អាជ្ញាធរជាតិអប្សរាផ្តើមកែលម្អផ្លូវ​ ទេសភាព និងបរិស្ថានបរិវេណខាង​​លិចប្រាសាទអង្គរវត្ត

ដោយ:បាយ័ន/សៀមរាប ៖ អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។នេះជាការចាប់ផ្តើមកែលម្អពីថ្ងៃទី២៣ ខែកុម្ភៈមក។

លោកយិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមអនុវត្តគម្រោងកែលម្អផ្លូវ រៀបចំប្រព័ន្ធរំដោះទឹក សួនច្បារ និងផ្លូវថ្មើរជើង ត្រង់ចំណុចអក្សរតេ ចាប់ពីចំណុចមុខនាគនៃស្ពានហាលប្រាសាទអង្គរវត្ត ទៅដល់ផ្លូវបំបែកទៅត្រពាំងសេស ដោយមានប្រវែង២៩០ម៉ែត្រ ទទឹង៨​ទៅ១៣ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)។ ក្រុមការងារកំពុងកាត់ដកហូតដើមឈើងាប់ និងដើមឈើពុំបានការមួយចំនួនដូចជាដើមពុទ្រា ដើមអំពិលទឹកជាដើម និងដាំជំនួសមកវិញនូវដើមឈើប្រណិត ហើយនឹងរៀបចំផ្លូវថ្មើរជើង ដែលមានដាំស្មៅ និងដើមឈើអមសងខាង ឱ្យមានភាពបៃតងជាប្រចាំសម្រាប់ភ្ញៀវជាតិ-អន្តរជាតិធ្វើដំណើរទស្សនាប្រាសាទអង្គរវត្តដោយសោមនស្សរីករាយ។

ក្នុងពេលកំពុងអនុវត្តកិច្ចការងារនេះ លោកបញ្ជាក់ថា ពិតជាមានផលរំខានដល់អាជីវករលក់ដូរនៅទីនេះខ្លះ និងសុំការយោគយល់ពីសំណាក់អាជីវករទាំងអស់ ព្រមទាំងសូមឱ្យមានការចូលរួមដើម្បីកែប្រែសោភ័ណភាពមុខប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ អាជ្ញាធរជាតិអប្សរាបានរៀបចំផ្លូវថ្មើរជើងបណ្តោះអាសន្ន ចាប់ពីចំណតរថយន្តទៅស្ពានបណ្តែតទឹក សម្រាប់សម្រួលដល់ភ្ញៀវទេសចរ និងរៀបចំច្រកចេញចូលជាបណ្តោះអាសន្នសម្រាប់អាជីវករនៅត្រពាំងសេសផងដែរ។

លោកបន្ថែមថា គម្រោងដែលកំពុងតែអនុវត្តនេះ នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២០​ខាងមុខ ហើយវាជាគម្រោងមួយក្នុងចំណោមគម្រោងធំៗផ្សេងៗទៀតនៅបរិវេណនេះដូចជា ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលមានកន្លែងទទួលភ្ញៀវ កន្លែងផ្តល់ព័ត៌មាន កន្លែងតាំងពិព័រពណ៍ តូបលក់ដូរសម្រាប់ប្រជាជនក្នុងស្រុក និងកម្រិតអន្តរជាតិ៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular