ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្រសួងបរិស្ថាន​នឹង​សម្របសម្រួល​ចូលរួម​គាំទ្រ​ផ្តួច​ផ្តើមកសាង​ស្ពាន​២​កន្លែង ដែល​ត្រូវ​ភ្លើង​ឆេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​,​ភ្នំ​ពក​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​ឡើងវិញ​។​ស្ពានឈើ​ទាំង​២​កន្លែង​ដែល​ត្រូវបាន​ឆេះ​ក្នុង​ខែកុម្ភៈ​នេះ​គឺជា​ច្រកចេញ​ចូលទៅ​ដែនជម្រកសត្វព្រៃ តំបន់ភ្នំ​ត្នោត​។​

ក្រសួង​រិ​ស្ថាន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​BeeTreed​ដែលមាន​លោក​បេន​ដាវី​សជន​ជាតិ​អាមេរិកកាំង​ជា​តំណាង​ដើម្បី​ចូលរួម​គ្រប់គ្រង​និង​អភិរក្ស​តំបន់​នោះ​។​នេះ​គឺជា​ការលើកឡើង​ឱ្យដឹង​របស់លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ឱ្យដឹង​នៅ​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

លោក​នេត្រ​ភក្ត្រា​បាន​ថ្លែងថា​ក្រោយពី​មានការ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​សប្បុរសជន​មួយចំនួន​ដែលមាន​សមានចិត្ត​ក្នុងការ​ចូលរួម​កសាង​ស្ពាន​ក្នុង​តំបន់​អភិរក្ស​នេះ​។​ក្រសួងបរិស្ថាន​នឹង​សម្របសម្រួល​ក្នុងការ​សាងសង់​ស្ពាន​ទាំងនេះ​ឡើងវិញ​ដែល​នឹងធ្វើ​ពី​បេតុង​ដើម្បី​ចៀសវាង​ភ្លើង​ឆេះ​ជាថ្មី​ម្តងទៀត​។​

​សប្បុរជន​ដែលមាន​សមានចិត្ត​ចូលរួម​ជួយ​កសាង​ស្ពានបេតុង​ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ​លោក​បេន​ដាវី​ស​នៅពេលនេះ​រួមមាន​លោក​ឧកញ៉ា​ស្រី​ចាន់ថន​លោក​ឧកញ៉ា​ហ៊ុន​ជារួម​នឹង​សប្បុរសជន​ផ្សេងទៀត​។​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​ថា​”​ក្នុងនាម​ក្រសួងបរិស្ថាន​យើងខ្ញុំ​សូម​អរគុណ​ដល់​សប្បុរសជន​ទាំងឡាយ​និង​សូម​ស្វាគមន៍​ចំពោះ​ការចូលរួម​វិភាគទាន​ដ៏​ថ្លៃថ្លា​និង​ជា​ប្រយោជន៍​សម្រាប់​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នេះ​”​។​

​ជាមួយនេះ​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​សប្បុរស​ជា​ផ្សេងទៀត​ដែលមាន​សមានចិត្ត​ស្រឡាញ់​ធនធានធម្មជាតិ និង​ការងារ​អភិរក្ស​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក អាច​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​ការងារ​នេះ​។​លោក​បញ្ជាក់ថា​នេះ​ជា​ទឹកចិត្ត​សប្បុរសធម៌​និង​ការចូលរួមចំណែក​ក្នុង​ការកសាង​ស្ពាន​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​ក្នុង​តំបន់​នោះ​។​ជាពិសេស​គឺជា​ច្រកចេញ​ចូលទៅ​ទីតាំង​ដែល​លោក​បេន​ដាវី​ស​គ្រប់គ្រង​អភិរក្ស​និង​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​នោះ​។​

​បើតាម​ការឱ្យ​ដឹង​រប​ស់លោក​នេត្រ​ភក្ត្រា​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​ដែល​ស្ថិតនៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ និង​ខេត្ត​សៀម​រាម មាន​ទំហំ​ផ្ទៃដី​សរុប ៤២.០៩៧ ហិកតា​ដែល​ក្នុងនោះ​លោក បេន​ដាវី​ស​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​គ្រប់គ្រង​និង​អភិរក្ស​លើ​ផ្ទៃដី​ចំនួន​ជាង​៧​ពាន់​ហិកតា ដែលមាន​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ​និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​ទន្ទឹមនឹង​ផ្តល់​កិច្ចសហការ​អភិរក្ស​ធ​ន​ធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ក្រសួងបរិស្ថាន​តាមរយៈ​មូលនិធិ​បរិស្ថាន​និង​សង្គម​បានផ្តល់​កញ្ចប់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ៥​ឆ្នាំ ដោយបាន​ចាប់ផ្តើម​អនុវត្ត​ពី​ដើមឆ្នាំ​២០១៩​មក​ដើម្បី​លោក បេន​ដាវី​ស​ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែន​ជ​ម្ក​សត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​នេះ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងបរិស្ថាន នៅក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ស្ពាន​ចំនួន​៤ ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​ដែល​ស្ពាន​នីមួយៗ​មាន​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ​ឬ​វែង​ជាង​នេះ​។​ក្នុងនោះ​ស្ពានឈើ​ចំនួន​២​ត្រូវបាន​លួច​ដុត​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​លោក​នេត្រ​ភក្ត្រា​បាន​សម្តែង​ការសោកស្តាយ​ដែល​ស្ពាន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​ត្រូវបាន​ភ្លើង​ឆេះ​។

​ជាមួយគ្នានេះ​លោក​រដ្ឋលេខាធិការ​សូម​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​នៃ​ការឆេះ​ស្ពាន​នេះ​។​បើ​មាន​អ្នក​លួច​ដុត​ត្រូវ​ស្វែង​រកមុខ​ជនខិលខូច​ដែល​លួច​ដុត​ស្ពានឈើ​នេះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​លោក​ភក្ត្រា​បាន​ថ្លែងថា​យើង​នឹងមិន​លើកលែង​ឱ្យ​ជន​ល្មើ​ល​ដែល​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ឡើយ​៕S/​