
ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសចេញនូវវិធានការមួយចំនួនទាក់ទងនឹងការជួយគាំទ្រដល់វិស័យកាត់ដេរដែលកំពុងស្ថិតក្នុងស្ថានភាពថ្មី។ការបញ្ជាក់នេះកាលពីព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ដែលជាសារជូនជនរួមជាតិស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និង ការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)។
សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា វិធានការជួយវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប វិស័យកាត់ដេរក៏ទទួលនូវផលប៉ះពាល់ច្រើនពីការភ័យខ្លាចជំងឺខូវិដ-១៩។ដោយសាររោងចក្រនៅប្រទេសចិនភាគច្រើនមិនទាន់បើកដំណើការពេញលេញនៅឡើយ ដែលធ្វើឱ្យការផ្គត់ផ្គង់ទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផង មានភាពយឺតយ៉ាវ ហើយប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ការផលិត ។ សម្តេចបន្តថា មកដល់ពេលនេះមានរោងចក្រមួយចំនួនតូចបានចាប់ផ្តើមគិតគូរពីការព្យួរសកម្មភាពផលិតកម្ម សម្រាប់រយៈពេលខ្លី ។ ទន្ទឹមនេះ, ការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA ក៏នឹងបង្កផលប៉ះពាល់ខ្លះទៅលើការផលិតរបស់រោងចក្រមួយចំនួនតូចដែរ ។ ហេតុនេះដូចវិស័យទេសចរណ៍ដែររាជរដ្ឋាភិបាលដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ជួយគាំទ្រដល់វិស័យនេះ ដែលជាគោលការណ៍ វិធានការទាំងនោះ ត្រូវបានរៀបចំសំដៅជួយទាំងរោងចក្រ-សហគ្រាស និងកម្មករ-និយោជិត ដែលទទួលផលប៉ះពាល់, ទាំងពីជំងឺខូវិដ-១៩ និង ទាំងពីការព្យួរ EBA ។

សម្តេចបញ្ជាក់ថា ជាមួយគោលដៅខាងលើ ខ្ញុំសូមជម្រាបជូននូវបណ្តាវិធានការសម្រាប់ជួយដល់រោងចក្រ-សហគ្រាស ដែលទទួលរងផលប៉ះពាល់ពីការខ្វះវត្ថុធាតុដើម និង ពីការព្យួរ EBA ដូចខាងក្រោម៖
ទី១. ពិនិត្យផ្តល់ជូនការលើកលែងពន្ធ (Tax holiday) អាចពី ៦ ខែ ទៅ ១ ឆ្នាំ សម្រាប់រោងចក្រ- សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែងលើរោងចក្រនីមួយៗ ដែលបណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬ/និង ការព្យួរ EBA (ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវដឹកនាំសម្របសម្រួលរៀបចំរូបមន្ត និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្តល់ការលើកលែងពន្ធនេះ)។
ទី២. អនុញ្ញាតឱ្យរោងចក្រមិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម។ទី៣. សម្រាប់រោងចក្រ-សហគ្រាសដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម, រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០ភាគរយ នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០ភាគរយ នៃប្រាក់ខែអប្បរមាបន្ថែម (សរុប ៦០ភាគរយ នៃប្រាក់ខែអប្បបរមា) ។ ដើម្បីបានទទួលនូវការឧបត្ថមនេះ ក្មួយៗជាកម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី ១ ទៅ ២ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស។
ទី៤. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយសមាគមរោងចក្រកាត់ដេរ កម្ពុជា (GMAC) និង ដៃគូពាក់ព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីលទ្ធផលការងាររបស់ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC)» ដើម្បីឱ្យអ្នកបញ្ជាទិញបានដឹងថា ទំនិញពីកម្ពុជាមានការគោរពនូវសិទ្ធិមនុស្ស, សិទ្ធិការងារ, មានលក្ខខណ្ឌការងារល្អប្រសើរ និងមិនមានការប្រើប្រាស់ពលកម្មកុមារ ។
សម្តេចតេជោហ៊ុនសែនបានបន្តថា សម្រាប់វិធានការជួយដល់ក្មួយៗជាកម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារថ្មីបាន ឬ ចង់ផ្លាស់ប្តូរការងារនាពេលអនាគត, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជូនដល់ក្មួយៗ ដែលរួមមានដូចខាងក្រោម៖
ទី១. ផ្តល់សេវាជួយរកការងារឲ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ (NEA) ដែលអាចជួយជំរុញកម្មករ-និយោជិត ដែលបាត់បង់ការងារឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស។ទី២. បណ្តុះបណ្តាលជំនាញទន់ (Soft skills) រយៈពេលខ្លីពី ១ ដល់ ២ សប្តាហ៍ ដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់រកការងារធ្វើឡើងវិញបាន។ទី៣. បណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល ៤ ខែ ដើម្បីបំពាក់ជំនាញថ្មី និងផ្តល់ភាពងាយស្រួល ក្នុងការរកការងារធ្វើក្នុងវិស័យមិនមែនកាត់ដេរ។ទី៤. ផ្តល់ជូនដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើស និង ទទួលបានការបណ្តុះបណ្តាល នូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ ដុល្លារ ក្នុងមួយខែ សម្រាប់រយៈពេល ៦ ខែ (៤ ខែសម្រាប់ការ-បណ្តុះបណ្តាល និង ២ ខែសម្រាប់ទុកបម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន) ៕សរន/Ha