ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​ជាន់​ទី​៥ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈដែល​ម្ចាស់ផ្ទះ​កំដៅ​ម្ហូប​ទុកចោល បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ព្រី​ភ្លើង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​បាញ់​ពន្លត់ កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ កែង​១១៨ ភូមិ​១ សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​។

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​ម្ចាស់ផ្ទះ​ជា​ជនបរទេស តែដោយសារ​ម្ចាស់ផ្ទះ​បាន​កំដៅ​ម្ហូប​ក្នុង​ម៉ាស៊ីនកំដៅ​ដោយ​កំណត់​នាទី​រលត់ ស្រាប់តែ​មួ​យស​ន្ធូះ​ក្រោយមក​ក៏មាន​ផ្សែងហុយ​ចេញពីផ្ទះ​ជនបរទេស​ជាន់​ទី​៥ បង្ក​ឲ្យ​ឆេះ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ដល់​សម​ត្ថិ​ច្ច​ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ចំនួន​៤​គ្រឿង ដោយ​ប្រើ​ទឹក​អស់​ចំនួន​៣​គ្រឿង ទើបបាន​រលត់ទៅវិញ​ជា​ស្ថាពរ នៅថ្ងៃនោះ​ដែរ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​ខូចខាត​សម្ភារៈ​មួយចំនួន​តូច តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។ ចំណែក​ម្ចាស់ផ្ទះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​ប៉ុស្តិ៍​ផ្សារកណ្ដាល​១ ដើម្បី​ធ្វើការ​អប់រំ​និង​ណែនាំ​៕ ល​