ប្រធានាធិបតីចិន លោកស៊ី ជីន ពីង បានផ្ញើលិខិតមួយទៅសម្តែងការអរគុណមូលនិធិBill & Melinda Gates Foundation របស់មហាសេដ្ឋីប៊ីល ហ្គេត ចំពោះទឹកចិត្តសប្បុរសរបស់អង្គការនេះ និងការគាំទ្ររបស់វាក្នុងការប្រឈមដោះស្រាយការឆ្លងរាលដាលនៃកូរ៉ូណាវីរុស,នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិនកាលពីថ្ងៃសៅរ៍ទី២២កុម្ភៈ។
ការផ្ទុះជម្ងឺផ្លូវដង្ហើមបង្កឡើងពីកូរ៉ូណាវីរុសថ្មី COVID-19បានឆក់យកជីវិតមនុស្សអស់២.៣៤៥នាក់នៅចិនដីគោក និងបានចម្លងទៅមនុស្សជាង៧៦.០០០នាក់នៅទូទាំងពិភពលោកនៅជាងម្ភៃប្រទេស។
មុននេះក្នុងខែកុម្ភៈ អង្គការBill and Melinda Gates Foundation បានសន្យាផ្តល់ប្រាក់១០០លានដុល្លារសំរាប់ការឆ្លើយតបសកលចំពោះការផ្ទុះជម្ងឺនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ លោកប្រធានាធិបតីស៊ី បានសរសេរថា « ខ្ញុំសូមវាយតំលៃខ្ពស់ចំពោះអំពើសប្បុរសធម៌នៃអង្គការ Bill & Melinda Gates Foundation និងលិខិតរបស់អ្នកដែលសម្តែងសាមគ្គីភាពជាមួយប្រជាជនចិនក្នុងពេលដ៏សំខាន់ដូច្នេះ។ចិនកំពុងស្ថិតក្នុងកាលៈទេសៈដ៏សំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះជម្ងឺឆ្លង»។
ក្នុងលិខិត លោកស៊ីបានសរសេរទៀតថា «យើងកេណ្ឌកម្លាំងមួយប្រទេសនិងប្រកាន់យកវិធានការម៉ឺងម៉ាត់មិនធ្លាប់មានពីមុនដើម្បីទប់និងសម្រាលការឆ្លងរាលដាលហើយខិតខំព្យាបាលអ្នកជម្ងឺ។វិធានការពិសេសទាំងនេះ កំពុងផ្តល់ផលធំដុំជាបន្តបន្ទាប់»។
សូមបញ្ជាក់ថា មនុស្សរាប់លាននាក់នៅចិនកំពុងត្រូវបង្ខាំងនៅតាមទីក្រុងផ្ទុះជម្ងឺ ជាពិសេសក្នុងខេត្តហ៊ូប៉ី កន្លែងវីរុសបានបង្ហាញមុខមុនគេកាលពីខែធ្នូឆ្នាំមុន តែចំនួនអ្នកឆ្លងវីរុសនេះនៅចិនកំពុងធ្លាក់ចុះជាប្រចាំ ហើយអ្នកជាចេញពីមន្ទីរពេទ្យក្នុងមួយថ្ងៃៗកាន់តែច្រើនផងដែរ។
មូលធិនិនេះក៏បាននិយាយថា ខ្លួននឹងជួយប្រាក់២០លានដុល្លារទៅអោយអង្គការនានា ដូចជាអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលអាម៉េរិកសំរាប់គ្រប់គ្រងនិងបង្ការជម្ងឺ គណៈកម្មាធិការសុខាភិបាលជាតិចិន និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជម្ងឺចិន៕ប្រែសម្រួលៈវាសនា

អង្គការBill and Melinda Gates Foundation បានសន្យាផ្តល់ប្រាក់១០០លានដុល្លារសំរាប់ការឆ្លើយតបសកលចំពោះការផ្ទុះជម្ងឺនេះ