ការប្រកួតបាល់ទាត់Serie A ចំនួនបីប្រកួតនៅថ្ងៃអាទិត្យទី២៣កុម្ភៈ នៅតំបន់ឡុមបាឌីនិងវេណេតូរបស់អ៊ីតាលីខាងជើង ត្រូវបានពន្យារពេលក្រោយការស្លាប់មនុស្ស២នាក់ដោយកូរ៉ូណាវីរុស។
ក្រោមបញ្ជាពីរដ្ឋាភិបាល ការប្រកួតលីកអ៊ីតាលីរួមមានក្លឹប Inter Milan v Sampdoria, Atalanta v Sassuolo និង Hellas Verona v Cagliariត្រូវផ្អាក ។
សូមបញ្ជាក់ថា ទីប្រជុំជនជាច្រើននៅអ៊ីតាលីខាងជើងត្រូវបានរឹតត្បិតការធ្វើដំណើរចាប់ពីថ្ងៃសៅរ៍បន្ទាប់ពីមនុស្ស២នាក់ដែលឆ្លងកូរ៉ូណាវីរុសCOVID-19បានស្លាប់និងផ្ទុះការឆ្លងនៅតំបន់ខាងជើងប្រទេស។អាជ្ញាធរនៅតំបន់ឡុមបាឌីនិងវេណេតូបានបិទសាលារៀន ហាងទំនិញនិងភោជ្ជនីយដ្ឋាន ព្រមទាំងលុបចោលការប្រកួតកីឡានិងពិធីសាសនាMasses។
នៅឡុមបាដី មន្ត្រីសុខាភិបាលបានអះអាងថាមានមនុស្សឆ្លង៥៨នាក់ និង១២នាក់ទៀតឆ្លងនៅ វេណេតូ។
ក្នុងពេលជាមួយគ្នា ចៅហ្វាយក្រុងមីឡង់ ដែលជាទីក្រុងពាណិជ្ជកម្មរបស់អ៊ីតាលី និងជាទីក្រុងនៃតំបន់ឡុមបាឌី បញ្ជាអោយបិទការិយាល័យសាធារណៈ។
នៅអ៊ីរ៉ង់ ការប្រកួតកីឡាទាំងអស់ត្រូវបានផ្អាក១០ថ្ងៃដោយសារតែការផ្ទុះវីរុសCOVID-19។ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់IRNAបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចាប់ពីថ្ងៃ២៤កុម្ភៈ សកម្មភាពនិងព្រឹត្តិការកីឡាទាំងអស់ រួមទាំងការប្រកួតកីឡាបាល់ទាត់ នឹងត្រូវបញ្ឈប់១០ថ្ងៃ។
សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃពុធមកជាថ្ងៃដែលអ៊ីរ៉ង់ប្រកាសការរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសនេះដំបូង COVID-19បានចម្លងមនុស្ស២៩នាក់នៅអ៊ីរ៉ង់ ក្នុងនោះ៦នាក់បានស្លាប់៕ប្រែសម្រួល៖វាសនា

ទីក្រុងនៅអ៊ីតាលីខាងជើងស្ងាត់គ្មានសកម្មភាពមនុស្ស បន្ទាប់ពីការស្លាប់មនុស្សទី២កាលពីថ្ងៃសៅរ៍ដោយCOVID-19