ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: ក្មេងប្រុស​ម្នាក់​បានស្លាប់​ភ្លាមៗ ខណៈដែល​កំពុង​ជួយ​រាយ​ខ្សែភ្លើង​ពូ​នៅក្នុង​រោងការ ក៏​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ​។ ករណី​ឆ្លង​ចរន្តអគ្គិសនី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​តា​យឹ​ង ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​យោងតាម​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ខាងលើ បាន​ជួយ​រាយ​ខ្សែភ្លើង​ដាក់​ក្នុង​រោងការ​គេ​មួយកន្លែង ខណៈ​កំពុង​រាយ​ខ្សែភ្លើង​នោះ​ ពូក៏បាន​បោះ​ខ្សែភ្លើង​រំលង​ខ្សែភ្លើង​ខ្មៅ​តែ​បែរជា​បោះ​ទៅ​ទើ​រលើ​ខ្សែភ្លើង​មេ (​ខ្សែភ្លើង​រដ្ឋ​គឺ​ខ្សែកាប​ស្រាត​) ដែលមាន​កម្លាំង​ភ្លើង​ខ្លាំង បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា​៖ ក្មេងប្រុស​រងគ្រោះ​ខាងលើ មានឈ្មោះ លី ភា​រុណ អាយុ​១២​ឆ្នាំ ជា​សិស្ស មាន​បងប្អូន​៤​នាក់​ ខ្លួន​ជា​កូន​ទី​៤ ហើយ​ពេលទំនេរ​ក៏​មកជួយ​ពូ​ដើរ​ដាក់​ភ្លើងតាម​រោងបុណ្យ​ រោងការ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដែលមាន​ម្តាយ​ឈ្មោះ យ៉ាន អាយុ ៤៧​ឆ្នាំ​និង​ឪពុក​ឈ្មោះ ខុន អាយុ ៤៨​ឆ្នាំ ដែល​ធ្វើការ​សំណង់​នៅ​ខេត្តកំពត​អស់ ដោយ​ផ្ញើ​កូន​ទាំង​បួន​នាក់​នៅ​នឹង​បងប្អូន​និង​ម្តាយ​(​ត្រូវជា​យាយ​)​ជា​អ្នក​មើលថែ​។​

​ក្រោយពី​មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ឆក់​មនុស្ស​រួចមក សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​ពិនិត្យ​លើ​សាកសព រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha