ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈកន្លងទៅថ្មីៗនេះសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងមហាផ្ទៃ បាន រៀបចំកែច្បាប់ដើម្បីដំឡើងប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ ពិសេសអ្នកធ្វើ ដំណើរតាមម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។ការធ្វើបែបនេះក្នុងបំណងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើនឡើងនៅទូទាំង ប្រទេស។ កិច្ចប្រជុំលើការកែសម្រួលការដំឡើងប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់នេះ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងដូច្នេះ ជម្រាបជូនសម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ភ្លាមៗ ចំពោះវិធានការកែច្បាប់ ដោយបង្កើនប្រាក់ផាកពិន័យ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រហើយសម្តេចក៏ បានប្រកាសណែនាំឲ្យអាជ្ញាធរសមត្ថកិច្ច។ពិសេសប៉ូលិសចរាចរណ៍ត្រូវបន្តរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ ។
តាមសម្តេចតេជោ ហ៊ុន សែន ការធ្វើបែបនេះដើម្បីយកអ្នកខុសច្បាប់ចេញពីផ្លូវឲ្យអស់ ហើយវិធីនេះ មិនមែនជាការដាក់ទណ្ឌកម្មទេ តែដើម្បីការពារជីវិតទាំងអ្នកបើកបរល្មើសច្បាប់ និងការពារទាំងអ្នកធ្វើដំណើរទូទៅ។
ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៩ បានកើនឡើង រហូតដល់ជាមធ្យម មានមនុស្សស្លាប់ជាងប្រាំនាក់ ក្នុងមួយថ្ងៃៗ។ នៅខែមករា ឆ្នាំ២០២០ កន្លងមក គ្រោះថ្នាក់ចរាចរណ៍ ក៏បានកើនឡើងផងដែរ។
តាមច្បាប់នៅប្រទេសកម្ពុជា នាពេលសព្វថ្ងៃ អ្នកល្មើសច្បាប់ចរាចរណ៍ ដែលមិនពាក់មួក សុវត្ថិភាព ឬម៉ូតូមិនមានកញ្ចក់មើលក្រោយ ត្រូវផាកពិន័យ ១៥.០០០រៀល។ រីឯរថយន្ត ចំពោះអ្នកបើកបរ ឬអ្នកអង្គុយកៅអីខាងមុខ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ត្រូវផាកពិន័យ ២៥.០០០រៀល។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ដោយសារឆ្នាំ២០១៩ កន្លងទៅ នេះគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំងទាំងចំនួន អ្នកស្លាប់និងអ្នករងរបួស។ ចំណុចនេះទាមទារឲ្យកងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុស ត្រូវខ្ពស់នូវយុទ្ធនាការ លើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។
សម្តេចតេជោក៏បានប្រកាសអំពាវនាវឲ្យអ្នកធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពដោយកុំ ខ្លាចខូចភ្លីសក់តែមិនខ្លាចបែកក្បាលនោះ។ ម្យ៉ាងទៀត សម្តេចតេជោក៏បានណែនាំឲ្យប៉ូលិស ចរាចរណ៍ចាប់ផាកពិន័យ ដោយឃាត់ទាំងម៉ូតូ ដែលអ្នកបើកបរ និងអ្នករួមដំណើរ មិនមានមួកសុវត្ថិភាពដោយយកម៉ូតូនោះរក្សាទុក រហូតដល់អ្នក ដំណើរនោះរកមួកសុវត្ថិភាពមក ពាក់ត្រឹមត្រូវទើបឲ្យបន្តដំណើរ បន្ទាប់ពីការផាកពិន័យតាមច្បាប់រួចហើយ។
យ៉ាងណាក៏ដោយចុះ វិធានការថ្មី ដែលថ្នាក់ដឹកនាំលើកឡើង ក្នុងការកែច្បាប់ ដោយបន្ថែមប្រាក់ផាកពិន័យនេះជាវិធានការមួយ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឲ្យស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសយើង។
ប៉ុន្តែបន្ថែមលើវិធានការរឹតបន្តឹងរបស់អាជ្ញាធរសមត្ថកិច្ច គឺប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវពិសេសអ្នកបើកបរយានយន្ត ម៉ូតូ និងរថយន្ត ត្រូវចូលរួម ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ដែលកំពុងបង្កឡើងដោយសារមនុស្ស។
អ្នកបើកបរឡាន និងម៉ូតូត្រូវបង្កើនការប្រុងប្រយ័ត្នខ្លួនឯង ក្នុងពេលកាត់ចង្កូតម៉ូតូឡាន។ ក្នុងនោះ ទៅថ្ងៃមុខ បើមិនចង់អស់លុយច្រើន ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរតាម និងបើកបរឡាន។ពិសេសអ្នកបើកឡានមិនត្រូវប្រើប្រាស់ទូរស័ព្ទ ដោយពុំមានឧបករណ៍ជំនួយនោះឡើយ។ រីឯអ្នកធ្វើដំណើរតាមម៉ូតូ ទោះជិត ឬឆ្ងាយ ក៏ត្រូវពាក់មូកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ហើយម៉ូតូត្រូវមានកញ្ចក់មើលក្រោយ និងមាន ផ្លាកលេខ។
ជាងនេះទៅទៀត វិធានការរឹតបន្តឹងរបស់អាជ្ញាធរសមត្ថកិច្ចទាំងអស់ មានទាំងការ បង្កើនប្រាក់ផាកពិន័យផងនោះ គឺដើម្បីតែឲ្យបងប្អូនអ្នកធ្វើដំណើរ គោរពច្បាប់ក្នុងបំណងកុំឲ្យមាន គ្រោះថ្នាក់ ដែលគ្រោះថ្នាក់ បើធ្ងន់ធ្ងរ រហូតដល់ស្លាប់ របួស និងខូចខាតម៉ូតូឡាន។ ក្នុងនោះ បើអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាពទេ គឺបើសិនជាដួល បុកប៉ះគ្នា គឺអាចនឹងបែកក្បាល។ តែបើមានមួក សុវត្ថិភាព គឺមិនប៉ះពាល់ក្បាលនោះឡើយបើសិនជា ជួបគ្រោះថ្នាក់ដោយចៃដន្យណាមួយ។
សរុបទៅ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយកែច្បាប់ បង្កើនប្រាក់ផាកពិន័យនេះ ជាវិធានការមួយ ក្នុងបំណងឲ្យអ្នកធ្វើដំណើរតាមផ្លូវចូលរួមគោរពច្បាប់។ កាលណា គោរពច្បាប់ទាំងអស់គ្នាហើយនោះគ្រោះថ្នាក់ចរាចរណ៍ ក៏អាចកាត់បន្ថយដែរ។ តែដើម្បីគោរព ច្បាប់បានក៏ទាល់តែអ្នកបើកបរនិងអ្នកដំណើរយើងត្រូវតែដឹង យល់ពីច្បាប់នោះផងដែរ៕ ដោយ:ម៉េងឆៃ