ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សយ៉ាងច្រើននៅទីក្រុងញូវដែលីប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យទី២៣កុម្ភៈនៅក្នុងការផ្ទុះអំពើហិង្សាចុងក្រោយបំផុតនៅក្នុងការតវ៉ាប្រឆាំងងច្បាប់សញ្ជាតិ។
មនុស្សរាប់រយនាក់ដែលគាំទ្រច្បាប់ថ្មីនេះបានប៉ះទង្គិចជាមួយក្រុមអ្នកដែលប្រឆាំងនឹងច្បាប់នេះដោយក្រុមទាំង២បានគប់ដុំថ្មដាក់គ្នាទៅវិញទៅមកនៅទីក្រុងនេះ ។
លោក អាឡុក គុមារ មន្ត្រីប៉ូលិសក្រុងញូវដែលី បានប្រាប់ក្រុមអ្នកយកព័ត៌មានអំពីការតវ៉ានេះថា មានពួកអ្នករំលោភបំពានខ្លះ ដែលចង់បំផ្លាញសន្តិភាពនៅក្នុងតំបន់នេះ។ យើងនឹងកំណត់អត្តសញ្ញាណពួកគេហើយចាត់វិធានការប្រឆាំងនឹងពួកគេ” ។
លោកបានបន្ថែមថា”ឥឡូវនេះស្ថានភាពកំពុងស្ថិតនៅក្រោមការគ្រប់គ្រង”។
ការតវ៉ានេះកើតឡើងគឺមួយថ្ងៃមុនពេលប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឥណ្ឌា ជាទីដែលគេរំពឹងថានឹងលើកឡើងពីបញ្ហាសេរីភាពសាសនានៅប្រទេសនេះជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី។
ច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិរបស់ប្រទេសឥណ្ឌាដែលជួយសម្រួលសម្រាប់ជនមិនមែនអ៊ីស្លាមមកពីបណ្តាប្រទេសដែលកាន់សាសនាអ៊ីស្លាមភាគច្រើនដែលនៅជិតខាងប្រទេសនេះដើម្បីទទួលបានសញ្ជាតិ បានបង្កឱ្យមានការតវ៉ាអស់ពេលច្រើនសប្តាហ៍ប្រឆាំងលោក ណារិន ដ្រាម៉ូឌី ។
ច្បាប់ឥណ្ឌានេះត្រូវបានក្រុមអ្នកប្រឆាំងមើលឃើញថាជាការរើសអើងប្រឆាំងជនអ៊ីស្លាមហើយបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថារដ្ឋបាលរបស់ លោក ណារិន ដ្រាម៉ូឌី កំពុងធ្វើឱ្យខូចប្រពៃណីរបស់ឥណ្ឌា។
គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janataដែលកំពុងកាន់អំណាចរបស់លោក ណារិន ដ្រាម៉ូឌី បដិសេធការលម្អៀងណាមួយប្រឆាំងប្រជាជនអ៊ីស្លាម១៨០លាននាក់របស់ប្រទេសនេះ៕ប្រែសម្រួល៖សុខា/sn
ពួកអ្នកគាំទ្រច្បាប់សញ្ជាតិថ្មីនេះនិងក្រុមអ្នកប្រឆាំងច្បាប់នេះចោលដុំថ្មដាក់គ្នាក្នុងពេលការប៉ះទង្គិចនៅទីក្រុងញូវដែលី កាលពីថ្ងៃអាទិត្យ