ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្រសួងបរិស្ថាន​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ឥរិយាបថ​បំពាន​ច្បាប់ ម្តង​ហើយ​ម្តងទៀត​របស់​ក្រុម​សមាជិក​បណ្តាញ​ព្រៃ​ឡង់​ដែល​បណ្តាញ​ខ្លួនឯង​មិនមាន​ការចុះបញ្ជី​ស្របច្បាប់​ត្រឹមត្រូវ និង​ថែមទាំង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ស្តីពី​”​តំបន់ការពារធម្មជាតិ​ថែមទៀត​”​។

​នេះ​គឺជា​ការ​ថ្លែង​របស់លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​សម្តែង​ការសោកស្តាយ​នេះ​បានធ្វើ​ឡើងខណៈ​សមាជិក​បណ្តាញ​ព្រៃ​ឡង់​រួម​និង​សមាគម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​១០០​នាក់​ក្រោម​ការឃ្លាំមើល​ដោយ​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​លីកាដូ​។​

ពួកគាត់​(​សមាគម​អង្គការ​)​បាន​ព្យាយាម​ចូលទៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែលជា​តំបន់​សម្បូរ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​សត្វព្រៃ​គ្រប់​ប្រភេទ​ដែល​ត្រូវ​ហាមឃាត់​។​ការចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​កុំឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​ក្នុង​តំបន់​នោះ​ដើម្បី​ពួកគេ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​និង​សកម្មភាព​ផ្សេងទៀត​តាម​អំពើ​ចិត្ត​។​ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ឡើយ​ដោយ​អនុលោម​តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​

​លោក​នេត្រ​ភក្ត្រា​បានចាត់ទុក​ទង្វើ​បំពាន​ច្បាប់​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន មិនមែនជា​គំរូ​ល្អ សម្រាប់​បណ្តាញ​សហគមន៍ សមាគម អង្គការក្រៅរដ្ឋាភិបាល​ឡើយ​។ ទង្វើ​នេះ ក៏បាន​ជំរុញ​ឱ្យ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក៏ដូចជា​សង្គម​ស៊ីវិល​មួយចំនួន រៀន​អនុវត្ត​ច្បាប់ និង​គោរព​តាមច្បាប់​ដែលមាន​ជា​ធរមាន​ឱ្យបាន​ត្រឹមត្រូវ​ជៀសវាង​ការបង្ក​ជម្លោះ​ជាមួយ​ច្បាប់​ក្រោមលេស​សិទ្ធិសេរីភាព​ដាច់បង្ហៀរ​ឫ​ប្រើ​សេរីភាព​គ្មាន​ព្រំដែន​។​

​យោងតាម​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ការចេញ​ចូលក្នុង​តំបន់ការពារធម្មជាតិ​រួម ។​ក្នុងនោះ​ការចេញចូល​តំបន់​ស្នូល​ដែលជា​តំបន់​គ្រប់គ្រង​ដែលមាន​តម្លៃ​ខ្ពស់​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ​រុក្ខជាតិ​ដែល​កម្រ​ជិត​ផុត​ពូជ​ទទួលរង​គ្រោះថ្នាក់​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ផុយស្រួយ​ត្រូវ​ហាមឃាត់​។​លើកលែងតែ​មន្ត្រីរដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​ដែលមាន​ភារកិច្ច​និង​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ការចេញចូល​តំបន់​អភិរក្ស​ក៏ត្រូវ​មានការ​អនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​។​

​លោក​នេត្រ​ភក្ត្រា​បាន​ថ្លែងថា​តំបន់​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មានបំណង​ចូលទៅ​នោះ​ជា​តំបន់​ដែល​ត្រូវ​អភិរក្ស​និង​ការពារ​។​ជាពិសេស​កុំឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់​នោះ​។​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​បាន​ថ្លែងថា​មន្ត្រី​ឧ​ទ្យា​នុ​ក្ស​នៃ​ក្រសួងបរិស្ថាន​បាននិងកំពុង​បំពេញ​បេស​សកម្ម​របស់ខ្លួន​ការពារ​ព្រៃឈើ សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ទាំងយប់​ទាំង​ថ្ងៃ​។ ចុះ​ដើរល្បាត ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កើតមាន​ក្នុង​តំបន់​អភិរក្ស​ក៏ដូចជា​ដើរ​ដោះ​អន្ទាក់​ដែល ជនល្មើស បាន​លបលួច​ដាក់ ចាប់​សត្វព្រៃ​ខុសច្បាប់​ផងដែរ​។​

