ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីការគិតគូរអំពីការទ្រទ្រង់កំណើន ក្នុងទម្រង់ជាការលើកទឹកចិត្តដល់វិស័យដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យសំណង់និងអចលនទ្រព្យ។ការបញ្ជាក់នេះកាលពីព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីដែលជាសារជូនជនរួមជាតិស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និង ការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)។
សម្តេចតេជោហ៊ុនសែនបានលើកឡើងថាជាមួយវិធានការទ្រទ្រង់កំណើនបន្ថែមពីវិធានការរយៈពេលខ្លី ដែលបានដាក់ចេញសម្រាប់ជួយដល់វិស័យទេសចរណ៍, វិស័យកាត់ដេរ និង វិធានការជួយដល់កម្មករ-និយោជិត, រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការទ្រទ្រង់កំណើនក្នុងទម្រង់ជាការលើកទឹកចិត្តដល់វិស័យដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យសំណង់ និង អចលនទ្រព្យ ។ រាជរដ្ឋាភិបាលមានគោលបំណងប្រែក្លាយសហគ្រាសធុនតូច និង មធ្យម ឱ្យទៅជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច, ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និង មានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល ។
សម្តេចតេជោហ៊ុនសែនបញ្ជាក់ថាក្នុងគោលដៅនេះ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
ទី១. រៀបចំបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយ ដើម្បីជំរុញ និង អភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗនៅក្រោមការ-ដឹកនាំផ្ទាល់របស់ប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ គណៈកម្មាធិការនេះ នឹងដាក់ចេញនូវវិធានការជាក់ស្តែងពាក់ព័ន្ធនឹងការជំរុញ និង អភិវឌ្ឍសហ-គ្រាសធុនតូច និង មធ្យម, តាមដានការអនុវត្ត និង ស្នើដាក់ចេញនូវវិធានការកែសម្រួល តាមការចាំបាច់។
ទី២. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវជំរុញការដាក់ឲ្យដំណើរការធនាគារសហគ្រាសធុនតូច និង មធ្យម (SME Bank) ឱ្យបានឆាប់។ទី៣. រៀបចំជាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍជនបទ (RDB) ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និង មធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម, វិស័យកសិ-ឧស្សាហកម្ម និង វិស័យ កសិកម្ម ដែលមានដូចជា ការដាំបន្លែ, ការចញ្ចឹមសត្វ និង ការចញ្ចឹមត្រី ដើម្បីអនុញ្ញាតឱ្យសហ-គ្រាសធុនតូច និង មធ្យមទាំងនោះ មានលទ្ធភាពពង្រីក និង ធ្វើឱ្យប្រសើឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និង ពង្រឹងភាពប្រកួតប្រជែង។
ទី៤. រៀបចំយន្តការចូលរួមធ្វើសហហិរញ្ញប្បទាន (Co-financing) និង ចែករំលែកហានិភ័យ (Risk sharing) ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាម៉េរិក តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យម (SME Bank) ដែលមានដើមទុនរួចហើយ ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និង ធនាគារពាណិជ្ជនានា សំដៅជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ក្នុងផ្នែកកម្មន្តសាល និង សិប្បកម្ម សម្រាប់ជំនួសឱ្យការនាំចូល, បម្រើសេចក្តីត្រូវការក្នុងស្រុក ឬ ផ្តល់ជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ ។ យន្តការនេះ នឹងមានរយៈពេលមួយឆ្នាំ ហើយនឹងផ្តល់នូវឥណទានក្នុងអត្រាការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម។
ទី៥. លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាងប្រាំពីរម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
សម្តេចនាយករដ្ឋមមន្ត្រីបានបន្តថា ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕សរន