ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មានសេចក្តីរាយការណ៍មកថា ទូកឈើដឹកសម្ភារៈមួយគ្រឿងបានលិចនៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុងនិងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះ ពេលដោយសារព្យុះរលកសមុទ្រ។
បើតាមឯកឧត្តមនាវីឯកទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹកនិងជាមេបញ្ជាការទីបញ្ជាជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រប្រាប់ឲ្យដឹងថា ភ្លាមៗក្រោយកើតហេតុកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមសហការបន្ថែមពីក្រុមហ៊ុនទូកទេសចរណ៍GTVC របស់លោកឧកញ៉ាទៀ វិចិត្រនិងអូបរ័របស់លោកដេវីត បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សដែលជិះក្នុងទូកនេះ ដោយជាបឋមស្រង់បានចំនួន៥នាក់ ក្នុងចំណោមអ្នកនៅលើទូកសរុប៧នាក់។
ក្នុងនោះជនរងគ្រោះ២នាក់ក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកទៅប្រគល់ជូនសមត្ថកិច្ចនៅកោះរ៉ុង។ ចំណែក៣នាក់ទៀតកម្លាំងទីបញ្ជាការជួរមុខបានទទួលយកមកដល់កន្លែងសុវត្ថិភាពហើយ និងនៅបាត់ខ្លួន២នាក់ទៀតកំពុងស្វែងរកបន្ត៕/B