ដោយ:អង្គរតូច/សៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តបានចាប់ខ្លួនជនសង្ស័យចំនួន បីនាក់ ក្នុងអំពើមនុស្សឃាតគិតទុកជាមុន។

អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះយ៉ុន សាវៀត ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ ជាងភ្លើង រស់នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ។ទី២.ឈ្មោះហ៊ាន វីណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ។ទី៣.ឈ្មោះជៀក ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅជាយរបងបុរីព្រីមា។ចំណែកជនរងគ្រោះឈ្មោះសោ ស៊ាវគាង ភេទប្រុសអាយុ១៧ឆ្នាំ ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក។ លោកបន្តថា ដើមចមនៃរឿងកាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មានគណនេយ្យហ្វេសប៊ុកឈ្មោះSrey oun ផ្ញើរសារកម្ម៉ង់ទិញជ្រក់ជើងមាន់ ហើយឲ្យជនរងគ្រោះយកទៅអោយកន្លែងកើតហេតុក្បែររបងវិទ្យាល័យអង្គរ។

ខណៈនោះក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពុំមានស្លាកលេខ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដាច់ចំកញ្ជាំងក រួមទាំងរបួសដាច់ត្រង់ដើមដៃ នឹងប្រអប់ដៃខាងឆ្វេង។ ក្រោយពីធ្វើសកម្មភាពហើជនសង្ស័យ បានជិះម៉ូតូគេចខ្លួន រីឯជនរងគ្រោះ ត្រូវបានអ្នក ដំណើរជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បន្ទាប់ពីទទួលបណ្តឹងពីឈ្មោះ សោ ស៊ាវប៉ាវ ភេទប្រុស អាយុ៣៩ឆ្នាំ ឪពុកជនរងគ្រោះរួចមកសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ព្រមទាំងស្រាវជ្រាវរកមុខសញ្ញា។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បាននាំជនសង្ស័យ ឈ្មោះយ៉ុន សាវៀត ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ យកមកសួរនាំ។ ក្រោយពីជនសង្ស័យឆ្លើយថា ខ្លួនមិនដឹងរឿងអ្វីទាំងអស់ សមត្ថកិច្ចបានអោយគ្រួសារ ធានាជនសង្ស័យបណ្តោះអាសន្នសិន ។

លោកបន្តថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយស្រាវជ្រាវប្រមូលភស្តុតាង ក៍បាននាំខ្លួនជនសង្ស័យ ឈ្មោះជៀក ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ យកមកសួរនាំ ហើយជនសង្ស័យបាន សារភាពថា នៅថ្ងៃកើតហេតុខ្លួនពិតជាបានធ្វើសកម្មភាពជាមួយជនសង្ស័យឈ្មោះហ៊ាន វីណៃ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិ ស្រះស្រង់ខាងជើង សង្កាត់នគរធំមែន ដោយខ្លួនជាអ្នកបើម៉ូតូ ហើយឈ្មោះ ហ៊ាន វីណៃ ជាអ្នកជិះពីក្រោយ កាប់ទៅលើជនរងគ្រោះ ដោយពួកគេទាំងពីរនាក់ទទួលបានប្រាក់ ចំនួន១០០ដុល្លារ ពីគណនេយ្យហ្វេសប៊ុកឈ្មោះSrey oun ។

បន្ទាប់មកក៏បានស្រាវជ្រាវនាំ ជនសង្ស័យឈ្មោះហ៊ាន វីណៃ យកមកសួរនាំ។ ជននេះបានឆ្លើយថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩ មិត្តភ័ក្កក្នុងភូមិពឹងអោយជួយវ៉ៃមនុស្សម្នាក់តែខ្លួនមិនវ៉ៃទេ ហើយខ្លួនក៏បាននិយាយរឿងប្រាប់ទៅ ឈ្មោះយ៉ុន សាវៀត។ ខណៈនោះ យ៉ុន សាវៀត ក៏បាននិយាយទៅកាន់ខ្លួនថា បើមានអ្នកណាជួលបានលុយចាយធ្វើ។

លុះរំលងបានពីរទៅបីថ្ងៃក៏មានគណនេយ្យ ហ្វេសប៊ុកឈ្មោះJea ka បានផ្ញើរសារអោយខ្លួន ដោយសរសសេរថា អោយខ្លួនកាប់មនុស្សប្រុសម្នាក់ជាសិស្សរៀននៅសាលាIQ អោយតម្លៃ១០០០ដុល្លារ ខ្លួនក៏ព្រមធ្វើ។ ពេលនោះខ្លួនក៏ប្រាប់រឿងហើយសហការជាមួយឈ្មោះយ៉ុន សាវៀត។ លុះដល់ថ្ងៃកើតហេតុ គណនេយ្យហ្វេសប៊ុកឈ្មោះJea ka ក៏បានផ្ញើរសារមកថា គេបានណាត់ជនរងគ្រោះឲ្យយកជ្រក់ជើងមាន់ទៅអោយនៅកន្លែងកើតហេតុហើ បន្ទាប់មកខ្លួនក៏ជីះម៉ូតូជាមួយឈ្មោះជៀក ប៊ុនណា ដោយខ្លួនជិះពីក្រោយ រួចកាប់ទៅលើជនរងគ្រោះចំកញ្ជាំងក នឹងកាប់ចំដើមដៃខាងឆ្វេង អូសដល់ប្រអប់ដៃ។

ក្រោយពីធ្វើសកម្មភាពហើយខ្លួននឹងបក្ខពួក ក៏បាននាំគ្នាជិះគេច្លួន ព្រមទាំងដោះអានឹងមួកការពារ ព្រមទាំងកាំបិត ចោលនៅម្តុំលូរទឹកស្អុយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ។

លោកអធិការបញ្ជាក់ថា ជននេះសារភាពទៀតថា ក្រោយធ្វើសកម្មភាពហើយ ខ្លួនក៏ទាក់ទង់ទៅ គណនេយ្យ ហ្វេសប៊ុកឈ្មោះJea ka ប្រាប់ពីដំណើររឿង ដែលខ្លួនធ្វើបានសម្រេច ព្រមទាំងសួររកប្រាក់ដែលម្ចាស់គណនេយ្យ ហ្វេសប៊ុកនេះ ថាឲ្យពួកខ្លួនចំនួន​១០០០ដុល្លារ តែគណនេយ្យ ហ្វេសបុកនេះ បានបិទឈប់ប្រើការមកទល់ពេលនេះ ។ ក្រោយពីនាំជនសង្ស័យទៅចង្អុលកន្លែងកើតហេតុ និងកន្លែងចោលវត្ថុតាង ព្រមទាំងបានចាប់យកវត្ថុតាង (កាំបិត) ផងនោះ ជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២៤កុម្ភៈដោយចោទប្រកាន់ បទ មនុស្សឃាតគិតទុកជាមុន៕/B