​លោក​បាន​គូសបញ្ជាក់ថា​ក្រសួងបរិស្ថាន​បានផ្តល់​ការសហការ​យ៉ាង​ស្អិតរ​មួ​តដល់​សហគមន៍​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ដែលមាន​ការទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ​និង​មានការ​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ ឬ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​។​

​បច្ចុប្បន្ននេះ សហគមន៍​តំបន់​ការពារ ធម្មជាតិ​ចំនួន ១៩​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទាំង ៤ ខេត្ត​រួមមាន​ខេ​ត្កំ​ពង់​ធំ​ខេត្តក្រចេះ​ខេត្តស្ទឹងត្រែង​និង​ខេត្តព្រះវិហារ​ដែលមាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន​ជា​សមាជិក​និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​បាននិងកំពុង​សហការ​សាមគ្គី​ជាមួយ​ក្រសួងបរិស្ថាន​ចុះ​ល្បាត ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ​រួមគ្នា​។​

​លោក​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​បានផ្តល់​កិច្ចសហការ​ដល់​បណ្តាញ​ព្រៃ​ឡង់ អនុលោម​តាម ស្មារតី​នៃ​វេទិកា​ស្តីពី​ការគ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​កាលពី​ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់​នេះ​មាន​ភាពមិនស្មោះត្រង់​ក្នុង​ការធ្វើ​កិច្ចសហការ​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។​

​លោក​ក៏បាន​ស្នើឱ្យ​អង្គការ​មួយចំនួន​ដូចជា​អង្គការ​ស្ពាន​សន្តិភាព និង​អង្គការ​ដាន់​មិ​សិន (Danmission) ដែល​មិនមាន​ដែន​សមត្ថកិច្ច​និង​មិនបាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងបរិស្ថាន​គួរ​បញ្ឈប់​សកម្ម​ភាពខុស​ច្បាប់​របស់ខ្លួន​នៅក្នុង​តំបន់​អភិរក្ស​និង​នៅ​ពីក្រោយ​បណ្តាញ​ព្រៃ​ឡង់​ធ្វើ​សកម្មភាព​ខុសច្បាប់​បន្ត​ទៀត​។​

​លោក​បាន​ថ្លែងថា​ប្រសិនបើ​អង្គការ​ទាំងនេះ​ចង់​សហការ​និង​ចូលរួម​ការងារ​អភិរក្ស​ជាមួយ​ក្រសួងបរិស្ថាន​ស្វាគមន៍ ហើយ​គួរ​ស្នើសុំ​ជា​ផ្លូវការ​តាម​នីតិវិធី​ច្បាប់ ជាជាង​ការធ្វើការ​ដោយ​លួចលាក់ ខុសច្បាប់ លើស​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បង្កើតឱ្យមាន​ការសង្ស័យ​ពី​ភាពមិនស្មោះត្រង់​ក្នុងការ​អនុវត្ត​កិច្ចការ​របស់ខ្លួន​។​

លោក​បាន​សម្តែង​ការសោកស្តាយ ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ព្យាយាម​ធ្វើ​សកម្មភាព​ក្រៅច្បាប់ និង​ធ្វើខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​សមូហភាព​នៃ​ការដឹកនាំ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ជាមួយ​នេ​ង​ស្ថាប័ន​ពាក់ព័ន្ធ​។​ក្រសួងបរិស្ថាន​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ទូទាំងប្រទេស​អាជ្ញាធរខេត្ត​នៃ​តំបន់​ព្រៃ​ឡង់​បានរៀបចំ​កម្មវិធី​បោះតង់​និង​បំបួស​ដើមឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​កាលពី​ថ្ងៃទី​១៤ និង​ទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្រោម​ប្រធានបទ​ថ្ងៃ​ក្តី​ស្រឡាញ់​បរិស្ថាន​និង​ធម្មជាតិ​ដោយមាន​អ្នកចូលរួម​សរុប​ចំនួន​ជាង ៥០០​នាក់​។​ប៉ុន្តែ​ចំឡែក​តែ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ទទួលបាន​ថវិកា​ជា​រៀងរាល់ខែ​ពី​អង្គការ​មួយចំនួន​ព្យាយាម​បង្កើត​កម្មវិធី​ដោយឡែក​មួយ​ផ្សេង​ដោយ​បំពាន​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។

គួរឱ្យកត់សម្គាល់​ថាក​ន្ល​ង​ទៅ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នេះ​បាន​ព្យាយាម​ប្រើប្រាស់​ទិន្នន័យ​ដែល​មិនមាន​មូលដ្ឋាន​វិ​ទ្យ​សាស្ត្រ​ត្រឹមត្រូវ​ប្រើ​វិធីសាស្ត្រ​រាប់​គល់ឈើ​មួយ​ដើម​ថា​ជា​បទល្មើស​មួយ​និង​លួច​ផ្តល់ទៅឱ្យ​អង្គការ​ខ្លះ​។​ដើម្បី​ចងក្រង​បំប៉ោង​របាយការណ៍​ក្នុង​ចេតនា​ចិញ្ចឹម​ទំនាស់​ព្រៃ​ឡង់​និង​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​បំភ្លៃ​ដើម្បី​បំផ្លាញ​ជំនឿ​ទំនុកចិត្ត​ប្រជាពលរដ្ឋ​ចំពោះ​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​បម្រើ​គោលដៅ​អ្វីមួយ​។​

​លោក​បាន​អំពាវនាវ​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គួរ​គោរព​ច្បាប់​ហើយ​ស្នើឱ្យ​អង្គការក្រៅរដ្ឋាភិបាល​គោរព​ឱ្យបាន​ហ្មត់ចត់​នូវ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចៀសវាង​ការបង្ក​ជម្លោះ​នឹង​ច្បាប់​។​ក្រសួងបរិស្ថាន​បាននិងកំពុង​គ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ សរុប​មាន​ទំហំ ៧,២ លាន​ហិកតា​គ្របដណ្តប់​ខេត្ត​ចំនួន ២០ ក្នុងចំណោម​ខេត្ត​រាជធានី​ទាំង ២៥ នៃ​កម្ពុជា​។​

​មាន​សហគមន៍​សមាគម​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​លើសលប់​ដែល​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​យ៉ាង​ល្អ​។​ប៉ុន្តែ​មាន​សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច​ដែល​បង្កប់​ដោយ​របៀបវារៈ​សហការ​មិន​ស្មោះត្រង់​តែងតែ​ដើរ​អុកឡុក​បង្កចលាចល​និង​បង្កើត​ការ​ញុះញង់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំភ្លៃ​ការពិត​ដើម្បី​គោលបំណង​ទុច្ចរិត​អ្វីមួយ​។​

​អ្វីដែល​ប្រជាពលរដ្ឋ​ប្រាថ្នា​គឺ​ការគោរព​ច្បាប់​រួមទាំង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​។​ដូច្នេះ​គួរតែ​គោរព​ច្បាប់​ស្នើសុំ​ការចុះបញ្ជី​ត្រឹមត្រូវ​និង​ធ្វើ​សកម្មភាព​ស្របច្បាប់​ជា​ធរមាន​ព្រោះ​យើងទាំងអស់គ្នា​មាន​គោលដៅ​តែមួយ​។​គឺ​ការពារ​ធនធានធម្មជាតិ​ដែល​យើង​មាន​ឱ្យបាន​គង់វង្ស​គួរ​កុំ​ប្រើ​លេស​ការចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ធ្វើ​របាយការណ៍​អាក្រក់​ពី​ការងារ​អភិរក្ស​ធនធានធម្មជាតិ​។​ដើម្បី​គ្រាន់តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ស្វែងរក​ហិរញ្ញវត្ថុ​គាំទ្រ​សកម្មភាព​ខ្លួន និង​ដើម្បី​បន្តការងារ​សម្រាប់​ខ្លួន​៕S/​