មន្ត្រី​ជំនាញៈ ស្រោមអនាម័យ​នៅតែ​ប្រសើរ​បំផុត​សម្រាប់​សុវត្ថិភាព​សុខភាព​

226
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានលើកឡើង​អំពី​គុណប្រយោជន៍ និង ភាព​នៅតែ​ចាំបាច់ នៃ ការប្រើប្រាស់​ស្រោមអនាម័យ ថា “ ការប្រើប្រាស់​ស្រា​ម​អនាម័យ​បាន​ទៀងទាត់ និង ត្រឹមត្រូវ នាំមក​នូវ​សុវត្ថិភាព​ខ្ពស់​រហូតដល់​ទៅ ៩៨ ភាគរយ​សម្រាប់ ៣ ករណី គឺ ៖ ទី .១ ការពារ​ការឆ្លង​មេរោគ​អេដស៍ ទី ២. ការពារ​ការឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ និង ទី ៣. ការពារ​ការ​មាន​ផ្ទៃពោះ​ដែល​មិនមែនជា​ការចង់បាន ហើយ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ កម្ពុជា​បាន​បញ្ជៀ​ស​នូវ​ការឆ្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ប្រមាណ​ជា ៩ សែន នាក់ និង ការពារ​មនុស្ស​ប្រមាណ ៦ សែន​នាក់ ពី​ការស្លាប់​ដោយសារ​ជំងឺអេដស៍ “ ។


​លោក ឈឹម ឃិន​ដា​រ៉េត បាន​កត់សម្គាល់ថា បច្ចុប្បន្ននេះ​ខណៈ​ស្រោមអនាម័យ​ងាយ​រកបាន ហើយ​ការរើសអើង ឬ ការ​ចំអក​លែបខាយ ឬ ទស្សនៈ​អវិជ្ជមាន ចំពោះ​អ្នកទិញ ឬ មាន​ស្រោមអនាម័យ​ជាប់​នឹង​ខ្លួន គឺ​មិនមាន​ទៀត​ទេ ប៉ុន្តែ​អ្វីដែល​នៅតែ​ជា​ឧបសគ្គ គឺ​បុគ្គល​ខ្លួនឯង​ទេ ដែល​នៅតែ​អៀនប្រៀន​ចំពោះ​ការទិញ​ស្រោមអនាម័យ ឬ ការ​មាន​ស្រោមអនាម័យ​ជាប់​នឹង​ខ្លួន ។​


​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២០ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ប្រចាំ​តំបន់​អាស៊ី បាន​ប្រារព្ធ ទិវា​ស្រោមអនាម័យ​អន្តរជាតិ នៅឯ​មាត់ទន្លេ​ក្រុង តា​ខ្មែរ ក្រោម​ប្រធានបទ ស្រោមអនាម័យ តែងតែ​ទាន់សម័យ ដែល​ជាការ​ក្រើនរំឭក​ដល់​សាធារណជន​ថា មេរោគ​អេដស៍​/ ជំងឺអេដស៍ នៅតែ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​ទាំងមូល ដោយ​រួមទាំង​កម្ពុជា​ផងដែរ ដែល​គេ​នៅតែ​មិនទាន់​អាច​ធ្វេសប្រហែស​ចំពោះ​មេរោគ​អេដស៍ ឬ ជំងឺអេដស៍ នេះ​បាន​នៅឡើយ ។​


​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង ៧ ក្នុង​លោក ដែល​ក្នុងនោះ​មាន បុ​ត​ស្វា​ណា ចក្រភព​អង់គ្លេស អ៊ី​ស្លង់ ដា​ណឺ​ម៉ាក ស៊ុយ​អ៊ែត និង សិង្ហ​បុរី ដែល​បានសម្រេច​គោលដៅ​៩០-៩០-៩០ ដែល​មានន័យថា ទី ១ ៩០ ភាគរយ នៃ អ្នក​សង្ស័យថា មាន​ផ្ទុកមេរោគ​អេដស៍​ដឹង​ពី​ស្ថានភាព ជំងឺអេដស៍​របស់ខ្លួន​, ទី ២. ៩០ ភាគរយ នៃ​អ្នក​ដែល​ដឹង​ពី​ស្ថានភាព ផ្ទុកមេរោគ​អេដស៍ បានទទួល​ការព្យាបាល ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង ៣ . ៩០ ភាគរយ នៃ អ្នក​ដែល​ទទួល​ការព្យាបាល នឹង​រក​មិនឃើញ​មេរោគ​អេដស៍ នៅក្នុង​ឈាម​។​


​ទោះយ៉ាងណា កម្ពុ​ជាមាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ ៧ ម៉ឺន ២ ពាន់​នាក់​ក្នុងនោះ​អ្នកទទួលបាន​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ប្រមាណ​ជាជាង ៦ ម៉ឺន​នាក់ ខណៈ​ប្រមាណ​ជា ១ ម៉ឺន​នាក់ គេ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​អ្នក​ទាំងនោះ អាច​នឹង​ចម្លង​ទៅ​អ្នកដទៃ​បាន​គ្រប់ពេលវេលា ។


​ហេតុនេះ​លោក ឈឹម ឃិន​ដា​រ៉េត បាន​សំណូមពរ​ដល់​សាធារណជន​ថា ការ​មាន​ដៃគូ​រួមភេទ មួយ​នឹង​មួយ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ហើយ​ប្រសិនបើ​រួមភេទ​ជាមួយ​អ្នក​ដែល​មិនមែនជា​ដៃគូ​របស់ខ្លួន ដាច់ខាត​ត្រូវតែ​ប្រើ​ស្រោមអនាម័យ ១០០ ភាគរយ និង ឱ្យបាន​ត្រឹមត្រូវ ។


​លើសពីនេះ​ទៅ លោក ឈឹម ឃិន​ដា​រ៉េត បាន​សំណូមពរ​ថា ចំពោះ​អ្នក​ដែល​សង្ស័យថា ខ្លួន​បាន​ឆ្លង​មេរោគ​អេដស៍ សូមកុំ​លាក់​មុខ កុំ​ខ្មាសអៀន កុំ​ស្ទាក់ស្ទើរ សូម​រូតរះ​ទៅពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ ដើម្បី ទទួលបាន​សេវា​ព្យាបាល​ទាន់ពេលវេលា ដែល​សេវា​ទាំងនោះ ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ និង រក្សា​សម្ងាត់​ជូន ១០០ ភាគរយ ។ ម្យ៉ាងទៀត ការទទួលបាន​សេវា​ព្យាបាល ធ្វើឱ្យ​ពួកគេ​មាន​សុខភាព​ដូច​មនុស្ស​ធម្មតា ព្រោះ កម្ពុជា មាន​ថ្នាំ​ព្យាបាល​ស្ទើរតែ​ជា​ដាច់ ១០០ ភាគរយ ។ ផ្ទុយទៅវិញ​ប្រសិនបើ​មិនបាន​ព្យាបាល​ទាន់ពេលវេលា​ទេនោះ អាច​នឹង​ចម្លង​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន ហើយ​ធ្វើឱ្យ​សុខភាព​របស់ខ្លួន​ងាយ​នឹង​ទៅជា​ដុនដាប ដែល​ពេលនោះ​អាច​នឹង​យឺត​ពេល ហើយ​ជំងឺអេដស៍​មិនអាច​លាក់បាំង​បានជា​រៀងរហូត​ឡើយ ៕ Kh

លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ( រូបៈ​ឯកសារ )
សូមកុំ​ធ្វេស​ប្រហែល​ដោយ​ការ​រំលង​ស្រោមអនាម័យ​នៅពេល​រួមភេទ​ជាមួយ​មនុស្ស​ដែលជា​មិនមែនជា​ដៃគូ​អចិន្ត្រៃយ៍ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម