ដោយ: ម៉ារ៉ា / ភ្នំពេញ: រថយន្តម៉ាកម៉ាស្តាមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តបង្កបែកកង់ខាងមុខទៅលែងរួច អ្នកបើកបរគេចខ្លួនបាត់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ នៅខាងកើតរោងកុនគីរីរម្យប្រមាណជាង ១០០ម៉ែត្រ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
ការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក ម៉ាស្តាមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2Y 8879 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តបង្កតងការខូចខាតផ្នែកខាងមុខខាងធ្វេង និងបែកកង់ទៅមុខលែងរួច។ ភ្លាមៗនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ល