ក្រសួងសុខាភិបាលអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី២៣កុម្ភៈបានបង្កើនចំនួនស្លាប់និងឆ្លងកូរ៉ូណាវីរុស ដោយអ្នកឆ្លងបានកើនដល់៤៣នាក់និងស្លាប់ឡើងដល់៨នាក់។
អ្នកនាំពាក្យក្រសួងបាននិយាយថា តួលេខនេះកើនពីចំនួនឆ្លង២៨នាក់និងស្លាប់៦នាក់កាលពីថ្ងៃសៅរ៍។
ការផ្ទុះជម្ងឺឆ្លងនេះ កើតឡើងភាគច្រើននៅក្រុងកូម តែនៅពីរបីថ្ងៃមកនេះវាបានរាលដាល់យ៉ាងលឿនទៅកាន់ទីក្រុង៤ផ្សេងទៀត រួមមានរដ្ឋធានីតេអេរ៉ង់។
ក្នុងពេលជាមួយគ្នាអាជ្ញាធរបិទសាលារៀននៅក្នុង១០ខេត្តនៅទូទាំងប្រទេសសំរាប់ពេលយ៉ាងតិច២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃអាទិត្យហើយសកលវិទ្យាល័យនៅក្រុងតេអេរ៉ង់ក៏ផ្អាកការសិក្សា។
អ៊ីរ៉ង់បានរាយការណ៍ករណីរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសថ្មីកាលពីថ្ងៃពុធ នៅថ្ងៃតែមួយដែលមនុស្ស២នាក់ត្រូវបានប្រកាសថាស្លាប់ដោយវីរុសនេះនៅក្រុងកូម។
រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់បាននិយាយថា វីរុសចម្លងមនុស្សនៅអ៊ីរ៉ង់បច្ចុប្បន្នមានប្រភពពីចិនមកកាន់ក្រុងកូមនៅអ៊ីរ៉ង់កណ្តាល។លោកក៏បាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានអ្នកជំនួញម្នាក់ដែលធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។
ក្នុងពេលជាមួយគ្នា អ៊ីរ៉ាក់និងប៉ាគីស្ថាន ដែលមានព្រំដែនជាប់អ៊ីរ៉ង់ បានចាត់វិធានការបង្ការដើម្បីកំហិតការរាលដាលវីរុសពីអ្នកដំណើរអ៊ីរ៉ង់។អ៊ីរ៉ាក់បានហាមមិនអោយប្រជាជនអ៊ីរ៉ង់ចូលក្នុងប្រទេស ដោយប៉ះពាល់អ្នកធ្វើធម្មយាត្រាសាសនានិងអ្នកជំនួញរាប់ពាន់នាក់។
មន្ត្រីក្នុងខេត្តបាលូជីស្ថានរបស់ប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់អ៊ីរ៉ង់ បានប្រកាសស្ថានភាពគ្រាអាសន្ននៅពេលពួកគេព្យាយាមរារាំងការឆ្លងរាលដាលវីរុស។ពួកគេផ្អាកចរាចរណ៍ស្ទើរទាំងអស់កាត់ព្រំដែនជាមួយអ៊ីរ៉ង់។
តួកគីក៏បិទព្រំដែនគោកបណ្តោះអាសន្នរបស់ខ្លួនជាមួយអ៊ីរ៉ង់ ដោយសារតែវីរុសចំណែកហ្សកដានីចាប់ផ្តើមហាមមិនអោយអ្នកមកពីអ៊ីរ៉ង់និងកូរ៉េខាងត្បូងចូល។
អារ៉ាប៊ីសាអូឌីតនិងគុយវែតក៏រឹតត្បិតការធ្វើដំណើរពីអ៊ីរ៉ង់ចូលក្នុងប្រទេសរបស់គេដែរ៕ប្រែសម្រួល៖វាសនា
ប្រជាជនអ៊ីរ៉ង់ពាក់ម៉ាស់មុខ ក្នុងពេលអ្នកឆ្លងកូរ៉ូណាវីរុសកើនឡើងយ៉ាងឆាប់រហ័ស