ចិន​បញ្ជូន​នាវា​ទេសចរណ៍​៧​គ្រឿង​ទៅ​ធ្វើ​ជា​”​សណ្ឋាគារ​” សម្រាប់​គ្រូពេទ្យ​នៅ​ទីក្រុង​វូ​ហាន​

577
ចែករម្លែក

​ប្រែ​សម្រួល​៖​សុខា​

​នាវា​ទេសចរណ៍ ៧​គ្រឿង​នៅ​ទន្លេ​យ៉ាង​សេ​ត្រូវបាន​ប្រើ​ជា​”​សណ្ឋាគារ​ទឹក​”​សម្រាប់​បុគ្គលិក​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​វីរុស​COVID-19​នៅ​ទីក្រុង​វូ​ហាន​​ប្រទេស​ចិន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺឆ្លង​នេះ​។​

​រដ្ឋបាល​នៃ​ក្រុង​យី​ចាង​នៅ​ខេត្ត​ហ៊ូ​ប៉ី បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​ថា ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ដឹកជញ្ជូន​នោះ​នាវា​ដែល​បម្រើការ​ក្នុង​​វិស័យ​ទេសចរណ៍​ទាំងនេះ នៅ​តំបន់​ជ្រោះ​បី​(Three Gorges )​កំពុងធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​វូ​ហាន តាម​ចម្ងាយ​ផ្លូវទឹក​៦៦០ គីឡូម៉ែត្រ​នៅ​ទន្លេ​យ៉ាង​សេ​។​

​នាវា​ទេសចរណ៍​ចំនួន​៦​គ្រឿង ក្នុងចំណោម​នាវា​ចំនួន​៧​គ្រឿង​ត្រូវបាន​ចុះបញ្ជី​នៅ​ទីក្រុង​យី​ចាង​ហើយ​មួយទៀត​ត្រូវ​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ឆុង​ឈី​ញ​ភាគ​ខាង​​លិច​នៃ​ប្រទេស​ចិន​។​

​នាវា​ទេសចរណ៍​ទាំង​៧ គ្រឿង​នេះ មាន​គ្រែ​សរុប​ចំនួន​១.៤៦៩ គ្រែ ហើយ​នាវា​នីមួយៗ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​មាន​ទឹក​ស្អាត ព្រមទាំង​ កន្លែង​ផ្គត់ផ្គង់​ថាមពល​។​

​នាវា​ទាំងនោះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​អាហារ​សុវត្ថិភាព​និង​ការ​ស្នាក់​នៅ​ល្អ​សម្រាប់​គ្រូពេទ្យ​ទាំងនោះ​ដើម្បី​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ស្រាយ​ឡើងវិញ​​បន្ទាប់​ពី​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​រាលដាល​នេះ​។​

​គណៈកម្មការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ករណី​សរុប​នៃ​ការឆ្លង​វីរុស​នៅក្នុង​ខេត្ត ដែល​រងគ្រោះ​ខ្លាំង​នេះ បាន​កើនឡើង​ដល់ ៦២.៦៦២​ករណី​។ ​ទីក្រុង​វូ​ហាន​ដែល​នៅ​ខេត្ត​នេះ មាន​ចំនួន​ករណី​ឆ្លង​សរុប​ចំនួន ៤៥. ៣៤៦​ករណី​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវា​ទេសចរណ៍ ៧​គ្រឿង​នៅ​ទន្លេ​យ៉ាង​សេ​កំពុង​ត្រូវ​បញ្ជូន​ទី​វូ​ហាន ត្រូវបាន​ប្រើ​ជា​”​សណ្ឋាគារ​”​សម្រាប់​បុគ្គលិក​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​វីរុស​COVID-19