ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ជំនួបលើសង្វៀន ខារ៉ាបាវរបស់ អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី២២ កុម្ភៈ កន្លងទៅនេះ រវាងអ្នកប្រដាល់កម្ពុជា ឡុង សំណាង ក្លិបសាលវ័ន្ដកីឡា ជាមួយអ្នកប្រដាល់ថៃ ដែន ភីឈីត (Den Phechhit) ត្រូវលោកអាជ្ញាកណ្ដាល បណ្ដេញចុះពីសង្វៀន នៅទឹកទី៣ ដោយសារតែការប្រកួត
របស់គេ ខុសប្រក្រតី ។
ពាក្យដែលថា ខុសប្រក្រតី មានន័យថា វ៉ៃមិនអស់ពីសមត្ថភាព ។ មុននឹងបណ្ដេញចុះពីសង្វៀម លោកអាជ្ញាកណ្ដាល បានព្រមាន ២ លើករួចទៅហើយ។ នៅទឹកទី៣ អាជ្ញាកណ្ដាល បានរាប់ ៨ ទៅលើ ដែន ភីឈីត បន្ទាប់មក ក៏បណ្ដេញចុះពីសង្វៀនទាំង ២ នាក់ នៅក្នុងទឹកទី ៣ តែម្ដង ។
យក្សផ្លែ ទិសពាយ័ព្យ ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតចាញ់អ្នកប្រដាល់ថៃ ចំណូលថ្មី ខុន ផប់ដាយ (Khon Phopday) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា ៥ ទឹក ពេញមកនោះ ។ យក្សផ្លែ ជាអ្នកប្រដាល់ ដែលមានអំណួត និងពូកែ ឌឺ ចំអក ដាក់គូប្រកួត តែប៉ះជាមួយ ខុន ផប់ដាយ គេជាអ្នកលេងមែនទែន គេបានបំបាក់អំណួត យក្សផ្លែ បានដោយពិន្ទុ ។
ជំនួបលើសង្វៀន Boostrong Fighter on Fire នាព្រឹកថ្ងៃទី២៣ កុម្ភៈវិញនោះ ក្នុងជំនួបជាមួយ អ្នកប្រដាល់បរទេស ចំនួន ៣ គូ កម្ពុជា ឈ្នះបានមួយគូ ស្មើមួយគូ និង ចាញ់មួយគូ ។
អ្នកប្រដាល់ តូច ទូ មកពីសមាគមប្រដាល់ ក្រសួងការពារជាតិ បានផ្ដួលអ្នកប្រដាល់ ជនជាតិអាមេរិកកាំង ដែលហាត់នៅស្រុកថៃ នៅទឹកទី២ ។ តូច ទូ បានវាយប្រហារជើងក្រោម របស់អ្នកប្រដាល់អាមេរិកកាំង ម៉ារទីន អាឡែន (Martin Allen) បណ្ដាលឲ្យខូចជើង មិនអាចបន្តការប្រកួតបាន នៅមុនស្នូរជួង បញ្ចប់ទឹកទី២ ។
អ្នកប្រដាល់ រិន សារដ្ឋ ក្លិបកងទ័ពជើងទឹក ប្រកួតបានត្រឹមស្មើពិន្ទុ ជាមួយអ្នក្រដាល់ថៃ អាវុធ ឡេក (Awouth Lek) ដោយពិន្ទុ បន្ទាប់ពីពួកគេខិតខំតស៊ូ ៥ ទឹកពេញមកនោះ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។ សារដ្ឋ បានព្យាយាមប្រើកែង និង ជង្គង់ ដើម្បីផ្ដួល អាវុធ ឡេក តែអ្នកប្រដាល់ថៃ រូបនេះ ក៏កាន់តែអស្ចារ្យដែរ គេបានវាយសងវិញ ធ្វើឲ្យសារដ្ឋ វេទនាម្ដងៗ។ បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ លទ្ធផលចុងក្រោយ គឺបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ ។
ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់ជើងខ្លាំងថៃ ចេក សាយ៉ាម (Chek sayam) ដោយពិន្ទុដាច់ បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។ ចេក សាយ៉ាម ជាអ្នកលេងឆ្លងដែន មួយរូប ដែលគេសាងជ័យជំនះ បានច្រើនណាស់ លើសង្វៀន នៅស្រុកខ្មែរ ។ ការប្រកួត ប្រសិនបើសាយ៉ាម ចាញ់នោះ ក៏គេធ្វើឲ្យដៃគូវេទនាដែរ ។
លើសង្វៀនអធិរាជ កម្លាំងរេដអាន នាយប់ថ្ងៃទី២៣ កុម្ភៈ អ្នកប្រដាល់កម្ពុជា ប្រកួតឈ្នះ អ្នកប្រដាល់ថៃ ទាំង២ រូប ដោយពិន្ទុដូចគ្នាតែម្ដង ។ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ ប្រកួតឈ្នះអ្នកប្រដាល់ថៃ ប៊ូ វី (Bou Vy) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញ មកនោះ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។
ឡុង ជិន ក្លិបម្កុដរាជសីហ៍ ប្រកួតឈ្នះអ្នកប្រដាល់ សេន មរកត (Sen Morokorth) ដោយពិន្ទុ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ៕v