​គណបក្សប្រឆាំង​ថៃ ដែល​ទើប​ត្រូវ​តុលាការ​រំលាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​បាន​ចោទប្រកាន់​អតីត​របប​យោធា​ថៃ​ថា​បាន​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​​រាប់​ពាន់​លាន​ដុល្លារ​នៃ​មូលនិធិ​1MDB​របស់​ម៉ាឡេស៊ី​និង​បាន​អំពាវនាវ​អោយ​ប្រជាជន​ថៃ​ទាមទារ​ការពិត​។​

​ការចោទប្រកាន់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មុន​សភា​ថៃ​ធ្វើ​ការជជែក​ដេញដោល​និង​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន​អូ​ចា​។​

​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែល​ជាប​ក្ស​ធំ​លំដាប់​ទី​៣​នៅក្នុង​សភា​ថៃ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​រំលាយ​ចោល​កាលពី​ថ្ងៃ​សុក្រ​ដោយសារតែ​ការ​ផ្តល់​ឥណទាន​ពី​​ប្រធាន​បក្ស​របស់​ខ្លួន​។​

​ការរំលាយ​បក្ស​នេះ​បណ្តាល​អោយ​មាន​ការ​ថ្កោលទោស​ពី​សំណាក់​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ចាត់ទុក​វា​ថា​ជា​វិធី​ធ្វើ​អោយ​ខ្សោយ​ក្រុម​ប្រឆាំង​ទល់​នឹង​រដ្ឋាភិបាល​រប​ស់លោក​ប្រា​យុទ្ធ​ដែល​បាន​ចូល​កាន់តំណែង​លើក​ដំបូង​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​និង​បាន​ដឹកនាំ​រដ្ឋាភិបាល​យោធា​មួយ​រហូតដល់​ការបោះឆ្នោត​កាល​​ពី​ឆ្នាំ​មុន​។​

​អ្នកនាំពាក្យ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ នាង ប៉ាន់​នី​កា វ៉ា​នី​ច បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា របប​យោធា​បាន​​ធ្វើការ​ជាមួយ​អតីត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​ចាប់ខ្លួន​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នៅ​ក្នុង​រឿងអាស្រូវ​1MDB​នៅ​ឆ្នាំ​២០១៥ និង​បាន​អនុញ្ញាត​ពួកឧក្រិដ្ឋជន​ហិរញ្ញ​​វត្ថុ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ថៃ​។​

​ប៉ាន់​នី​កា បាន​និយាយថា « រដ្ឋាភិបាល​យោធា​ចង់បាន​ការទទួលស្គាល់​អន្តរជាតិ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​…​និង​បាន​បង្កើត​សម្ពន្ធភាព​ងងឹត​មួយ​ជាមួយ​ម៉ាឡេស៊ី​។​ម​នុ​​ស្ស​តែ​ម្នាក់​គត់​ដែល​អាច​ចេញ​បញ្ជា​ទាំងនេះ គឺ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា​»​។​

​ប៉ាន់​នី​កា បាន​និយាយ​ដល់​ភាពមិនប្រក្រតី​ជុំវិញ​ការចាប់ខ្លួន​និង​ការសារភាព​របស់​សា​វី​យើ ចា​ស្តូ ជនជាតិ​ស្វីស​ដែល​ត្រូវបានថៃ​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៥ និង​ជា​​អ្នក​ទម្លាយ​រឿងអាស្រូវ​ដំបូង​របស់ 1MDB​។​រដ្ឋាភិបាល​ថៃ​គ្រា​នោះ​ក៏​បាន​ផ្តល់​ការស្នាក់អាស្រ័យ​ដល់​ហិរញ្ញិក​ឡូវ តេ​ក ហូ ដោយ​អនុញ្ញាត​អោយ​ជន​នេះ​ចូល​យ៉ាងតិច​៥​លើក​រវាង​ឆ្នាំ​២០១៦​និង​២០១៨ ទោះ​ជា​ជន​នេះ​មាន​និវេទន៍​ក្រហម​(​ដីកា​តាម​ចាប់ខ្លួន​)​ពី​សិង្ហ​បុ​រីក្តី​។​

​ឡូ​វ ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​និង​អាម៉េរិក​ចោទប្រកាន់ថា​លួច​លុយ​៤,៥​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​1MDB ។​

​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​បាន​និយាយថា ខ្លួន​នឹង​បើក​ការស៊ើបអង្កេត​ពុករលួយ​និង​ការលាង​លុយ​ពាក់ព័ន្ធ​នឹង​ករណី 1MDB​បាត់​ទៅ​ហើយ​បើ​ខ្លួន​បាន​​កាន់អំណាច​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកនាំពាក្យ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ នាង ប៉ាន់​នី​កា វ៉ា​នី​ច និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​បក្ស​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​២១​កុម្ភៈ​