ភ្នំពេញ៖ ស្ងាត់ៗ កញ្ញាឯកធម្មជាតិ ទេព ម៉ាយ៉ារ៉ែត បានសម្រេចចិត្តរៀបការហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីកសាងគ្រួសារថ្មីមួយ បន្ទាប់ពីនៅទំនេរធ្វើឱ្យភ្នែករបស់យុវជន និងពោះម៉ាយជាច្រើននាក់ មិនអាចមើលរំលង ពីសម្រស់របស់នាង។
អាពាហ៍ពិពាហ៍មួយគូនេះ បានធ្វើឡើង នៅវិមានសែនសុខ ក្រោមវត្តមានភ្ញៀវកិត្តិ យស មានឋានៈជាឯកឧត្ដម ជំទាវ ព្រមទាំងអ្នកសិល្បៈល្បីជាច្រើន។ ស្វាមីរបស់ម៉ាយ៉ារ៉ែត មានឈ្មោះថា បុត្រ រំដួលរង្សី មានឋានៈជាឯកឧត្ដម បម្រើការនៅស្ថាប័នធំមួយ ហើយក៏ជាអតីតអ្នកដឹកនាំសិល្បៈផងដែរ ដោយពួកគេទាំងពីរ បានស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយ។

ជាមួយគ្នានោះ អ្នកទាំងពីរ បានថែមទាំងបោះទុនរកស៊ីជាមួយគ្នាជាច្រើន មុខរបរជាច្រើនឆ្នាំ ជាមួយគ្នា ទម្រាំស្គាល់ចិត្តគ្នាច្បាស់លាស់ ទើបសម្រេចចិត្តចូលរោងការ។ ស្រីស្អាត ទេព ម៉ាយ៉ារ៉ែត ដែលល្បីមានមុខមាត់ស្រដៀងនឹងជំទាវ ស្រីតូច ចំណានបន្ទាប់ពីជាប់ជាកញ្ញាឯកធម្មជាតិកាលអំឡុងឆ្នាំ ២០១៧ ការងារសិល្បៈហាក់ដូចមិនសូវចេញមុខច្រើនឡើយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់វិញ តារាស្រីរូបនេះបែរជាមានមុខច្រើនលើវិស័យជំនួញទៅវិញ។
បច្ចុប្បន្ន នាងកំពុងតែបោះទុនវិនិយោគលើជំនួញគ្រឿងថែរក្សាសម្រស់ ព្រមទាំងលើផ្ទះល្វែង រាប់រយល្វែង ដោយប្រើទុនរាប់សិបលានដុល្លារឯណោះ។ ជោគជ័យទាំងនេះ ក៏ព្រោះការព្យាយាម ដាក់គោលដៅឲ្យបានច្បាស់លាស់ ហើយម្យ៉ាង នាងក៏ជាចំណែកមួយពីសិល្បៈ ធ្វើឲ្យមហាជនស្គាល់នាង មានអតិថិជនគាំទ្រលើមុខជំនួញរបស់នាង។

ជាអតីតសិស្សសាលាផ្នែករបាំនៅសាលាវិចិត្រសិល្បៈ មានកំណើតមកពីខេត្ត កំពង់ឆ្នាំង រូបនេះ បានបន្តឲ្យដឹងថា ទោះបីជាមមាញឹកលើការងារជំនួញបែបនេះក្ដី តារាស្រីរូបនេះ មិនបានបោះបង់ការងារសិល្បៈឡើយ រាល់ថ្ងៃគឺនៅតែឆ្លៀតទៅថតម្ដងម្កាល ដែលការងារញឹកញាប់ជាងគេ គឺថតសម្អាងការ ហើយគ្រោងថតរឿងភាគឲ្យផលិតកម្មមួយផងដែរ។
អ្នកនាង បានថ្លែងជាចុងក្រោយថា ទោះបីជាថ្ងៃក្រោយ នាងមានទ្រព្យច្រើនបែបណាក្ដី ចំពោះការងារសិល្បៈវិញ នាងមិនបោះបង់ចោលឡើយ ព្រោះវាគឺជាអាជីពដែលនាងស្រឡាញ់តាំងពីដឹងក្ដី។ ម្យ៉ាងទៀត នាងគិតថា ការងារសិល្បៈនេះ ប្រសិនបើខ្លួនចេញមុខកាន់តែច្រើននោះ ក៏ជាចំណែកមួយជួយឲ្យការងាររកស៊ីនាងកាន់តែជោគជ័យផងដែរ ។ ក្រោយពីរៀបការរួច អ្នកទាំងពីរគ្រោងដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ នៅក្រៅប្រទេសជាច្រើនថ្ងៃ ហើយបន្ទាប់ពីត្រឡប់មកវិញ នឹងពង្រីកមុខរបរជាច្រើនមុខថែមទៀតផង៕ ដោយ៖ បូរិន/Ha
