ខេត្តចិនចំនួន៤ រួមមានយុនណាន ,ហ្កាងទុង,សាន់ស៊ីនិងគុយចូវ កាលពីថ្ងៃចន្ទទី២៤កុម្ភៈបានបន្ទាបវិធានការឆ្លើយតបទល់នឹងកូរ៉ូណាវីរុសCovid-19 ដោយខេត្តយុនណាន និងគុយចូវ បន្ថយវិធានការពីកំរិត១មកនៅត្រឹម៣ រីឯខេត្តហ្កាងទុងនិងសាន់ស៊ីបន្ថយពីកំរិត១មកនៅត្រឹម២។
សូមបញ្ជាក់ថា ចិនមានប្រព័ន្ធឆ្លើយតប៤កំរិតសំរាប់គ្រាអាសន្នសាធារណៈ ដែលកំណត់ទំហំនិងកំរិតវិធានការអនុវត្តសំរាប់ទប់ស្កាត់និងគ្រប់គ្រងជម្ងឺឆ្លង ដោយកំរិតទី១ទាមទារការចាត់វិធានការម៉ឺងម៉ាត់បំផុត។
ខេត្តហ្កានស៊ូ បានបន្ទាបកំរិតចាត់វិធានការកាលពីថ្ងៃសុក្រ និងកាលពីថ្ងៃសៅរ៍ ខេត្តលីអាវនីញបានបញ្ចុះកំរិតចាត់វិធានការផងដែរ។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងមេដឹកនាំកំពូលៗរបស់ចិនបានអំពាវនាវអោយរោងចក្រនិងក្រុមហ៊ុនបន្តដំណើរការផលិតកម្មរបស់គេឡើងវិញ ដើម្បីប្រទេសអាចសំរេចបានគោលដៅកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ២០២០។
ពួកមន្ត្រីខេត្តចិនបានអនុវត្តតាមបទបញ្ជារបស់ស៊ី ដោយពីខេត្តមួយទៅខេត្តមួយពីតំបន់មួយទៅតំបន់មួយបានបន្ទាប់កំរិតឆ្លើយតបគ្រាអាសន្នបន្ទាប់ពីមូលដ្ឋានឧស្សាហកម្មជាតិជាងពាក់កណ្តាលនៅគាំងស្ញេញក្រោយការឈប់សម្រាកចូលឆ្នាំថ្មី។
បន្ទាប់ពីបណ្តាដងវិថីស្ងាត់ឈឹងគ្មានសកម្មភាពមនុស្សនិងហាងបិទ សញ្ញានៃជីវិតបានបង្ហាញឡើងវិញនៅតាមខ្សែក្រវាត់ផលិតកម្មឧស្សាហកម្មនៅក្នុងតំបន់ឆ្នេររបស់ប្រទេសចិន។នៅចម្ងាយប្រមាណ៦០០គីឡូម៉ែត្រពីប្រភពផ្ទុះជម្ងឺ គឺក្រុងវូហាន អ្នកលក់ដូរនិងអតិថិជននៅផ្សារយីវូ ក្នុងខេត្តហ្សេជាំង ត្រូវបានធ្វើតេស្តកំដៅខ្លួននៅច្រកចូលផ្សារ ក្រោយផ្សារលក់ដុំទំនិញឧស្សាហកម្មដ៏ធំនេះបើកដំណើរការឡើងវិញ។
តំរូវការថាមពលក៏ចាប់ផ្តើមកើនឡើងនៅចិនដោយរោងចក្រអគ្គិសនីធំៗចំនួន៦បានរាយការណ៍អំពីការប្រើធ្យូងថ្មកើនឡើង៧ភាគរយកាលពីថ្ងៃ២០កុម្ភៈធៀបនឹងមួយថ្ងៃមុន។
តែកម្លាំងពលកម្មនៅជាបញ្ហា។
ឌុង លីវ អនុប្រធានរោងចក្រមួយនៅក្រុងហ្វ៊ុយជៀនបាននិយាយថា «រោងចក្ររបស់យើងកំពុងបាត់កម្មករជាច្រើន ដូច្នេះយើងអាចដំណើរការផលិតមានកំរិត»។
ស្ថិតិផ្លូវការបង្ហាញថា រោងចក្រប្រមាណ៧០ភាគរយនៅតាមបណ្តាខេត្តដូចជាសាន់ទុង,ហ្សេជាំងនិងជាំងស៊ូ ឥឡូវបានចាប់ផ្តើមដំណើរការឡើងវិញ តែភាគច្រើនផលិតនៅក្រោមសមត្ថភាពនៅឡើយដោយសារខ្វះកម្មករ៕ប្រែសម្រួល៖វាសនា

បណ្តារោងចក្រចិនភាគច្រើនចាប់ផ្តើមដំណើរឡើងវិញតែនៅបាត់កម្មករ