តំណាងរាស្រ្តខេត្តកោះកុង ណែនាំ​អាជ្ញា​ធរឃុំជីផាតបន្តផ្តល់សេវា​សាធារណៈឲ្យបានល្អជូនពលរដ្ឋ​

ដោយ:សុផានីតា/កោះកុង ៖ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង បន្តទាមទារ ឲ្យអាជ្ញា​ធរឃុំជីផាតផ្តោតការយកចិត្តទុកដាក់ដោះស្រាយ និងផ្តល់សេវាសាធារណជូនពលរដ្ឋកាន់​តែល្អប្រសើរឡើងថែមទៀតឥតលម្អៀង ទោះបីជាជាកំពុងតែរួមគ្នាអនុវត្តហើយក៏ដោយ។

លោក ដុំ យូហៀន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកោះកុង បានគូសបញ្ជាក់ក្នុងដំណើរ​ចុះសួរសុខទុក និងស្វែងយល់ពីជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋឃុំជីផាត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ការធ្វើអំពើល្អជាមួយពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារស្នូរមួយដែលទាមទារឱ្យអាជ្ញាធរចាំបាច់យកចិត្តទុកដាក់ ដោយមិនអាចខ្វះបាន គប្បីមិនត្រូវលម្អៀងឡើយ។ អ្វីដែលត្រូវបម្រើជូនពលរដ្ឋនោះ រួមមាន៖ ការផ្តល់សេវាសាធារណៈ រក្សាបានសន្តិសុខសុវត្តិសភាពសណ្តាប់ធ្នាប់ កសាងផ្លូវថ្នល់ ស្ពានធ្វើដំណើរ និងសេវាគាំពារសង្គម ជាដើម។

អ្នកតំណាងរាស្រ្តខេត្តកោះកុង បានបន្ថែមថា លោកបានមើលឃើញពីសកម្មភាពអភិវ​ឌ្ឍន៍​ចម្រើនលើវិស័យទេសចរ ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចរស់នៅពលរដ្ឋក្នុងឃុំជីផាត ស្របពេលដែលអាជ្ញាធរមូលដ្ឋានអនុវត្តការងារជំហានៗយ៉ាងណាក្តី ក៏អាជ្ញាធរអាចទៅធ្វើបានតាមសេចក្តីត្រូវការរបស់ពលរដ្ឋម្ចាស់ឆ្នោត។ មិនដូចគណបក្សប្រឆាំងនោះទេ ពោលគឺពួកគេធ្វើនយោបាយបែបបំបែកបំបាក់ជាតិ បង្កភាពវិកវរ អសន្តិសុខ ញុះញុង់អោយបរទេសដាក់ទណ្ឌកម្មមកលើប្រទេសជាតិខ្លួន។

លោក ដុំ យូហៀន ឱ្យដឹងទៀតថា មានតែតម្លៃសន្តិភាព និងអរគុនសន្តិភាពទេ ទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ ខណៈប្រមុខរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាខិតខំរក្សាការពារ ព្រមទាំងទប់ស្កាត់រាល់ចេតនាមកចង់បំផ្លាញសន្តិភាពពីការប៉ុនប៉ងរបស់ក្រុមពួកប្រឆាំងនៅក្រៅប្រទេស។

បើតាមអ្នកតំណាងរាស្រ្តខេត្តកោះកុង ក៏សូមឱ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយពីការថែរក្សាសម្បត្តិធម្មជាតិ ជៀសវាងការលួចទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះជាទង្វើខុសច្បាប់។ តាមគោលនយោបាយ ប្រសិនរក្សាព្រៃឈើបានល្អ កម្ពុជាទាញយកប្រយោជន៍ច្រើន​ពីលក់ឧស្ម័នកាបូនពីប្រទេសធំៗ និងដៃគូអភិវឌ្ឍន៍នានា។

អំឡុងពេលចុះសិក្សាពីជីវភាពរស់នៅពលរដ្ឋ អមដំណើរជាមួយលោកអភិបាលស្រុក លោក ចំរើន ទូច ប្រធានក្រុមការងារចុះជួយឃុំជីផាត លោក ដុំ យូហៀន ជំរុញដល់អភិបាលស្រុកថ្មបាំងពិនិត្យតាមដានលិខិតបែបរដ្ឋបាលស្នើសុំ និងស្ថានភាពជាក់ស្តែងនៅត្រង់ចំណុចស្ពានអូរកី ដើម្បីធ្វើយ៉ាងណាសាងសង់ស្ពានបេតុងដ៏រឹងមាំមួយឆ្លងកាត់ទៅមកបានឆាប់រហ័ស ខណៈពលរដ្ឋលំបាកធ្វើដំណើរ ទាំងរដូវប្រាំង និងរដូវវស្សា។

ដោយឡែកទាំងលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងលោក មឹុង សុភា មេឃុំជីផាត បានទទួលយករាល់ការណែនាំរបស់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកោះកុងទៅអនុវត្តតាមតួនាទីរៀងៗខ្លួន។ ហើយថា កិច្ចខាងលើនេះ រដ្ឋបាលស្រុក និងឃុំ ប្រឹងប្រែងអនុវត្តច្រើនណាស់ហើយដែរ ឆ្លើយតបនឹងគោលនយោបាយរបស់រដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

ចំពោះការធ្វើសង់ស្ពានឆ្លងកាត់ចំណុចអូរកីនោះ ពួកគាត់ឯកភាពថា រាល់រដូវវស្សា ពលរដ្ឋពិតជាលំបាកធ្វើដំណើរឆ្លងកាត់មែន ដោយសារមានទឹកហូរខ្លាំងបង្កឱ្យប៉ះពាល់ស្ទើរតែរាល់ឆ្នាំ។ ដូច្នេះ រដ្ឋបាលស្រុកបានលើកគម្រោងសាងសងជាទំនប់លក្ខណៈបង្ហៀរទឹកបណ្តោយ៤០ម៉ែត្រ និងទទឹង៥ម៉ែត្រ គ្រាកំពុងដាក់ឱ្យដេញថ្លៃអនុវត្តនៅឆ្នាំ២០២០​នេះមុនរដូវវស្សាចូលមកដល់។

ហើយអាជ្ញាធរស្រុក និងឃុំជីផាត រំពឹងថា នៅពេលដែលទំបន់បង្ហៀរទឹកនៅចំណុចអូរកី សង់រួចរាល់ ពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរបានយ៉ាងងាយស្រួលចាប់ពីកំពងចម្លងឃុំជីផាតរហូតទៅលើឃុំថ្មដូនពៅតំបន់អេកូទេសចរធម្មជាតិជាយអារ៉ែង មិនថាតែរដូវប្រាំង ឬវស្សាទេ។ ត្បិតប្រពន្ធធ្វើដំណើរនៅមិនទាន់ស្អាតល្អក្តី។

ឃុំជីផាត មានភូមិចំនួន៤ភូមិ គឺទី១-ភូមិជីផាត ទី២-ភូមិកំលត ទី៣-ភូមិជាំស្លា និង​ទី៤ ភូមិទឹកល្អក់ប្រជាពលរដ្ឋរស់នៅសរុបជាង៦២៦គ្រួសារ ស្មើនឹង២.៥៨៧នាក់ ក្នុងនោះស្រ្តី១.២៩៧៤នាក់ ភាគច្រើនពលរដ្ឋប្រកបរបរធ្វើស្រែចម្ការ នេសាទ និងអាស្រ័យអនុផលព្រៃឈើ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular