ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់ថាកម្ពុជានឹងមិនស្នើសុំត្រឡប់មកវិញនូវ EBA ២០% នោះទេ។សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសគោលជំហរច្បាស់ៗថាកម្ពុជានឹងមិនចរចាស្នើសុំការអនុគ្រោះពន្ធពីអឺរ៉ុបវិញនោះទេ ។ សម្តេចបានថ្លែងបែបនេះនៅសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅទីស្តីការនាយករដ្ឋមន្ត្រី។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាការសម្រេចដកការអនុគ្រោះពន្ធ ២០ ភាគរយពីកម្ពុជាគឺជារឿងរបស់សហភាពអឺរ៉ុបហើយកម្ពុជានឹងមិនធ្វើការស្នើសុំឬសម្របសម្រួលណាមួយនិយាយឱ្យខ្លីគឺមិនធ្វើតាមការចង់បានរបស់អឺរ៉ុបដើម្បីទទួលបានការអនុគ្រោះនេះមកវិញនោះទេ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសដាច់ណាត់ថាកម្ពុជាសុខចិត្តបង់ពន្ធប្រមាណ ១០០ លានដុល្លារអាមេរិកសម្រាប់នាំទំនិញទៅកាន់ទីផ្សារអឺរ៉ុប តែកម្ពុជា មិនយកអធិតេយ្យភាពរបស់ខ្លួនទៅដោះដូរជាដាច់ខាត ។
សម្តេចតេជោក៏បានផ្តាំទៅអ្នកនយោបាយនៅកម្ពុជាកុំសង្ឃឹមថាខ្មោចដែលងាប់ទៅហើយនោះវាអាចរស់ឡើងវិញអោយសោះសូមកុំរង់ចាំ ! ។សម្តេចបាន បញ្ជាក់បន្ថែមថាកម្ពុជាបានត្រៀមស្មារតីទៅលើបញ្ហាការបាត់បង់ EBA ប្រមាណជា ២០% នេះរួចរាល់ហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជាមិនអាចធ្វើតាមសហ ភាពអឺរ៉ុបបានទេ។សម្តេចក៏គូសបញ្ជាក់ដែលទំនងសំដៅទៅលើករណីលោក កឹម សុខា ដែលតុលាការកំពុងដំណើរការកាត់ទោសថា សម្តេចមិនដោះដូរដោយការដោះលែងដើម្បីទទួលបានអនុគ្រោះពន្ធមកវិញនោះឡើយ ។សម្តេចបន្តថាអ្នកដែលប្រព្រឹត្តខុសច្បាប់គឺត្រូវតែទទួលទោសតាមច្បាប់គេផ្តាច់ EBA ពីកម្ពុជាគឺជាច្បាប់របស់គេតែយើងកាត់ទោ សអ្នកដែលចង់បំផ្លាញ ជាតិរបស់យើងជាច្បាប់របស់យើង ។ មិនតែប៉ុណ្ណោះសម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងបែបចំអកទៅកាន់ក្រុមអតីតអ្នកនយោបាយបក្សប្រឆាំងថា គណបក្សសង្គ្រោះជាតិដែលងាប់ទៅហើយនោះ មិនអាចរស់ឡើងវិញបាននោះទេ ។សម្តេចសង្កត់ធ្ងន់ថាអ្វីៗមិនអាចដើរថយក្រោយវិញបានឡើយ ច្បាប់គឺច្បាប់កាត់ទោសរួចហើយ គឺត្រូវយកទៅដាក់ពន្ធនាគារ៕