ចារទុកក្នុងបេះដូងថា «កុំតែបានសន្តិភាពគឺគ្មានទេថ្ងៃនេះ»

169
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋឳ្យចារទុកក្នុងបេះដូងថា« កុំតែបានសន្តិភាព គឺគ្មានថ្ងៃនេះ» គ្មានទេការអភិវឌ្ឍ និងគ្មានទេសម្រាប់ការជួបជុំរីករាយ ប្រកបដោយស្នាមញញឹករាក់ទាក់នឹងគ្នារបស់ប្រជាពលរដ្ឋនោះ។

នេះជាការថ្លែងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នង និងផ្លូវបេតុងចំនួន ពីរ ខ្សែនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២០។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា សមិទ្ធផលសាលារៀនមួយខ្នង មានចំនួន ប្រាំ បន្ទប់របស់សាលាបឋមសិក្សា-អនុវិទ្យាល័យមេមាំង និងផ្លូវក្រាលបេតុងចំនួន ពីរ ខ្សែស្មើនឹង ៥.១៤០ម៉ែត្រ ស្ថិតក្នុងឃុំល្វា ស្រុកព្រៃឈរដែលយើងបានដាក់សម្ពោធនាពេលនេះ គឺបានកើតឡើងដោយសារសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ដោយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យធនធានមនុស្ស និងវិស័យផ្លូវថ្នល់ជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពចំនួន បួន របស់រដ្ឋាភិបាលបានដាក់ចេញដើម្បីអភិវឌ្ឍន៍នោះ។

លោកបានមានប្រសាសន៍បន្ថែមថា អ៊ីចឹងទេ សន្តិភាពពិតជាមានតម្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋ។ មានន័យថា មានសន្តិភាព គឺមានការអភិវឌ្ឍ ដែលជាក់ស្តែងនៅចំពោះមុខនេះ គឺមានពាក្យស្លោកសរសេរថា « អរគុណ!សន្តិភាព» គឺជាពាក្យដាស់តឿន អំពាវនាវប្រាប់ឳ្យប្រជាពលរដ្ឋយើងទាំងអស់ចារទុកក្នុងបេះដូងថា « កុំតែបានសន្តិភាព គឺគ្មានទេថ្ងៃនេះ» គ្មានទេការអភិវឌ្ឍ និងគ្មានទេការជួបជុំរីករាយ ប្រកបដោយស្នាមញញឹមរាក់ទាក់ដាក់គ្នា។

លោកបានមានប្រសាសន៍បន្តថា «សន្តិភាព» ពិតជាបានផ្តល់នូវតម្លៃប្រកបដោយភាពសុខសាន្ត។ ដោយបច្ចុប្បន្នអ្វីៗ ដែលបានដាក់សម្ពោធនាពេលនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បានផ្តល់ជាសេវាដល់ប្រជាពលរដ្ឋមាន សេវាអប់រំ សេវាសម្របសម្រួលមធ្យោបាយដឹកជញ្ជួន ។ល។ គឺជាមោទនភាពក្នុងការរស់នៅនាសម័យកាលប្រកបដោយសុខសន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តីនោះ៕/b

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