រដ្ឋាភិបាលថៃកាលពីថ្ងៃចន្ទទី២៤កុម្ភៈបានគំរាមប្តឹងគណបក្សប្រឆាំងដែលទើបត្រូវបានរំលាយចោល ដោយសារតែអ្នកនាំពាក្យគណបក្សនេះកាលពីថ្ងៃអាទិត្យបានអះអាងចោទប្រកាន់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចានអូចា កាលពីនៅជាប្រមុខរបបយោធា បានជួយបិទបាំងរឿងអាស្រូវពុករលួយក្នុងមូលនិធិ1MDBរបស់ម៉ាឡេស៊ី។
គណបក្ស អនាគតឆ្ពោះទៅមុខដែលប្រឆាំងយោធាថៃ ត្រូវបានតុលាការធម្មនុញ្ញរំលាយចោលកាលពីសប្តាហ៍មុន និងសមាជិកសំខាន់ៗរបស់វាត្រូវបានហាមធ្វើនយោបាយ១០ឆ្នាំ ដោយសារតែប្រធានបក្សអោយគណបក្សខ្ចីលុយរាប់លានបាត ដែលខុសនឹងច្បាប់បោះឆ្នោត។
កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យគណបក្សអនាគតឆ្ពោះទៅមុខ នាង ប៉ាន់នីកា វ៉ានីច បានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតមួយថា របបយោធាបានធ្វើការជាមួយអតីតរដ្ឋាភិបាលម៉ាឡេស៊ីដើម្បីចាប់ខ្លួនអ្នកលួចបញ្ចេញព័ត៌មាននៅក្នុងរឿងអាស្រូវ1MDBនៅឆ្នាំ២០១៥ និងបានអនុញ្ញាតពួកឧក្រិដ្ឋជនហិរញ្ញវត្ថុធ្វើសកម្មភាពនៅក្នុងប្រទេសថៃ។
ប៉ាន់នីកា បាននិយាយថា « រដ្ឋាភិបាលយោធាចង់បានការទទួលស្គាល់អន្តរជាតិក្រោយធ្វើរដ្ឋប្រហារ…និងបានបង្កើតសម្ពន្ធភាពងងឹតមួយជាមួយម៉ាឡេស៊ី។មនុស្សតែម្នាក់គត់ដែលអាចចេញបញ្ជាទាំងនេះ គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា»។
បើតាមនាង ប៉ាន់នីកា មានភាពមិនប្រក្រតីជុំវិញការចាប់ខ្លួននិងការសារភាពរបស់សាវីយើ ចាស្តូ ជនជាតិស្វីសដែលត្រូវបានថៃចាប់ខ្លួននៅឆ្នាំ២០១៥ និងជាអ្នកទម្លាយរឿងអាស្រូវដំបូងរបស់ 1MDB។រដ្ឋាភិបាលថៃគ្រានោះក៏បានផ្តល់ការស្នាក់អាស្រ័យដល់ហិរញ្ញិកឡូវ តេក ហូ ដោយអនុញ្ញាតអោយគាត់ចូលប្រទេសថៃយ៉ាងតិច៥លើករវាងឆ្នាំ២០១៦និង២០១៨ ទោះជាជននេះមាននិវេទន៍ក្រហម(ដីកាតាមចាប់ខ្លួន)ពីសិង្ហបុរីក្តី។
ឡូវ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ននិងអាម៉េរិកចោទប្រកាន់ថាលួចលុយ៤,៥ពាន់លានដុល្លារពីមូលនិធិ1MDB ។
តែអ្នកនាំពាក្យរដ្ឋាភិបាលថៃកាលពីថ្ងៃចន្ទបានវាយបកលើនាងប៉ាន់នីកា ដោយនិយាយថាការចោទប្រកាន់របស់នាង«មិនពិតដោយធ្វើអោយសារធារណជនយល់ច្រឡំ ហើយរដ្ឋមន្ត្រីពាក់ព័ន្ធកំពុងពិចារណាចាត់វិធានការច្បាប់»។
ចំណែកលោកប្រាយុទ្ធបានឆ្លើយសំណួរអ្នកកាសែតថា «បណ្តារដ្ឋមន្ត្រីកំពុងស៊ើបអង្កេត ហើយបើមិនពិត ពួកគេអាចប្តឹង»។
ការចោទប្រកាន់នេះត្រូវបានធ្វើឡើងនៅមុនសភាថៃធ្វើការជជែកដេញដោលនិងបោះឆ្នោតសម្តែងការមិនទុកចិត្តរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចានអូចានៅថ្ងៃចន្ទទី២៤កុម្ភៈ។
គណបក្សអនាគតឆ្ពោះទៅមុខ ដែលជាបក្សធំលំដាប់ទី៣នៅក្នុងសភាថៃ ត្រូវបានតុលាការធម្មនុញ្ញរំលាយចោលកាលពីថ្ងៃសុក្រដោយសារតែការផ្តល់ឥណទានពីប្រធានបក្សរបស់ខ្លួន។
ការរំលាយបក្សនេះបណ្តាលអោយមានការថ្កោលទោសពីសំណាក់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដោយចាត់ទុកវាថាជាវិធីធ្វើអោយខ្សោយក្រុមប្រឆាំងទល់នឹងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធដែលបានចូលកាន់តំណែងលើកដំបូងក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤និងបានដឹកនាំរដ្ឋាភិបាលយោធាមួយរហូតដល់ការបោះឆ្នោតកាលពីឆ្នាំមុន៕ប្រែសម្រួល៖វាសនា
អ្នកនាំពាក្យគណបក្សអនាគតឆ្ពោះទៅមុខ នាង ប៉ាន់នីកា វ៉ានីច(ឆ្វេង) ចោទប្រកាន់លោកប្រាយុទ្ធថា បិទបាំងរឿងអាស្រូវពុករលួយរបស់ម៉ាឡេស៊ី ដោយសារតែលោកចូលកាន់តំណែងដោយការធ្វើរដ្ឋប្រហារនិងចង់បានការគាំទ្រពីអន្តរជាតិ