ដោយៈ មុនីរ័ត្ន/ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាតូច ប៉ុន្តែយើងមានបេះដូងធំ ធ្វើការដោយយកចិត្តទុកដាក់។ នេះគឺជាការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដោយឈរលើ​គោលការណ៍មនុស្សធម៌ និងគុណធម៌ ចំពោះមនុស្សជាតិគ្រប់ជាតិសាសន៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងតែជួបបញ្ហានៅលើមហាសមុទ្រ។

ចូរយើងសាកគិតមើលបន្តិចមើល តើគួរឲ្យអាណោចអាធ័មប៉ុនណា​នៅពេលដែលមនុស្សនៅលើនាវានៅលើមហាសមុទ្រកំពុងតែជួបបញ្ហា ហើយត្រូវបានប្រទេសមួយចំនួនគេរើសអើងមិនជួយ និងមិនអនុញ្ញាត​ឲ្យនាវានេះចូលចត? តើជីវិតរបស់មនុស្សនៅលើនាវាទៅជាយ៉ាងណា? នេះគឺជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំប្រទេស​កម្ពុជាប្រកបដោយទឹកចិត្តមនុស្សធម៌ និងគោលការណ៍គោរពសិទ្ធិមនុស្ស ដែលផ្ទុយពីមនុស្សមួយចំនួនមានភាពខ្លាចជ្រុល ដែលនាំឱ្យមានការរើសអើង និងបាត់ម្ចាស់ការចំពោះការជួយសង្គ្រោះជីវិតមនុស្ស។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ។

លោកហ៊ុន ម៉ាណែត បានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺជាយន្តការប្រមូលធាតុផ្សំចំពោះអ្នកដែលមានទឹកចិត្តមកពីប្រភព​ផ្សេងគ្នាដើម្បីធ្វើឲ្យ TYDA មានលទ្ធភាពជួយយកចិត្តទុកដាក់លើសុខមាលភាព​ប្រជាពលរដ្ឋព្រមទាំងផ្ដល់ក្តីសង្ឃឹម ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូបភាពនៅ​តាមគោលដៅតាមរយៈការចុះព្យាបាលពួកគាត់ដោយឥតគិតថៃ្ល។

អរគុណចំពោះការចូលរួម និងការជឿទុកចិត្តលើសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្ដេចតេជោ(TYDA) និងបានធ្វើសកម្មភាពមនុស្សធម៌ដោយបេះដូង និងវិជ្ជាជីវៈដើម្បីជួយដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋប្រកបដោយនិរន្តរភាព។ នេះគឺជាមោទនភាព និងក្តីសង្ឃឹមរបស់សមាគម​TYDA។ សូមបន្តសកម្មភាពមនុស្សធម៌នេះប្រកបដោយបេះដូង ទឹកចិត្ត និងវិជ្ជាជីវៈ ជាបន្តទៀតដើម្បីជួយប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់៕/B/Ha