេញពិភពលោកពីប្រភពដើមនៅតំបន់ដីសណ្តរទន្លេគង្គា ជំងឺនេះភ្លាមនោះបានក្លាយជា “ជំងឺអាសន្នរោគអាស៊ី”។

ឈ្មោះនេះបានបន្តដក់ជាប់អស់ជាច្រើនទសវត្សរ៍ ដោយគេប្រើវាដើម្បីស្តីបន្ទោសទ្វីបអាស៊ីទាំងមូលចំពោះជំងឺអាសន្នរោគ ដែលរាលដាលគ្រប់ទីកន្លែង ព្រោះតែកង្វះអនាម័យ។

សម្រាប់ជនជាតិអឺរ៉ុបនិងអាម៉េរិកនាសម័យនោះ ទ្វីបអាស៊ីគឺជាទីកន្លែងឆ្ងាយសែនឆ្ងាយ។ ការហៅជំងឺអាសន្នរោគជាជំងឺអាស៊ី គឺសមស្របនឹងទស្សនៈចក្រពត្ដិជ្រុលនិយមដែលស្អប់បញ្ញវន្ត និង ស្អប់វប្បធម៌របស់ប្រជាជនមិនមែនជនជាតិស្បែកសនៅទូទាំងពិភពលោក និង បង្ហាញហេតុផលត្រឹមត្រូវចំពោះការធ្វើអាណានិគមរបស់ពួកស្បែកសលើពិភពលោក។

វាក៏បានជួយបង្ហាញភាពសមហេតុសមផលអំពីវិធានការដាច់ដាច់ដោយឡែកនិងការរឹតបន្តឹងលើការធ្វើដំណើរសម្រាប់ជនជាតិ “អាស៊ី” នាសម័យនោះផងដែរ។ ឧទាហរណ៍ជាក់ស្តែង អ្នកធ្វើធម្មយាត្រាមូស្លីមដែលធ្វើដំណើរទៅទីក្រុងមេកាពីអាស៊ីខាងត្បូងត្រូវតែគោរពតាមច្បាប់ផ្សេងខុសពីនាវាកងទ័ពអឺរ៉ុប ដែលធ្វើដំណើរតាមផ្លូវតែមួយ។

គំនិតអំពីការដាក់ឈ្មោះជំងឺបានផ្លាស់ប្តូរបន្ទាប់ពីចុងសតវត្សរ៍ទី ១៩ នៅពេលអ្នកវិទ្យាសាស្ត្រអាចប្រើបច្ចេកទេសមន្ទីរពិសោធន៍ថ្មីដើម្បីភ្ជាប់ធាតុបង្កជំងឺជាក់លាក់ ដូចជា បាក់តេរី ប៉ារ៉ាស៊ីត និង វីរុស ដើម្បីបញ្ជាក់ទៅលើជំងឺណាមួយ។

ប៉ុន្តែបច្ចេកទេសថ្មីនេះក៏អនុញ្ញាតផងដែរឱ្យអ្នកស្រាវជ្រាវភ្ជាប់ភ្នាក់ងារបង្ករោគជាមួយប្រជាជនក្នុងតំបន់ជាក់លាក់មួយ។ ក្រោយមក ការដាក់ឈ្មោះជំងឺតាមទីកន្លែងបានក្លាយជាបទដ្ឋានស្តង់ដាររហូតមកទល់សព្វថ្ងៃ។

ដូច្នេះ ជំងឺគ្រុនរីហ្វវ៉លឡេ (Rift Valley Fever) ដែលបង្កឡើងដោយវីរុសក្នុងពពួកគ្រួសារមេរោគ Bunyaviridae ទទួលបានឈ្មោះរបស់វាពីតំបន់អាណានិគមកេនយ៉ា កន្លែងដែលវាត្រូវបានគេរាយការណ៍ដំបូង។

វីរុសហានតា (Hantaviruses) ត្រូវបានផ្សារភ្ជាប់ទៅនឹងតំបន់ទន្លេហានតា (Hantan River) នៃប្រទេសកូរ៉េខាងត្បូង កន្លែងដែលវេជ្ជបណ្ឌិត ហូ វ៉ាងលី បានរកឃើញវីរុសនេះជាលើកដំបូង។

វីរុសអេបូឡា (EVD) ទទួលបានឈ្មោះដ៏ល្បីរបស់វាពីទន្លេក្បែរភូមិក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កន្លែងដែលអ្នកវិទ្យាសាស្ត្រអាម៉េរិកនិងអឺរ៉ុបបានកំណត់អត្តសញ្ញាណមេរោគនោះ។

ការផ្តោតលើទីកន្លែងជាក់លាក់ណាមួយ នឹងបង្កើតផលប៉ះពាល់ទៅលើទីកន្លែងនោះ ចៀសមិនរួចនោះឡើយ។

គ្មានអ្វីប្លែកទេអំពីភូមិឡាសាក្នុងប្រទេសនីហ្សេរីយ៉ា បើប្រៀបធៀបនឹងភូមិដទៃទៀតដែលមានចម្ងាយបួនប្រាំគីឡូម៉ែត្រពីទីនោះ។ ភូមិឡាសាគ្រាន់តែជាកន្លែងដំបូងប៉ុណ្ណោះដែលអ្នកផ្សព្វផ្សាយសាសនាស្បែកសបានស្លាប់ ហើយទាក់ទាញចំណាប់អារម្មណ៍របស់អាជ្ញាធរ។

ហើយភ្លាមៗបន្ទាប់ពីនោះ “ជំងឺគ្រុនឡាសា” បានក្លាយជាឈ្មោះផ្លូវការរបស់ជំងឺ ដោយធ្វើឱ្យភូមិឡាសាសព្វថ្ងៃសល់តែស្រមោលចាស់របស់ខ្លួនប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស

“កូវីដ១៩” ជាឈ្មោះផ្លូវការ ដែលអង្គការសុខភាពពិភពលោកដាក់ឱ្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...