សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់ ពី​វិធានការ​រយៈពេល​ខ្លី និង បន្ទាន់ សំដៅ​ជួយ​ដល់​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ និង កម្មករ​-​និយោជិត ដែល​រង​ផលប៉ះពាល់ នៅក្នុង​សភាពការណ៍​មិន​អំណោយផល​ចំពោះមុខ ។ ប៉ុន្តែ​សម្តេច​បាន​បន្ថែមថា ក្នុងករណី​ចាំបាច់​, រាជរដ្ឋាភិបាល​នឹងដាក់​ចេញ​នូវ​វិធានការ​បន្ថែមទៀត ស្របទៅតាម​ការវិវត្ត​នៃ​សភាពការណ៍​ជាក់ស្តែង ។​ការបញ្ជាក់​នេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ដែលជា​សារ​ជូន​ជនរួមជាតិ​ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វិដ​-១៩) និង ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី «​ទំនិញ​គ្រប់មុខ លើកលែង​អាវុធ​» (EBA)​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថា​សម្តេច​បា​ន​បញ្ជាក់​រួចមកហើយ​ពី​វិធានការ​រយៈពេល​ខ្លី និង បន្ទាន់ សំដៅ​ជួយ​ដល់​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ​និង​កម្មករ​-​និយោជិត​ដែល​រង​ផលប៉ះពាល់​នៅក្នុង​សភាពការណ៍​មិន​អំណោយផល​ចំពោះមុខ​។​នេះ​គឺជា​កញ្ចប់​នៃ​វិធានការ​ជុំទីមួយ​។​ក្នុងករណី​ចាំបាច់​រាជរដ្ឋាភិបាល​នឹងដាក់​ចេញ​នូវ​វិធានការ​បន្ថែមទៀត​ស្របទៅតាម​ការវិវត្ត​នៃ​សភាពការណ៍​ជាក់ស្តែង​។​ទន្ទឹមនេះ​ខ្ញុំ​ក៏បាន​ណែនាំ​ឱ្យ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំ​ស្នើឡើង​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ថ្មី​បន្ថែមទៀត សម្រាប់​ខ្ញុំ​ពិចារណា និង ពិនិត្យ​សម្រេច​ដាក់​ឲ្យ​អនុវត្ត ដែល​ខ្ញុំ​គ្រោង​នឹង​ប្រកាស​នៅក្នុង​វេទិការ​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី ១៩ នា​ថ្ងៃទី ១ ខែ មេសា​ឆ្នាំ​២០២០​ខាងមុខនេះ​ដោយ​រាប់​ប​ញ្ជូ​ល​នូវ​វិធានការ​បន្ថែម​សម្រាប់​ដោះស្រាយ​និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​ខូ​វីដ​-១៩ ក្នុងករណី​ចាំបាច់​។ វិធានការ​កែលម្អ​ភាព​ប្រកួតប្រជែង​របស់​កម្ពុ​ជាស​ម្រា​ប់​រយៈពេល​មធ្យម និង វែង​ពិសេស​តាមរយៈ​ការលើកកម្ពស់​ផលិតភាព​។​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ព្រមទាំង​វិធានការ​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​តាម វិស័យ និង អនុវិស័យ​សំខាន់ៗ សម្រាប់​រយៈពេល​មធ្យម​ខាងមុខ ដូចជា វិស័យ​កសិកម្ម​, ក​សិ​-​ឧស្សាហកម្ម​, ទេសចរណ៍ និង សហគ្រាស​ធុន​តូច និង​មធ្យម ជាដើម ។​


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​, វិនិយោគិន​, ធុរជន​, អាជីវករ​, និង ក្មួយៗ​កម្មករ​-​និយោជិត​ទាំងអស់គ្នា សូម​មាន​ស្មារតី​នឹងនរ​, មាន​ជំនឿ​ទុកចិត្ត​លើ​រាជ​រដ្ឋា​ភ​បាល​, បន្ត​កិច្ចការងារ និង សកម្មភាព​ជីវិត​ប្រចាំថ្ងៃ​ជាធម្មតា​, ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការធ្វើ​ធុរកិច្ច ក៏ដូចជា​ក្នុងការ​បំពេញការងារ​, និង ចូលរួម​អនុវត្ត​នូវ​វិធានការ​ទាំងអស់ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញមក​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​, ស្មារតី​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ចិត្ត​, ស្មារតី​ស្រឡាញ់ និង ជួយ​យកអាសារ​គ្នា​ក្នុង​គ្រា​លំបាក​, ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​, ស្មារតី​យកឈ្នះ​ឱ្យបាន​លើ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​ចំពោះមុខ​, ស្មារតី​ជឿជាក់ថា កម្ពុជា​នឹង​ខ្លាំង​ជាង​ពេលមុនៗ​នៅពេល​ឆ្លង​ផុតពី​បញ្ហា​ប្រឈម​ទាំងនេះ​និង​ស្មារតី​ជឿជាក់​លើ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​គ្រប់​ជំនាន់​ទៅមុខទៀត ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខសន្តិភាព ដែល​យើង​ខិតខំ​សម្រេច​បានមក​ដោយ​លំបាកលំបិន ជាមួយនឹង​ពលី​កម្ម​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន ៕​សរន​