Home ព័ត៌មានជាតិ ក្រសួងការបរទេ...

ក្រសួងការបរទេសកម្ពុជាបដិសេធ​ចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័ន​បរទេសមួយចំនួនរឿងវីរុសកូរ៉ូណា

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងលក្ខខណ្ឌ័ដ៏ច្បាស់លាស់បំផុត បានបដិសេធការអះអាងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេសមួយចំនួន ដែលនាំឱ្យសាធារណជនជឿថា ប្រទេសកម្ពុជាប្រហែលបានអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញ ពីកប៉ាល់ទេសចរណ៍ Westerdam ដែលការអនុញ្ញាតនេះ បង្កើនការរីករាលដាលវីរុសកូរ៉ូណាជាសកល។ អត្ថបទ និងសេចក្តីថ្លែងការណ៍ មានលក្ខណៈប្រញាប់ប្រញាល់ គ្មានការយកចិត្តទុកដាក់ គ្មានវិជ្ជាជីវៈ និង មានការចោទប្រកាន់ បែបនេះ បានជំរុញឱ្យមានការភ័យខ្លាច និងការភាន់ច្រលំដែលមិនគួរកើតមាន ក្នុងចំណោមសាធារណជនពាក់ព័ន្ធទៅនឹងការរីករាលដាលនៃវីរុសCOVID-19 ដែលបណ្តាលឱ្យមានការរើសអើងចំពោះអ្នកដំណើរនៃនាវា Westerdam និងមានចេតនាទុច្ចរិតមិនឱ្យតម្លៃទៅលើកាយវិការមនុស្សធម៌ និងសមត្ថភាពផ្នែកសុខាភិបាលរបស់ប្រទេសកម្ពុជា។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

អ្នកនាំពាក្យក្រសួងការបរទេសបន្តថា ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាមួយបទបញ្ញត្តិសុខភាពអន្តរជាតិ និងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរសុខភាពដែលទទួលស្គាល់ដោយពិភពលោក រួមមាន អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវជម្ងឺឆ្លងរបស់អាល្លឺម៉ង់ (DZIF) និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិក(CDC) ក្រសួងសុខាភិបាលកម្ពុជាបានធ្វើតេស្តយ៉ាងល្អិតល្អន់លើអ្នកដំណើរ និងសមាជិកក្រុមនាវិកទាំងអស់ចំនួន ២២៥៧នាក់។ ពាក់ព័ន្ធករណីស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលកាលពីមុននេះត្រូវបានគេធ្វើតេស្តរកមេរោគ COVID-19 ឃើញវិជ្ជមាន នៅប្រទេសម៉ាឡេស៊ី ត្រូវបានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិក ជាអាជ្ញាធរសុខភាពដែលមានការទទួលស្គាល់ជាសាកល បានបដិសេធលទ្ធផលនៃការធ្វើតេស្តនោះ និងបានបញ្ជាក់តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ដែលបានលើកឡើងថា «ខ្ញុំសូមធ្វើការអះអាងថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត នឹងរកឃើញថាមានលទ្ធផលអវិជ្ជមាន រួមទាំងស្រ្តីវ័យ៨៣ឆ្នាំនោះផងដែរ»។

លើសពីនេះទៀត ស្របគ្នាជាមួយការរកឃើញរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិកដែរ គណៈកម្មាធិការនាយកផ្នែកការពារសុខភាពរបស់អូស្រ្តាលី (AHPPC) បានធ្វើការសម្រេចចិត្ត កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ ដកចេញនូវការកំហិតឲ្យអ្នកដំណើរចេញពីកប៉ាល់ Westerdam ដោយមិនចាំបាច់ស្ថិតនៅដាច់ដោយឡែកពីគេឯង រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យរក COVID-19 នៅពេល ត្រឡប់មកដល់ប្រទេសអូស្ត្រាលីវិញនោះទេ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជាចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកដំណើរលើនាវានោះ អាចធ្វើដំណើរដោយសុវត្ថិភាព ទៅកាន់គោលដៅប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនវិញ។ កាយវិការរបស់កម្ពុជាបែបនេះ កើតឡើង ដោយសារក្តីអាណិតអាសូរ និងមនសិការមនុស្សជាតិ ការជឿជាក់យ៉ាងជ្រាលជ្រៅទៅលើគុណតម្លៃនៃសាមគ្គីភាពនិងការទទួលខុសត្រូវជាអន្តរជាតិ ប៉ុន្តែបន្ថែមលើនេះ កម្ពុជាក៏ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ផ្នែកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រទៀតផង។

នៅចំពោះមុខបញ្ហាធ្ងន់ធ្ងរនៃការគំរាមកំហែងសុខភាពសកលនេះ ក្រសួងការបរទេស ច្រានចោលចំពោះការចុះផ្សាយដែលគ្មានការទទួលខុសត្រូវនិងគ្មានវិជ្ជាជីវៈផ្នែកសារព័ត៌មាន ដោយយោងសេចក្តីថ្លែងការណ៍ផ្លូវការមួយចំនួនរបស់បរទេស ដែលធ្វើឱ្យ​សាធារណជនភាន់ច្រឡំ បង្កើនការភ័យខ្លាច បង្ករសម្ពាធនិងភាពស្លន់ស្លោដែលមិនគួរមាន និងធ្វើឱ្យខូចមុខមាត់ប្រទេសកម្ពុជា៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជប៉ុន​នឹង​ចាប់ផ្តើម​បើក​ជ...

ដោយៈ​បូព៌​ព្រឹក​/​ភ្នំពេញ...

ស្ងាត់ៗ​ក្រុមហ៊ុន​ចិន​សុំ...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...

​វណ្ណដា តារាចម្រៀង​រ៉េ​ប ...

ដោយៈ ដេប៉ូ / ភ្នំពេញៈ វណ្...

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់...

​ដោយៈ សុផល / ភ្នំពេញៈ លោក...