ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ គង់ សំបូរ ក្លិបគុហារព្រហ្មជ័យ បានខ្ទាតចេញពី ការប្រកួតប្រជែងយកកៅអី ដើម្បីបន្តទៅជុំទី៣ នៃព្រឹត្តិ្កការណ៍ TV5 Boxing Knock-Out Serie បន្ទាប់ពីប្រកួតចាញ់ អ្នកប្រដាល់ សោម វិឆ័យ ក្លិបពន្លឺវិបុល នាយប់ថ្ងៃទី២២ កុម្ភៈ កន្លងទៅនេះ ។
អ្នកប្រដាល់ទាំង ២ រូបនេះ កាលពីអតីតកាល គេធ្លាប់ជួបប្រកួតគ្នា ជាញឹកញាប់ ដោយមានឈ្នះ មានចាញ់ ទៅវិញទៅមក ហើយនៅក្នុង ការប្រកួតជម្រុះ ជុំទី២នេះ ពួកគេសុទ្ធតែសម្លៀងកែង និងកណ្ដាប់ដៃ ដើម្បីប្រជែងយកជ័យជំនះ ដូចៗគ្នា ។ សំបូរ ខ្ពស់ជាងវិឆ័យមែន តែការវ៉ៃចេញរបស់គេ មិនអស្ចារ្យ ជាងវិឆ័យឡើយ ។

វិឆ័យ មុខរឹងជាង មិនតែប៉ុណ្ណោះ កណ្ដាប់ដៃ និងកែងរបស់គេ វ៉ៃចេញបានល្អ ជាងសំបូរ ។ សំបូរ ជាអ្នកប្រដាល់ ដែលខ្លាចមុខ រីឯវិឆ័យ កណ្ដាប់ដៃរបស់គេ បានធ្វើឲ្យសំបូរ មានការលំបាក ក្នុងការការពារជាខ្លាំង ។ អ្នកប្រដាល់ទាំង ២ រូបនេះ សុទ្ធតែពូកែទាត់ផ្កាប់ចាន ដូចគ្នា ព្រោះកន្លងមក នរណា ជួបជាមួយសំបូរ ឬ វិឆ័យ បើហ៊ានតែប្រហែស គេនឹងសន្លប់ ដោយសារការទាត់ផ្កាប់ចាន ជាមិនខាន ។ ការប្រកួត ដែលមានតែ ៣ ទឹកនោះ វិឆ័យ មានប្រៀបលើសំបូរ តែបន្តិចបន្តួចប៉ុណ្ណោះ ។ គង់ សំបូរ ខ្ទាតរចេញ ពីការប្រកួតត្រឹមនេះ ក្នុងខណៈដែល វិឆ័យ ត្រៀមខ្លួនឡើងប្រកួតបន្ត នៅវគ្គជម្រុះជុំទី៣ ទៀតនោះ ។
រឿម វណ្ណៈ ក្លិបអប់រំកាយស្រុកអន្លង់វែង ទោះបីគេបានទទួលកៅអី សម្រាប់វគ្គជម្រុះជុំទី៣ ដោយសារគូប្រកួត របស់គេគឺ សារឿនចាន់ ក្លិបតាព្រហ្មមានជ័យ មានរបួសក៏ពិតមែន ក៏គេត្រូវតែបញ្ចេញកម្លាំង ប្រកួតជាមួយអ្នកប្រដាល់ សំ អាន ក្លិបទ័ពឆ័ត្រយោង៩១១ដែរ ។ ការប្រកួតនេះ ទោះបីវណ្ណៈ ឈ្នះ ឬ ចាញ់ ក៏គេមានកៅអី ដើម្បីឡើងទៅប្រកួតបន្ត នៅជុំទី៣ ដោយស្វ័យប្រវត្តិទៅហើយ ។ ក្នុងការប្រកួតនេះ វណ្ណៈ ពិតជាវ៉ៃបានអស្ចារ្យ បានដោយពិន្ទុ។

នៅវគ្គជម្រុះជុំទី៣ រឿម វណ្ណៈ ត្រូវតស៊ូជាមួយ សោម វិឆ័យ ។ ការប្រកួតជម្រុះពីមួយជុំ ទៅមួយជុំ កាន់តែអស្ចារ្យ។ ទាំង វិឆ័យ ទាំង វណ្ណៈ សុទ្ធតែអះអាងថា គេត្រូវតែឆ្លងឲ្យផុត ជុំទី៣ ឲ្យបានដូចគ្នា ។ ពិតជាអស្ចារ្យមែន ។
ការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ បរទេសវិញនោះ នី សុភី ក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយអ្នកប្រដាល់ថៃ ក្លា ឃុនស៊ឹក (Kla Khunsoek) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម។ តាមពិត ក្លា ឃុនស៊ឹក ត្រូវជួបប្រកួតជាមួយ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ តែមិនដឹងជាមូលហេតុ យ៉ាងណានោះទេ ស្រាប់តែគេប្ដូរដាក់ នី សុភី ឲ្យប្រកួតជាមួយ ក្លា ឃុនស៊ឹក ទៅវិញ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ៥ ទឹកពេញ ដែលលទ្ធផល ចុងក្រោយ បានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ ។

ចំពោះការប្រកួត រវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះ សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រើពេលតែមួយទឹកប៉ុណ្ណោះ ផ្ដួលអ្នកលេងកណ្ដាប់ដៃ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឲ្យបោះបង់ចោលការប្រកួត ។ គ្រាន់តែទឹកទី១ ចាប់ផ្ដើម សៀវ ង៉ុយ ទាត់សន្ធាប់លើ ពិសិដ្ឋ ធ្វើឲ្យអាជ្ញាកណ្ដាលរាប់ ៨ បន្ទាប់មក រាប់ជាលើកទី២ ក្នុងទឹកតែមួយ ហើយបន្ទាប់ពី សៀវ ង៉ុយ ទាត់ម្ដងទៀតនោះ អាជ្ញាកណ្ដាល មិនរាប់ទៀតឡើយ គឺបញ្ឈប់មិនឲ្យប្រកួតបន្ត មុនស្នូរជួងបញ្ចប់ទឹកទី១ តែម្ដង ៕v