ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមបានអំពាវនាវ ស្នើដល់ប្រជាពលរដ្ឋដែលត្រូវការទទួលសេវាតម្រូវការផ្សេងៗនោះ គឺសូមអញ្ជើញទៅកាន់រដ្ឋបាលឯកភាពក្រុងស្រុកសរុបចំនួន ១០ របស់ខ្លួន។ ដោយមិនចាំបាច់ទៅពឹងពាក់អ្នកដទៃឳ្យជួយរត់ការទេ គឺមានមន្រ្តីជួរមុខគ្រប់វិស័យរង់ចាំទទួលនៅទីនោះ។

នេះជាការអំពាវនាវរបស់លោក អ៊ុន ចាន់ដា ក្នុងពិធីសម្ពោធឧប្បដ្ឋានសាលាមួយខ្នងដែលមានតម្លៃជាង ៣៣ម៉ឺន ដុល្លារក្នុងវត្តស្រែវាល ភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២០។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា កំណែទម្រង់ចុងក្រោយរបស់រាជរដ្ឋាភិបាល គឺកំណែទម្រង់វិមជ្ឈកាល និងវិសហមជ្ឈកាលដែលផ្តល់ដល់ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់តាមរយ:អង្គភាព-ការិយាល័យច្រកចេញ ចូល តែមួយខេត្ត ក្រុងស្រុក។ ជាអង្គភាព ការិយាល័យមួយដែលមានសេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ដោយក្រសួង មន្ទីរនានា បានធ្វើប្រតិភូកម្មមុខងារមកឳ្យមន្រ្តីច្រកចេញចូលតែមួយ ជាអ្នកផ្តល់សេវាជំនួស។ ដែលសេវាទាំងនោះភាគច្រើនកន្លងមកនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយឥឡូវបានខិតជិតពួកគាត់វិញ។

លោកបានមានប្រសាសន៍បន្ថែមថា យើងបានប្រែក្លាយជារដ្ឋបាលឯកភាពមួយ គឺរដ្ឋបាលក្រុងស្រុកតែមួយនោះ។ ចាប់ពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវការសេវាដូចជា សាងសង់សំណង់ ផ្សេងៗ ស្នើសុំធ្វើអ្វីមួយដែលពាក់ព័ន្ធនឹងរដ្ឋបាល គឺសូមនាំគ្នាមកកាន់សាលាក្រុងស្រុកដោយខ្លួនឯង។ ដោយពុំចាំបាច់ពឹងពាក់អ្នកដទៃរតការជំនួសទៀតទេ។

លោកបានមានប្រសាសន៍បន្តថា នៅទីនោះ(សាលាក្រុងស្រុក)មានមន្រ្តីជួរមុខរង់ចាំទទួលបំពេញឯកសារជូនរួចហើយ កំណត់ពេលវេលាមកទទួលយកសេវានោះវិញ។ សេវានោះទៀតសោតជាសេវាស្របច្បាប់ ដែលកាលពីមុនយើងតែងតែបារម្ភពីការផ្តល់សេវាមិនចំគោលដៅ ធ្វើឳ្យប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋដែលនាំឳ្យមានការថ្នាំងថ្នាក់ដល់អាជ្ញាធរ ឬរាជរដ្ឋាភិបាលនោះ។ ដោយសារកាលនោះ មិនមែនជាសេវាប្រមូលផ្តុំ គឺជាសេវាបែកខ្ញែកគ្នាដែលនាំឳ្យមានអំពើពុករលួយ៕/B