សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ពី​វិធាន​ការជួយគាំទ្រ​វិស័យ​ទេសចរណ៍​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយចំនួន​ទាក់ទង​នឹង​ការជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ដែល​កំពុងតែ​មានការ​ធ្លាក់​ចុះ​ដោយ​វិបត្តិ​ជំ​ខូ​វីដ​១៩​។​ការបញ្ជាក់​នេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០ ​នៅ​វិមាន​សន្តិភាព​ ទីស្តីការ​នាយករដ្ឋមន្ត្រី​ ដែលជា​សារ​ជូន​ជនរួមជាតិ​ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វិដ​-១៩) និង ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី «​ទំនិញ​គ្រប់មុខ លើកលែង​អាវុធ​» (EBA)​។​


​សម្តេច​តេ​ជោ​បញ្ជាក់ថា ​វិធាន​ការជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ៈ​ជាមួយនឹង​ការភ័យខ្លាច​ជំងឺ​ខូ​វិដ​-១៩, វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់ និង ប្រទេស​កម្ពុជា ទទួលរង​នូវ​ផលប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់ ។ នៅក្នុង​ខែ កុម្ភៈ ឆ្នាំ ២០២០, ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៦០​ភាគរយ​។​ជាពិសេសភ្ញៀវទេសចរ​ជនជាតិ​ចិន បាន​ធ្លាក់ចុះ​ក្នុង​រង្វង់ ៩០​ភាគរយ​។ បើ​ធៀប​ជាមួយនឹង​គោលដៅ​ទេសចរណ៍​សំខាន់​នៅក្នុង​ប្រទេស អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្តសៀមរាប ទទួលរង​នូវ​ផលប៉ះពាល់​ជាខ្លាំង ។ សកម្មភាព​ទេសចរណ៍​នៅ​តំបន់​ដទៃទៀត ស្ថិតនៅក្នុង​កម្រិត​សមរម្យ ។ ជាមួយនឹង​ហេតុផល​នេះ ​វិធាន​ការដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ក្នុងដំណាក់កាល​នេះ គឺ​ផ្តោតទៅលើ​ការជួយ​ដល់​អាជីវកម្ម​ទេសចរណ៍ ក៏ដូចជា​ជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​ខេត្តសៀមរាប ។ គោល​គំនិត​ធំៗ​នៃ​ការដាក់​វិធានការ គឺ​សំដៅ​ជួយ​ឲ្យ​សណ្ឋាគារ និងផ្ទះសំណាក់ អាច​បន្ត​អាជីវកម្ម​របស់ខ្លួន​បាន​, រក្សាបាន​នូវ​ការងារ​ជូន​ក្មួយៗ​កម្មករ​-​និយោជិត និង មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន នៅពេល​ជំងឺ​ខូ​វិដ​-១៩​នេះ កន្លងផុតទៅ ។ ទន្ទឹមនេះដែរ​វិធានកា​រ​មួយចំនួនទៀត ក៏​នឹង​ជួយ​ដល់​ក្មួយៗ​ដែល​បាត់បង់​ការងារ​ពី​វិស័យ​ទេសចរណ៍ តាម​រយៈ​ការរៀបចំ​នូវ​ការបណ្តុះ​បណ្តាល​ដើម្បី​មានឱកាស​ចាប់យក​ជំនាញ​ថ្មី​ឬ​មានលទ្ធភាព​ទទួលបាន​ការងារ​ល្អប្រសើរ​ជាង​មុន ។​


​ជាមួយ​គោលដៅ​ខាងលើ​ រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​សម្រាប់​ជួយ​គាំទ្រ​វិស័យ​ទេសចរណ៍ ដូចខាងក្រោមៈ
​ទី​១. លើកលែង​(​រដ្ឋ​ទទួលបន្ទុក​ពន្ធ​ជំនួស​) នូវ​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និងផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និងមាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​បួន​ខែ ដោយ​គិត​ចាប់ពី​ខែកុម្ភៈ រហូតដល់​ខែ ឧសភា ឆ្នាំ ២០២០ ។ អាជីវកម្ម​សណ្ឋាគារ និង ផ្ទះសំណាក់ នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និងប្រើប្រាស់​ប្រព័ន្ធ​អន​ឡាន​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀង​រាល់​ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។​

ទី​២. មិន​ធ្វើ​សវនកម្ម​ពេញលេញ សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ ២០២០ ចំពោះ​សហគ្រាស​ក្នុង​វិស័យសណ្ឋាគារ និង ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​។​

ទី​៣. ធ្វើ​វិចា​រណកម្ម​ថវិកាជាតិ​ឆ្នាំ ២០២០​ទាំង​ចំណាយ​ចរន្ត និង ចំណាយ​វិនិយោគ​, ពិសេស​កាត់បន្ថយ​ការធ្វើដំណើ​រចូលរួម​ក្នុង​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស ដោយ​គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល និង ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ឲ្យ​ទៅជា​ចលនា​ជាតិ​ធំ​ទូលាយ តាម​រយៈ ការជំរុញ​នូវ​ការធ្វើសិក្ខាសាលា​, កិច្ចប្រជុំ​, វគ្គ​បណ្តុះបណ្តាល​ខ្លីៗ និង កម្មវិធី​ផ្សេងៗ​ទៀត រៀបចំ​ដោយ​គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​, វិស័យ​ឯកជន​, ស្ថានទូត​, អង្គ​ការមិន​-​មែនរដ្ឋាភិបាល ឲ្យ​ទៅធ្វើ​នៅតាម​ខេត្ត​សំខាន់ៗ ពិសេស​គឺ​ខេត្តសៀមរាប​។​

ទី​៤. បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ​រួមគ្នា​តាមផ្លូវ​គោក​, ផ្លូវទឹក និង ផ្លូវអាកាស ជាពិសេស ជា​មួយ​ប្រទេសជិតខាង (​ដូចជា បាងកក​-​សៀមរាប និង ហូជីមិញ​-​សៀមរាប​) ពិសេសតាមរយៈ រថយន្តក្រុង ឬ រថយន្ត​ផ្ទាល់​​ខ្លួន ដោយ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​នៅ​កន្លែង​ទទួល​សេវាកម្ម​ឆ្លងកាត់​ព្រំដែន និង បញ្ហា​ពាក់ព័ន្ធ​ដទៃទៀត​។​

ទី​៥. ក្រសួងទេសចរណ៍ និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បើក​យុទ្ធនា​ការរៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ទាក់ទាញ​ផ្សេងៗ​នៅក្នុង​ខេត្តសៀមរាប ដូចជា អង្គ​រស​ង្ក្រា​ន្ត (២០២០), ពិធីបុណ្យ​ប្រពៃណី​-​សាសនា​, កម្មវិធី​ប្រកួត​កីឡា​, ការប្រគំ​តន្ត្រី​, ការ​បញ្ចាំងភាពយន្ត និងការបង្ហាញ​ម៉ូត​សម្លៀកបំពាក់ ជាដើម សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​។​

ទី​៦. រក្សា​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ឱ្យនៅ​ដដែល ប៉ុន្តែ​បន្ថែមចំនួន​ថ្ងៃ​សម្រាប់​ប្រភេទ​សំបុត្រ​នីមួយៗ​។ សំបុត្រ​សម្រាប់​មួយថ្ងៃ​អាច​ចូល​មើល​បាន​ពីរ​ថ្ងៃ​, សំបុត្រ​សម្រាប់​បី​ថ្ងៃ អាច​ចូល​មើល​បាន​ប្រាំ​ថ្ងៃ និង សំបុត្រ​សម្រាប់ ៧ ថ្ងៃ អាច​ចូល​មើល​បាន ១០ ថ្ងៃ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យស្នាក់នៅ​បន្ថែម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ទី​៧. ក្រសួងទេសចរណ៍​ត្រូវ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដល់ក​ម្មករ​-​និយោជិត ដែល​បាត់បង់​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍ (​បុគ្គលិក​បម្រើការ​នៅតាម​សណ្ឋាគារ​, ផ្ទះសំណាក់​, និង ភ្នាក់ងារទេសចរណ៍​) តាមរយៈ​ការរៀបចំ​ឱ្យមាន​នូវ​វគ្គ​បណ្តុះបណ្តាល​នៃ​មុខវិជ្ជា​ចំណេះដឹង​ថ្មី (Re-skilling) ឬការបង្កើន​ចំណេះដឹង​បន្ថែម (Upskilling) និង ការផ្តល់​នូវ​ប្រាក់ខែ​សមរម្យ ៕​សរន​/Ha