បេក្ខភាពប្រលង ៤២ រូបមកពី សាលាស្រណោះតន្រ្តីលុប ចោល គម្រោងដណ្ដើមពាននៅម៉ាឡេស៊ី

422
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដោយសារតែការផ្ទុះឡើងនូវជំង កូរ៉ូណា ឬ Covid-19 ក្រុមតារាចម្រៀងកុមារ របស់សាលា ស្រណោះតន្រ្តី បានផ្អាកការចេញ ទៅសម្តែង របស់ខ្លួន លើជំនាញ ឧបករណ៍វីយូឡុង ហ្គីតា ព្យាណូ និង ចម្រៀង។ នេះ​ បើតាមការ អោយដឹងពីលោក សូ ស្រណោះ គ្រូបង្វឹក នៅសាលាតន្រ្តី បានថ្លែងប្រាប់ កាលពី ល្ងាចថ្ងៃ អាទិត្យ ទី២៣ កុម្ភៈ ២០២០ នៅសណ្ឋាគារសាន់វ៉េ។

លោក សូ ស្រណោះ បានថ្លែងថា ដោយសារតែការផ្ទុះឡើងនៃជម្ងឺកូរ៉ូណា បានធ្វើ អោយ លោក និង អាណាព្យាបាលសិស្ស សម្រេចលុបចោល មិនចូលរួមប្រកួត។ យ៉ាងណាមិញសិល្បករក្មេងៗ ដែលសុទ្ធសឹងតែជាអ្នកជំនាញផ្នែកតន្ត្រី និង ចម្រៀង តំណាងអោយកម្ពុជាលើឆាកអន្តរជាតិទាំងនោះ នៅតែលេចធ្លោ បន្ទាប់ពីពួកគេត្រូវ បានបង្វែរកម្មវិធី ពីការចេញប្រកួតដណ្ដើមពាននៅក្រៅប្រទេស មកជាការសម្ដែង បញ្ចេញ សមត្ថភាព នៅក្នុងសណ្ឋាគារសាន់វេ អមដោយអាហារសាមគ្គី ដោយមាន អ្នកទស្សនា មកពីស្ថាប័ននានាប្រមាណជាង២០០នាក់។

លោក សូ ស្រណោះ បានបន្ថែមថា ដោយសារតែលោក និង អាណាព្យាបាល សិស្ស មិនចង់ប្រថុយនឹងការផ្ទុះឡើងនៃជម្ងឺ កូរ៉ូណា ដែលកំពុងវាយលុក និង ចង់ លើកទឹកចិត្តអោយកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រី រហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀប ចំជាការ សម្ដែងទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ ដើម្បីបង្ហាញថា បេក្ខភាពរបស់កម្ពុជាទាំង៤២ រូបត្បិតមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗតាមជំនាញរៀងខ្លួន ក្រោយការ បង្វឹកផងដែរ។

លោកថា ក្មេងៗដែលមានឈ្មោះត្រូវទៅប្រកួត នៅក្នុងប្រទេសម៉ាឡេស៊ី តែខកខាន ទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅ ក្នុងសាលា ស្រណោះតន្ត្រី និងត្រូវបានប្រលងជ្រើសរើសដោយគណកម្មការជំនាញ ទើបលោកក៏ សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួត យកពានអន្តរជាតិ។ លោមបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោក ធ្លាប់បានដឹកនាំ ក្មេងៗទាំងនេះ ទៅប្រលងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបាន ពានមាសជារឿយៗ។

លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលក្មេងៗទាំងនោះ បង្ហាញសមត្ថភាពបានល្អ ខណៈដែលភ្ញៀវកិត្តិយស ដែលបានចូលរួម ជាពិសេសគឺ អាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយ ចិត្ត ទោះមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិក្តី។ លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាននៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចំរើន៕