ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលាអាស៊ាន កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០បានបង្ហាញថា កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា COVID-19 ៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០លោកផាមប៊ិនមិញឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមបានដឹកនាំកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងគោលបំណងលើកកម្ពស់ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនិងការឆ្លើយតបរួមរបស់អាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមដែលបណ្តាមកពីការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 ។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួបរួមគ្នាជាធ្លុងមួយនិងមានការឆ្លើយតបខ្ពស់របស់អាស៊ានក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងCOVID19និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការទប់ស្កាត់នូវផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន។
កិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19)ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីករណីជំងឺឆ្លង COVID-19 ក្រោមការដឹកនាំដោយសហប្រធានដែលមានរដ្ឋមន្ត្រីការបរទេសហ្វីលីពីនជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-ចិននិងរដ្ឋមន្ត្រីការបរទេសចិនរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងនូវទំនុកចិត្តយ៉ាងពេញលេញចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលនឹងអាចជំនះលើជំងឺឆ្លង COVID-19 ។ ជាកិច្ចឆ្លើយតប លោកសហប្រធាន វ៉ាង យី បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះ សមានចិត្ត ការគាំទ្រ និងជំនួយរបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនបានកត់សម្គាល់ដោយការពេញចិត្តចំពោះការឆ្លើយតបរួមជាបន្ទាន់ និងសាមគ្គីភាពជាប្រពៃណី ក៏ដូចជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសការចាត់វិធានការដ៏ម៉ឺងម៉ាត់ដើម្បីដោះស្រាយជំងឺឆ្លងCOVID19តាមរយៈការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស នឹងកិច្ចខិតខំប្រឹងប្រែងចាំបាច់នានា ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺ និងការការពារសន្តិសុខសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងវិធានការសម្របសម្រួលរវាងអាស៊ាននិងចិនមានជាអាទិ៍៖បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងនឹងជំងឺឆ្លង COVID-19 តាមរយៈការចែករំលែក ព័ត៌មាន និងឧត្តម្មានុវត្តឱ្យបានទាន់ពេលវេលា។ ជំរុញឱ្យមានកិច្ចសន្ទនាគោលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានវិវត្តន៍ចុងក្រោយអំពីជំងឺឆ្លង COVID19ដែលរួមមានការត្រួតពិនិត្យនិងការព្យាបាល។ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង នឹងជាការរើបឡើងវិញនូងជំងឺឆ្លង រួមមានករណី COVID-19 ជាដើម។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានឆ្លៀតឱកាសនេះជម្រាបជូនកិច្ចប្រជុំអំពីវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID19ជាពិសេសការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍Westerdamចូលសំចតនៅកំពង់ផែព្រះសីហនុដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់និងប្រុងប្រយ័ត្នបំផុតអនុលោមតាមបទប្បញ្ញត្តិសំខាន់ៗរបស់អង្គការសុខភាពពិភពលោក និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលអន្តរជាតិនានា ដូចជាអង្គការសុខភាពពិភពលោកមជ្ឈមណ្ឌលអាឡឺម៉ង់សម្រាប់ការស្រាវជ្រាវជំងឺឆ្លងនិងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តជួយ និងសហការយ៉ាងក្លៀវក្លាជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 និងដោយមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបន្តជំរុញការសម្របសម្រួល និងសហការជាមួយចិន ក្នុងការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុងជំងឺឆ្លង COVID-19 នេះ។
ទន្ទឹមពេលជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះសំណើរបស់ប្រទេសចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៥៖កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ដែលមានលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជាសហប្រធាននិងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា មីយ៉ាន់ម៉ាថៃនិងវៀតណាមបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ព្រមទាំងការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំមេគង្គ-ឡានឆាង (២០១៨-២០២២)។ វឌ្ឍនភាពនេះ បានរួមចំណែកដល់ការជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដែគូ ក្នុងចំណោមបណ្ដាប្រទេសមេគង្គ-ឡានឆាង។
រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង បានអះអាងសារជាថ្មីនិងជាឯកច្ឆ័ន្ទ ការបន្តគាំទ្រប្រព័ន្ធពហុភាគីនិយម ប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើមូលដ្ឋានច្បាប់និងមានអង្គការពាណិជ្ជកម្មពិភពលោកជាមូលដ្ឋានគ្រឹះ។ រដ្ឋមន្ត្រីបានឯកភាពគ្នាក្នុងការជំរុញកិច្ចសន្ទនាក្នុងចំណោមគណបក្សនយោបាយ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចវប្បធម៌និងប្រជាជនព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលរួមមាន ភេរវកម្ម បទឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធឺណេត គ្រោះធម្មជាតិ ជម្ងឺឆ្លង ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ និងការរត់ពន្ធនិងការជួញដូរសព្វាវុធ។
រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងបានស្វាគមន៍លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជាអ្នកអង្កេតការណ៍នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក និងបានឯកភាពក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្របខ័ណ្ឌមេគង្គ-ឡានឆាង ជាមួយនឹងយន្តការកិច្ចសហប្រតិបត្តិការតំបន់ និងអនុតំបន់នានា ដោយឈរលើស្មារតីបើកចំហរ បរិយាប័ន្ន និងបំពេញបន្ថែម។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតបតិ្តការមេគង្គ-ឡានឆាង គឺជាក្របខណ្ឌសាមគ្គីភាពដ៏សំខាន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការជំរុញវិបុលភាពរួមនៅក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសមេគង្គ និងចិន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ ក្នុងការកសាង «សហគមន៍ដែលរួមអនាគតប្រកបដោយសន្តិភាព និងវិបុលភាព»។
លោកឧបនាយករដ្ឋមន្ត្រីបានជំរុញប្រទេសសមាជិកមេគង្គ-ឡានឆាងបង្កើនកិច្ចសហ-ប្រតិបត្តិការបន្ថែមទៀតតាមរយៈការស្វែងរកនូវគម្រោងធំៗដែលអាចឆ្លើយតបឱ្យបានពេញលេញទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គមស្ថិតក្រោមរបៀបវារៈអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នងការពង្រឹងយន្តការតាមដាននូវការអនុវត្តវិស័យអាទិភាពនីមួយៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដោយផ្អែកលើប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃដ៏ប្រសើរ សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលដៅដែលបានដាក់ចេញ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមថ្មីរបស់ចិន ស្តីពីច្រករបៀងពាណិជ្ជកម្មដែនគោក-សមុទ្រអន្តរជាតិថ្មីនិងការបង្កើតខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាងដែលនឹងតភ្ជាប់អនុតំបន់មេគង្គដែលជាប៉ូលនៃកំណើនជាមួយដែនដីដ៏ធំនៃប្រទេសចិនដោយមានគោលដៅចំបងក្នុងការបង្កើតថាមភាពសម្រាប់ខ្សែសង្វាក់ផលិតកម្មនៅក្នុងតំបន់ការលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនិងការជំរុញការតភ្ជាប់ទំនាក់ទំនង វប្បធម៌ និងរវាងប្រជាជន និងប្រជាជននៅក្នុងតំបន់។ ក្នុងន័យនេះលោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសមេគង្គ-ឡានឆាងក្នុងការសិក្សាលើលទ្ធភាពនៃការធ្វើសហកម្មរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមនានាខាងលើ ។
កិច្ចប្រជុំបានបញ្ចប់ដោយបានអនុម័តនូវសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការ-បរទេសមេគង្គ-ឡានឆាងលើកទី៥និងកត់សម្គាល់របាយការណ៍ឆ្នាំ២០១៩ស្តីពីការអនុវត្តផែនការសកម្មភាពរយៈពេលប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០១៨,២០២២)ព្រមទាំងបានអនុម័តបញ្ជីគម្រោងគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២០ ដែលមានចំនួនសរុប ១៥២គម្រោង ហើយក្នុងនោះកម្ពុជាបានទទួលគម្រោងសរុបចំនួន២០គម្រោង(ប្រមាណ៧,៧៨លានដុល្លារអាមេរិក)។ គម្រោងទាំងនេះ ភាគច្រើនគ្របដណ្ដប់លើសកម្មភាពនានា ដែលពាក់ព័ន្ធនឹងការកសាងសមត្ថភាព ការអប់រំការកាត់បន្ថយភាពក្រីក្រការផ្ដល់អំណាចដល់ស្ត្រីវប្បធម៌ទេសចរណ៍ការផ្លាស់ប្ដូរបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ បរិស្ថាន ធនធានទឹក និងសមត្ថភាពផលិត៕S/


