ការចាប់ខ្លួន​អតីត​មេដឹកនាំ​កាតា​ឡាន​នៅ​អាល្លឺម៉ង់​បង្កឱ្យមាន​ការតវ៉ា​ដ៏​ធំ​

1309
ចែករម្លែក

​ប្រាំ​ខែ​បន្ទាប់ពី​ការរត់​គេចខ្លួន​ពី​អាជ្ញាធរ​អេ​ស្ប៉ា​ញ អតីត​ប្រធានាធិបតី​កាតា​ឡាន ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​តាម​ដីកាចាប់ខ្លួន​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​មីនា​ដោយ​ប៉ូលិស​ផ្លូវ​ហា​វ៉េ បន្ទាប់ពី​មេដឹកនាំ​បំបែក​ខ្លួន​រូបនេះ​បាន​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ដា​ណឺ​ម៉ាក​។​

​ការចាប់ខ្លួន​លោក ខា​ឡេស ផុ​ច​ដេ​ម៉ុ​ន (Carles Puigdemont) ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អេ​ស្ប៉ា​ញ បាន​បង្កឱ្យមាន​ការប្រឆាំង​តវ៉ា​ពី​មនុស្ស​រាប់ម៉ឺន​នាក់​នៅ​រដ្ឋធានី​បា​សេ​ឡូ​ណា របស់​តំបន់​ស្វយ័ត​កាតា​ឡូ​ញ៉ា (Catalonia) និង​ទីក្រុង​ដទៃទៀត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​។ បាតុករ​ខ្លះ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​បង្ក្រាប​កុបកម្ម​បណ្តាលឱ្យ​ជន​ស៊ីវិល​និង​ប៉ូលិស​ជាង ៥០ នាក់​រងរបួស និង​នាំទៅដល់​ការចាប់ខ្លួន​មនុស្ស ៤ នាក់​។ លោក​ផុ​ច​ដេ​ម៉ុ​ន​នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ ទី​២៦ មីនា​នេះ​។​

​អេ​ស្ប៉ា​ញ​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល ៤ ទសវត្សរ៍​មកនេះ នៅពេលដែល​រដ្ឋាភិបាល​របស់លោក​ផុ​ច​ដេ​ម៉ុ​ន បាន​បំពាន​ការហាមឃាត់​របស់​តុលាការ ហើយ​បានធ្វើ​ប្រជាមតិ​មួយ​ស្តីពី​ឯករាជ្យភាព​សម្រាប់​តំបន់​ភាគ​ឦសាន​មួយ​នេះ​កាលពី​ខែតុលា​។​

​ក្រោយមក​ការប្រកាស​ឯករាជ្យ​រប​ស់​សភា​កាតា​ឡាន​មិនបាន​ទទួលបាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​និង​នាំឱ្យមាន​ការដណ្តើម​ការ​គ្រប់គ្រង​រដ្ឋាភិបាល​តំបន់​នេះ​ដោយ​អាជ្ញាធរ​អេ​ស្ប៉ា​ញ ដែល​ពួកគេ​និយាយថា​នឹងមិន​ត្រូវបាន​ដកចេញ​វិញ​ឡើយ រហូត​ទាល់​តែមាន​រដ្ឋាភិបាល​ថ្មី ដែល​គោរព​រដ្ឋធម្មនុញ្ញ​អេ​ស្ប៉ា​ញ​នៅនឹងកន្លែង​។​

​ការិយាល័យ​រដ្ឋអាជ្ញារ​បស់​អេ​ស្ប៉ា​ញ​និយាយថា ខ្លួន​កំពុង​ទាក់ទង​ជាមួយ​ភាគី​អាល្លឺម៉ង់​ដើម្បី​អនុវត្ត​សំណើ​របស់ខ្លួន​ដើម្បី​ធ្វើ​បត្យាប័ន​លោក​ផុ​ច​ដេ​ម៉ុ​ន​មក​ប្រទេស​អេ​ស្ប៉ា​ញ កន្លែង​ដែល​គាត់​ប្រឈម​នឹង​ការចោទប្រកាន់​នានា រួមទាំង​ការបះបោរ ដែល​អាចដាក់​គាត់​នៅក្នុង​គុក​រហូតដល់ ៣០ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស


​រូប​៖ លោក ខា​ឡេស ផុ​ច​ដេ​ម៉ុ​ន អតីត​ប្រធានាធិបតី​របស់​កាតា​ឡូ​ញ៉ា

បាតុករ​រាប់ម៉ឺន​នាក់​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​នៅតាម​ទីក្រុង​នានា​នៅ​ភាគ​ឦសាន​អេ​ស្ប៉ា​ញ

ទីតាំងផ្សាយពាណិជ្ជកម្ម