ដោយ: ម៉ារ៉ា / ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីស RX-330 មួយគ្រឿង ជ្រុលទៅបុកសួនច្បារដាក់បារ៉ាស់ច្រកចេញចូលបុរីកាំកូស៊ីធី បណ្ដាលឲ្យបែករាយពេញផ្លូវ ឯរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេង និងដាច់កាឡេកង់ទៅមុខលែងរួច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចច្រកចូលបុរីកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
តាមប្រភពពីសន្តិសុខដែលប្រចាំការនៅគោលដៅខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្ត ឡិចស៊ីស RX-330 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AV 2105 ចេញពីម្ដុំបុរីអង្គរឆ្លងកាត់បុរីកាំកូស៊ីធីក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃបុកសួនច្បារនៅចំកណ្ដាលចែកទ្រូងផ្លូវដាក់បារ៉ាស់ សម្រាប់ភ្ញៀវចេញចូលពេញទំហឹងបណ្ដាលឲ្យបែកខឿនសួនច្បារបែករាយប៉ាយពេញផ្លូវអស់មួយចំហៀងសួន ចំណែករថយន្តបង្កដាច់កាឡេកង់ខាងមុខថា ឆ្វេងខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ល