មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យទី២៣កុម្ភៈថា អ្នកជំងឺមហារីក វ័យចំណាស់ម្នាក់បានក្លាយជាអ្នកស្លាប់ទី៣ ក្រោយឆ្លងវីរុសកូរ៉ូណានៅប្រទេស អ៊ីតាលី ខណៈចំនួនមនុស្សឆ្លងវីរុសនេះកាន់តែកើនឡើងជាលំដាប់។
ការស្លាប់របស់ស្ត្រីម្នាក់នេះនៅក្នុងមន្ទីរពេទ្យមួយក្នុងកូនទីក្រុងក្រេម៉ា (Crema) ក្នុងតំបន់ឡំបាឌី (Lombardy) ដែលជាចំណុចកណ្តាលនៃផ្ទុះឡើងមេរោគ កូរ៉ូណានៅអ៊ីតាលី បានកើតឡើងបន្ទាប់ពីការស្លាប់របស់ស្ត្រីអាយុ ៧៧ ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍ និង បុរសអាយុ ៧៨ ឆ្នាំម្នាក់កាលពីថ្ងៃសុក្រ។
នាយករដ្ឋមន្រ្តី លោក យូសសេបពី កុងតេ បានជំរុញឱ្យប្រជាជន “កុំចុះចាញ់នឹងភាពស្លន់ស្លោនិងធ្វើតាមដំបូន្មានរបស់អាជ្ញាធរសុខាភិបាល”។
លោកបានប្រាប់ស្ថានីយវិទ្យុសាធារណៈ Rai Uno ថា “យើងមិនគួរភ័យខ្លាច ដោយសារតែចំនួនអ្នកឆ្លងកើនឡើងនោះទេ” ។ លោកបានបន្ថែមនៅក្នុង បទសម្ភាសន៍មួយទៀតថា ករណីជាច្រើនត្រូវបានរកឃើញ “ពីព្រោះ យើងកំពុងធ្វើការត្រួតពិនិត្យមនុស្សរាប់ពាន់នាក់”។
ប្រធាននាយកដ្ឋានការពារជនស៊ីវិលរបស់អ៊ីតាលី លោកស្រី អេនជេឡូ បូរែលលី បានប្រាប់សន្និសីទសារព័ត៌មានថា ឥឡូវនេះមនុស្សចំនួន ១៥២ នាក់បានធ្វើ តេស្តវិជ្ជមានវីរុសកូរ៉ូណានៅក្នុងប្រទេសអ៊ីតាលី រួមទាំងអ្នកស្លាប់ទាំង ៣ នាក់ផងដែរ។
ទីក្រុងចំនួន ១១ នៅតំបន់ឡំបាឌី និង ទីក្រុងមួយទៀតក្នុងតំបន់វ៉េណេតូ ត្រូវបានបិទ ដោយមនុស្សសរុបជាង៥សែននាក់ត្រូវបានរឹតត្បិត មិនឱ្យចាកចេញពីលំនៅដ្ឋាន។ រដ្ឋអំណាចមូលដ្ឋានបានបញ្ជាឱ្យលុបចោល ទាំងអស់នូវការជួបជុំគ្នាដូចជានៅបារ ភោជនីយដ្ឋាន និង ឌីស្កូជាដើម។
សាលានៅក្នុងតំបន់ដែលរងប៉ះពាល់នឹងបិទរហូតដល់សប្តាហ៍ក្រោយ។ ព្រឹត្តិការណ៍ផ្សេងទៀតដូចជាបុណ្យខានីវ៉ល និង ការប្រកួតបាល់ទាត់ ស៊េរីអាក៏ត្រូវបានលុបចោលដែរ៕ ដោយ៖ កញ្ញាដាលីស/Ha